អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ខួប​ ២៥​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​តុលា​ ១៩៩១

ខុស​ប្លែក​ពី​រាល់​ឆ្នាំ ខួប​លើក​ទី​ ២៥​ឆ្នាំ​ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ទូលំ​ទូលាយ រាប់​ចាប់​តាំង​ពី​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល​ រួ​មទាំង​គណបក្ស​ប្រឆាំង​ផង។ នៅ​ថ្ងៃ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​សហការ​ជាមួយ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​រៀបចំ​ពិធី​រំលឹក​ខួប នៃ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ឯក្រសួង​ការ​បរទេស​កម្ពុជា ដោយ​បាន​លើក​ឡើង​ពី​សមិទ្ធផល​ជា​ច្រើន ក្រោយ​កិច្ច​ព្រម​ព្រៀង​ ២៥​ឆ្នាំ​មក។

ផ្សាយពាណិជ្ជកម្ម

ពិធី​អបអរ​សាទរ​ខួប​ ២៥​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឯ​ទីស្តីការ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​ ២០​តុលា​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​មាន​ការ​ចូលរួម​ពី​តួអង្គ​ និង​សាក្សី​សំខាន់​ៗ​នៃ​ដំណាក់​ចរចា​ដំបូង​ៗ ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​ឯកអគ្គ​រដ្ឋ​ទូត​លោក Jean-David Levitte ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា លោក Jean-Claude Poimboeuf និង​វត្តមាន​របស់​តំណាង​ស្ថាន​ទូត​ឥណ្ឌូនេស៊ី​ ដែល​ជា​សហប្រធាន​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស​នេះ​ផង។

នៅ​ក្នុង​សុន្ទរកថា​ស្វាគមន៍​របស់​លោក​ទេសរដ្ឋ​មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក​បាន​រំលឹក​ពី​វីរៈ​ភាព​ អ្នក​ដែល​បង្កើត​កិច្ច​ព្រម​ព្រៀង​នេះ គឺ​សម្តេច​ឪ នរោត្តម​សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន។ ក្រៅ​ពី​នេះ លោក​ទេស​រដ្ឋ​មន្ត្រី ក៏​បាន​លើក​ឡើង​ពី​សមទ្ធិផល​រយៈ​ពេល​ ២៥​ឆ្នាំ ក្រោយ​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង ដូចជា ការ​បង្កើត​សង្គម​ប្រជាធិបតេយ្យ ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ការ​បញ្ចេញ​ទ័ព​កម្ពុជា​ទៅ​រក្សា​សន្តិភាព​នៅ​ប្រទេស​មួយ​ចំនួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កម្ពុជា ក៏​កំពុង​ពង្រឹង​ខ្លួន​ឯង​ ដើម្បី​ឈាន​ទៅ​រក​សង្គម​ដ៏​ទំនើប​មួយ។

សូម​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​ ២៣​តុលា​ឆ្នាំ​ ១៩៩១ គឺ​ជា​កិច្ច​ព្រម​ព្រៀង​ ដែល​ក្រុម​ប្រដាប់​អាវុធ ៤​ភាគី​របស់​ខ្មែរ បាន​អង្គុយ​ចុះ​ហត្ថលេខា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ជាង​ពីរ​ទស្សវត្ស​នៅ​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ពិសេស គឺ​ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​កាល​ណោះ មិន​ទាន់​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ទាំង​ស្រុង​នោះ​ទេ គេ​ត្រូវ​រង​ចាំ​រហូត​ដល់​ឆ្នាំ​ ១៩៩៨។

ថ្លែង​មក​ពី​ខេត្ត​ប៉ៃលិន ដែល​ជា​អតីត​តំបន់​សមរភូមិ​ខ្មែរ​ក្រហម​កាន់​កាប់ កាល​ពី​ថ្ងៃ​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អះអាង​ថា បើ​គ្មាន​ការ​ចរចា​រវាង “សីហនុ-ហ៊ុនសែន” ជា​មុន​ទេ​នោះ គឺ​គ្មាន​ទេ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ហើយ​បើ​គ្មាន​នយោបាយ​ឈ្នះ​ឈ្នះ ក៏​គ្មាន​ដែរ សន្តិភាព​នៅ​កម្ពុជា​ដូច​ពេល​បច្ចុប្បន្ន​នេះ។

គួរ​ជម្រាប​ជូនថា ខួប ២៥​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ទូលំ​ទូលាយ​រាប់​ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ផង។ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា គ្រោង​នឹង​ប្រារព្ធ​ពិធី​នេះ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​តុលា​ខាង​មុខ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ដែរ​ថា ក្នុង​រយៈ​ពេល​ ២៥​ឆ្នាំ​មក​នេះ ភាគី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៅ​តែ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ