អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុវជន​ខ្មែរ​ត្រូវ​ត្រៀម​ខ្លួន​ជ្រែក​ទីផ្សារ​ការងារ​ ពេល​អាស៊ាន​ប្រែ​ខ្លួន​ជា​សហគមន៍​តែ​មួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​​ពី​​ថ្ងៃ​​ទី​​២​ ដល់​​ថ្ងៃ​​ទី​​៥​​ខែ​​មិថុនា​រដ្ឋ​មន្ដ្រី​​អប់រំ​​របស់​​អាស៊ាន​​ទាំង​​១០​​ប្រទេស​ និង​​បណ្ដា​​ប្រទេស​​អាស៊ាន​​បូក​៣​ គឺ​​ចិន​ ជប៉ុន​ និង​​កូរ៉េ​​ខាង​​ត្បូង​ ត្រូវ​​ចូល​​រួម​​កិច្ច​​ប្រជុំ​​រដ្ឋ​មន្ដ្រី​អប់រំ​​អាស៊ាន​​លើក​​ទី​៩​ នៅ​​ខេត្ត​​សៀមរាប​។ កិច្ច​​ប្រជុំ​​នេះ​ ធ្វើ​​ឡើង​​ក្រោម​​ប្រធាន​បទ​ យុវជន​​និង​​ការ​​កសាង​​សហគមន៍​​អាស៊ាន​​។ យុវជន ត្រូវ​​បាន​​គេ​​មើល​​ឃើញ​​ថា គឺ​​ជា​​កម្លាំង​​ចលករ​​ដ៏​​សំខាន់​​មួយ​ នៅ​​ក្នុង​​ការ​​អភិវឌ្ឍ​​សង្គម​​ជាតិ​​។ ដោយ​​ឡែក​ ចំពោះ​​ការ​​ធ្វើ​​សមាហរណកម្ម​​សេដ្ឋកិច្ច​​អាស៊ាន​​នៅ​​ចុង​​ឆ្នាំ​​២០១៥​​នេះ ​តើ​​យុវជន​​កម្ពុជា​​ត្រូវ​​ត្រៀម​​ខ្លួន​​យ៉ាង​​ដូច​​ម្ដេច​​ខ្លះ​​?

ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០រូប​ជា​សមាជិក​អាស៊ាន​នៅ​ក្នុង​ជំនួបកំពូល​លើក​ទី២៤ ក្នុង​ប្រទេសភូមា ថ្ងៃទី១១ ឧសភា ២០១៤
ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០រូប​ជា​សមាជិក​អាស៊ាន​នៅ​ក្នុង​ជំនួបកំពូល​លើក​ទី២៤ ក្នុង​ប្រទេសភូមា ថ្ងៃទី១១ ឧសភា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

អាស៊ានត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​គោលដៅ​ឱប​ក្រសោប​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ ឲ្យ​ក្លាយ​ជា​សហគមន៍​ដ៏​រឹង​មាំ​មួយ លើ​វិស័យ​សេដ្ឋកិច្ច យោធា និង​វប្បធម៌​។ ប្រទេស​កម្ពុជា​ឯ​ណេះ ​វិញ បាន​ក្លាយ​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​ឆ្នាំ​១៩៩៩​។

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ នៅ​ឆ្នាំ​ចុង​២០១៥​នេះ អាស៊ាននឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​បើក​ចំហ​ឲ្យ​មាន​លំហូរ​​ទំនិញ សេវាកម្ម ​មូលធន​ និង​ទុន​វិនិយោគ​ពី​ប្រទេ​ស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ដោយ​សេរី​។ លើស​ពី​នេះ ពលរដ្ឋ​ដែល​មាន​ជំនាញ​ច្បាស់​លាស់​នៃ​ប្រទេស​អាស៊ាន នឹង​អាច​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ដោយ​សេរី​ផង​ដែរ​។

តំបន់​​អាស៊ាន​ ដែល​​មាន​​ប្រជាពល​រដ្ឋ​​ជាង​​៦០០​​លាន​​នាក់​ ត្រូវ​​បាន​​គេ​​មើល​​ឃើញ​​ថា​ ជា​​ឱកាស​សម្រាប់​​កម្ពុជា​​។ ជា​​ឱកាស​ ព្រោះ​​បើ​​តាម​​ការ​​សិក្សា​​ស្រាវ​ជ្រាវ​ ផលិតផល​​សរុប​​ក្នុង​​ស្រុក​​របស់​​កម្ពុជា​ នឹង​​កើន​​ឡើង​​៤,៥​​ភាគ​​រយ​ ការ​​វិនិយោគ​​ឯកជន​​នឹង​​កើន​​ឡើង​​ជិត​​២៥​​ភាគ​​រយ​ ហើយ​​ការ​​នាំ​​ចេញ​​របស់​​កម្ពុជា​​នឹង​​កើន​​ឡើង​​ប្រមាណ​​៥​​ភាគ​រយ​ នៅ​​ពេល​​អាស៊ាន​​ធ្វើ​​សមាហរណកម្ម​​សេដ្ឋកិច្ច​ នៅ​​ចុង​​ឆ្នាំ​​២០១៥​​នេះ​​។

អ្នក​វិភាគ​សង្គម​បាន​គូស​បញ្ជាក់​ថា យុវជន​កម្ពុជា ដើរ​តួ​នាទី​សំខាន់​ណាស់ ក្នុង​ការកសាង​សហគមន៍​អាស៊ាន ទាំង​នៅ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ កម្ពុជា​មាន​យុវជន ដែល​មាន​អាយុ​ក្រោម​២៥​ឆ្នាំ រហូត​ដល់​ទៅ​ជាង​៥២​ភាគ​រយ​។ លើស​ពី​នេះ បើ​និយាយ​ពី​ប្រជាជន​វ័យ​ក្មេង​វ័យ​ក្រោម​៣៥​ឆ្នាំ គឺ​កម្ពុជា​មាន​រហូត​ដល់​ទៅ​ជិត​៧០​ភាគ​រយ​ឯ​ណោះ​។ លក្ខណៈ​ប្រជាសាស្ត្រ​នេះ អំណោយ​ផល​ដល់​កម្ពុជា សម្រាប់​ចូល​រួម​ក្នុង​កម្លាំង​ពលកម្ម​អាស៊ាន​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​ផល​ចំណេញ​នេះ កម្ពុជា​ក៏​នឹង​ត្រូវ​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​។ ក្នុង​ចំណោម​នោះ បញ្ហា​ទីផ្សារ​ការងារ កំពុង​តែ​ក្លាយ​ទៅ​ជា​ក្ដី​បារម្ភ សម្រាប់​យុវជន​កម្ពុជា មួយ​ចំនួន​ធំ​។ ក្ដី​បារម្ភ​នោះ គឺ​ខ្លាច​ថា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នឹង​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ជ្រោះ​ជ្រៅ​មួយ ដែល​មាន​សម្រាប់​តែ​ទឹក​ហូរ​ចូល​។

មាន​ន័យ​ថា ទីផ្សារ​ការងារ​របស់​កម្ពុជា នឹង​បើក​ចំហ​សម្រាប់​យុវជន​បរទេស ប៉ុន្តែ​វា​នឹង​ប្រែ​ជា​តូច​ចង្អៀត សម្រាប់​យុវជន​ខ្មែរ​។ យុវជន​ខ្មែរ​ដែល​មិន​ទាន់​មាន​សមត្ថភាព មិន​ទាន់​មាន​ជំនាញ និង​ដែល​មិន​មាន​លទ្ធភាព​រក​ការងារ​ធ្វើ​បាន​។នៅ​ក្នុង​បរិបទ​ដូច្នេះ តើ​យុវជនខ្មែរ​​គួរ​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​ខ្លះ ដើម្បី​ជ្រែក​ទីផ្សារ​ការងារ ពេល​អាស៊ាន​ប្រែ​ក្លាយ​ខ្លួន​ជា​សហគមន៍​តែ​មួយ​?

ទី​មួយ ដំបូង​បង្អស់​គឺ​ចំណេះ​ដឹង​ផ្នែក​ភាសា​។ កន្លង​មក និន្នាការ​នៃ​ការ​ជ្រើស​រើស​រៀន​ភាសា​របស់​យុវជន​នៅ​កម្ពុជា ប្រែ​ប្រួល​ទៅ​តាម​ស្ថានភាព​ទីផ្សារ​ការងារ​។ តាំង​ពី​ដើម​មក​ហើយ យុវជន​ខ្មែរ​ផ្ដល់​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​សិក្សា​ភាសា​អង់គ្លេស និង​ចិន ដោយ​សារ​តែ​ងាយ​រក​ការងារ​ធ្វើ និង​ងាយ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​។ ប៉ុន្តែ​ក្រោយ​មក ដោយ​សារ​តែ​មាន​អ្នក​វិនិយោគ​កូរ៉េ ចូល​មក​រក​ស៊ី​នៅ​កម្ពុជា​ច្រើន យុវជន​ខ្មែរ​ក៏​បាន​ងាក​ទៅ​រៀន​ភាសា​កូរ៉េ​វិញ​។ ភាព​ពេញ​និយម​របស់​ភាសា​កូរ៉េ​បាន​ថយ​ចុះ​នា​ពេល​បន្ទាប់​មក ជំនួស​មក​វិញ​ដោយ​ភាសា​ជប៉ុន ក្រោយ​ពី​វត្តមាន​កុះករ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​។ អ្នក​ជំនាញ​បាន​លើក​ទឹក​ចិត្ត ចំពោះ​ចំណង់​រៀន​ភាសា​បរទេស​របស់​យុវជន​កម្ពុជា ប៉ុន្តែ​បាន​ណែនាំ​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ចំពោះ​ភាសា​អង់គ្លេស ដែល​ជា​ភាសា​ការងារ​ផ្លូវ​ការ​របស់​អាស៊ាន​។ ទន្ទឹម​គ្នា​នេះ យុវជន​ខ្មែរ​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​ភាសា​មួយ​បន្ថែម​ទៀត​។ ភាសា​មួយ​ណា​ក៏​បាន នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ដប់​។

ទី​ពីរ សំខាន់​​បំផុត​​គឺ​​ជំនាញ​​វិជ្ជា​ជីវៈ​​។ ដូច​​បាន​​លើក​​ឡើង​​មុន​​នេះ​​ហើយ​​ថា​ នៅ​​ពេល​​អាស៊ាន​​ធ្វើ​​សមាហរណកម្ម​ ទីផ្សារ​​ការងារ​​លែង​​មាន​​ព្រំ​ដែន​​ទៀត​​ហើយ​​។ យុវជន​​មក​​ពី​​គ្រប់​​ប្រទេស​​នៅ​​ក្នុង​​អាស៊ាន​ មាន​​ឱកាស​​ស្មើ​ៗ​​គ្នា​ ក្នុង​​ការ​​ដណ្ដើម​​យក​​ការងារ​​ល្អ​ៗ​​។ ប៉ុន្តែ ជំនាញ​​វិជ្ជាជីវៈ​​
ដែល​​​នៅ​​​មាន​​​កម្រិត​​​ គឺ​​​ជា​​​ឧបសគ្គ​​​មួយ​​​ចម្បង​​ ដែល​​​រារាំង​​​មិន​​​ឲ្យ​​​យុវជន​​​កម្ពុជា​​ ឈាន​​​ជើង​​​ចូល​​​ទៅ​​​ក្នុង​​​ទីផ្សារ​​​អាស៊ាន​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​។ ក្នុង​​​ន័យ​​​នេះ​ ក្រសួង​អប់រំ​​ និង​​​ស្ថាប័ន​​​ពាក់​​ព័ន្ធ​​​ទាំង​​​អស់​​ ព្រម​​​ទាំង​​​យុវជន​​​ខ្លួន​​​​ឯង​​​ផង​​ ត្រូវ​​​តម្រង់​​​ទិស​​​ដៅ​​​ការ​អប់រំ​​ និង​​​បណ្ដុះ​បណ្ដាល​​​ជំនាញ​​​វិជ្ជាជីវៈ​​ធ្វើ​​យ៉ាង​​ណា​​ឆ្លើយ​​តប​​ឲ្យ​​បាន​​ទៅ​​នឹង​​ក្រប​​ខណ្ឌ​​គុណវុឌ្ឍិ​ និង​​ការ​​ព្រម​​ព្រៀង​​នៅ​​ក្នុង​​ក្រប​​ខណ្ឌ​​អាស៊ាន​​។

ក្រៅ​ពី​ចំណេះ​ដឹង​ភាសា និង​ជំនាញ​វិជ្ជា​ជីវៈ យុវជន​កម្ពុជា​ក៏​ត្រូវ​បាន​ជំរុញ​ឲ្យ​បង្កើន​ការ​យល់​ដឹង​ពី​វប្បធម៌ ឲ្យ​បាន​ទូលំ​ទូលាយ​។ អាស៊ាន​ជា​បណ្ដុំ​ប្រទេស​ចំនួន​១០ ដែល​ក្រៅ​តែ​ពី​មាន​ភាសា​ខុស​គ្នា​ហើយ វប្បធម៌​ក៏​ខុស​ប្លែក​ពី​គ្នា​ខ្លាំង​ណាស់​ដែរ​។ ការ​យល់​ដឹង​ពី​វប្បធម៌​ឲ្យ​បាន​ទូលំទូលាយ ជា​ពិសេស​វប្បធម៌​របស់​ប្រទេស​ដែល​ជា​គោលដៅ​បំពេញ​ការងារ នឹង​ជួយ​ឲ្យ​យុវជន​បានច្រើន ទាំង​នៅ​ក្នុង​ការងារ និង​ការ​ប្រាស្រ័យ​ទាក់ទង​។​

ថ្វី​ត្បិត​តែ​ការ​រៀប​ចំ​ត្រៀម​ខ្លួន​នៅ​ពេល​នេះ ហាក់​ដូច​ជា​យឺត​ពេល​បន្តិច ក៏​ប៉ុន្តែ​ប្រសិន​បើ​អាច​សម្រេច​បាន​មែន​នោះ យុវជន​កម្ពុជា​នឹង​អាច​ទាញ​យក​ផល​ប្រយោជន៍​បាន​យ៉ាង​ច្រើន ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

អាស៊ាន​គឺ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ បញ្ហា​ប្រឈម​របស់​អាស៊ាន​ក៏​មាន​ច្រើន​ផង​ដែរ​។ ដូច្នេះ ប្រជាពលរដ្ឋ​វ័យ​ក្មេង​របស់​អាស៊ាន ច្បាស់​ណាស់​ថា នឹង​ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​អស់​ទាំង​នោះ​។ ហើយ​ដើម្បី​ជោគជ័យ ដើម្បី​ការ​អភិវឌ្ឍ យុវជន​អាស៊ាន ជា​ពិសេស​យុវជនកម្ពុជា ចាំ​បាច់ត្រូវ​បង្កើន​ការ​ទាក់ទង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង និង​ប្រទេស​ក្នុង​តំបន់ និង​ជា​ពិសេស គឺ​ត្រូវ​ពង្រឹង​សមត្ថភាព​ ព្រម​ទាំង​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ខ្លាំង​ក្លា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ