អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​ខ្មែរ​បាន​យាង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ឡាវ​រយៈ​ពេល​៣​ថ្ងៃ

ព្រះ​មហាក្សត្រ​ខ្មែរ​បាន​យាង​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ ជា​លើក​ទី​៣ ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៥។ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ព្រះ​អង្គ​នៅ​ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ រហូត​ដល់​ថ្ងៃ​ពុធ មិន​បង្ហាញ​កម្ម​វត្ថុ​ច្បាស់​លាស់​ទេ។

ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​
ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ © ចាន់ ស៊ីណា
ផ្សាយពាណិជ្ជកម្ម

 

ព្រះបាទ នរោត្តម សីហមុនី បាន​យាង​ចេញ​ពី​ប្រទេស​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ចន្ទ ដើម្បី​ផ្តើម​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​៣​ថ្ងៃ​នៅ​ប្រទេស​ឡាវ តាម​សំណើ​របស់​លោក​ប្រធាន​រដ្ឋ ជូមម៉ាលី សាយ៉ាសន (Choummaly Sayasone)។

មុន​នេះ​បន្តិច ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​បារាំង​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ដើម្បី​ចូល​រួម​បើក​សន្និសីទ​ពិភព​លោក​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ។ មុន​នេះ​ទៀត ពោល​គឺ​ចាប់​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃ​ទី​២២ ​ខែ​តុលា សម្ដេច​ព្រះ​បរមនាថ​បាន​យាង​ទៅ​ទី​ក្រុង​វ៉េ (Hue) និង​ទីក្រុង​ដាឡាត់ (Dalat) ដើម្បី​សម្រាក​ព្រះកាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​ តាម​សំណើ​សុំ​យាង​ពី​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម​ដែល​ជា​អ្នក​ជិត​ខាង​កម្ពុជា។

នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នាព្រឹក​ថ្ងៃ​ចន្ទ ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំដែល​ជា​ប្រមុខ​រដ្ឋ​ស្ដីទី ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជូន​ព្រះរាជ​ដំណើរ​ព្រះ​មហាក្សត្រ។

ព្រះរាជ​សារ​របស់​ព្រះករុណា នរោត្តម សីហមុនី មិន​បាន​បង្ហាញ​កម្មវត្ថុ​នៃ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ឡាវ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​ទេ ហើយ​អ្នក​នាំ​ពាក្យ​ឱ្យ​ក្រសួង​ការ​បរទេស​ខ្មែរ​ ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​រឿង​នោះ​ដែរ។

តាម​ទម្លាប់ ក្រៅ​ពី​ដើម្បី​រឹត​ចំណង​សាមគ្គីភាព​ជាមួយ​បណ្ដា​ប្រទេស​ជាមិត្ត ដំណើរ​ទស្សន​កិច្ច​របស់​ឥស្សរជន​កំពូល​ៗ​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​អះអាង​ថា​មាន​គោល​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឬ​ពហុភាគី​ក្នុង​តំបន់ ក៏​ដូចជា​ក្នុង​ពិភពលោក​ លើ​វិស័យ​ជា​ច្រើន។

បច្ចុប្បន្ន កម្ពុជា​កំពុង​ជាប់​ដៃ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​វៀតណាម ឡាវ និងថៃ ដោយ​សន្តិវិធី។ ទន្ទឹម​នឹង​នេះ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​សមាជិក​អាស៊ាន​មួយ​ចំនួន​ទៀត​ ក៏​ទំនង​ជា​អាច​ត្រូវ​ការ​តួនាទី​សម្រប​សម្រួល​របស់​កម្ពុជា​ដែរ ព្រោះ​សមាជិក​អាស៊ាន​ចុង​ក្រោយ​គេ​នេះ មិន​ចង់​ឃើញ​ប្រទេស​ជាប់​ជម្លោះ​ធ្វើ​សង្គ្រាម​នឹង​គ្នា​រឿង​ព្រំដែន​ទេ។

តាម​គម្រោង ព្រះបាទ នរោត្តម សីហមុនី នឹង​បញ្ចប់​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ព្រះអង្គ​ក្នុង​ប្រទេស​ឡាវ នៅ​ថ្ងៃ​ពុធ​ ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ