អានតួអត្ថបទ
កម្ពុជា-សង្គម

​រដ្ឋ​បាល​ក្រុង​កោះរ៉ុង ដំណើរ​ការ​ផ្លូវ​ការ​ជាមួយ​នឹង​ការ​រំពឹង​ថា​នឹង​មាន​សេវា​ចាំ​បាច់​ដល់​ប្រជាជន​ដូច​ជា​ដីគោក​ដែរ​

រដ្ឋ​បាល​ក្រុង​កោះរ៉ុង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ដោយ​មាន​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ច្បាស់​លាស់​មួយ ក្រោម​ការ​ចូល​រួម​ពី​អភិបាល​ខេត្ត​ព្រះ​សីហនុ លោក យន្ត មីន។ ការ​ប្រកាស​ពី​ដំណើរ​ការ​នៃ​រដ្ឋ​បាល​ដីកោះ របស់​ខេត្ត​ព្រះ​សីហនុ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ក្រុង​កោះរ៉ុង​នេះ កាល​ពី​ខែ​មករា​ឆ្នាំ​២០១៩​កន្លង​ទៅ​។ 

កោះរ៉ុង ក្នុងខេត្តព្រះសីហនុ
កោះរ៉ុង ក្នុងខេត្តព្រះសីហនុ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រោម​អធិបតី​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ រដ្ឋបាល​ក្រុង​កោះរ៉ុង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ដូច​ជា​ខេត្ត​ក្រុង​ដទៃ​ទៀត​ដែរ ដែល​ដី​កោះ​ទំហំ​ជាង​១ម៉ឺន​ហិចតា​នេះ ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក​អភិបាល នួន ប៊ុនថុល អតីត​នាយក​ទីចាត់​ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ និងលោក អ៊ួន នីត ត្រូវ​បាន​ជាប់​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​កោះរ៉ុង​។

នៅ​ក្នុង​ឱកាស​នោះ លោក យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ណែ​នាំ​ឲ្យ​គណៈ​អភិបាល​ក្រុង​កោះរ៉ុង​ទាំង​អស់ ក្នុង​មាន​អភិបាល ក្រុម​ប្រឹក្សា មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ រួប​រួម​សាមគ្គី​គ្នា ខិត​ខំ​បំពេញ​តួនាទី​ជា​មន្ត្រី​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​អភិវឌ្ឍន៍​មូល​ដ្ឋាន និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ផង​ខ្លួន​។

សូម​បញ្ជាក់​ថា ក្រុង​កោះរ៉ុង ដែល​មាន​ចំងាយ​ជាង​៣០​គីឡូម៉ែត្រ​ពី​ដីគោក​ខេត្ត​ព្រះសីហនុ រួម​មាន​សង្កាត់​ចំនួន​២ ​គឺ​សង្កាត់​កោះរ៉ុង ​និង​សង្កាត់​កោះរ៉ុង​សន្លឹម ចែកចេញជា​៥ភូមិ និង​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជិត​១ពាន់​គ្រួសារ​។ កាល​ពី​ថ្ងៃ​ទី២៩ខែមករាឆ្នាំ២០១៩ រដ្ឋា​ភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ ស្តី​ពី​ការ​បង្កើត​ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះ​សីហនុ ដោយ​ត្រូវ​កាត់​យក​សង្កាត់​ចំនួន​២ ពី​ក្រុង​ព្រះសីហនុ គឺ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ហើយ​ទីតាំង​សាលា​ក្រុង​កោះរ៉ុង ត្រូវ​ស្ថិត​នៅ​ក្នុង​កោះរ៉ុង​សន្លឹម​។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ជា​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ មិន​បាន​លើក​ឡើង​ពី​អ្វី​ដែល​ជា​ការ​បារម្ភ​ទេ សម្រាប់​ការ​គ្រប់​គ្រង​រដ្ឋបាល​មួយ​ត្រឹម​ត្រូវ​នា​ពេល​នេះ ផ្ទុយ​ទៅ​វិញ ការ​ដែល​មាន​រដ្ឋ​បាល​ក្រុង​កោះរ៉ុង​នេះ នឹង​ជួយ​ឲ្យ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ មាន​សេវា​អប់រំ សេវា​សុខភាព និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ច្បាស់​លាស់ ដូច​ជា​អ្វី​ដែល​មាន​នៅ​រដ្ឋបាល​ដី​គោក​ដូច្នេះ​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា ក្រុង​កោះរ៉ុង​គឺ​ជា​តំបន់​ទេសចរណ៍​មួយ​ប្រកប​ដោយ​សក្តា​នុពល ដោយ​សារ​មាន​ឆ្នេរ​ខ្សាច់​ស្អាត មាន​ទឹក​សមុទ្រ​ថ្លា​ឈ្វេង​គួរ​ឱ្យ​ចង់​ហែល​លេង​កម្សាន្ត ហើយ​កោះ​នេះ​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃឈើ​បៃតង​និង​មាន​បរិយាកាស​ល្អ​ខ្យល់​អាកាស​បរិសុទ្ធ ដែល​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស និង​ក្នុង​ស្រុក​យ៉ាង​ច្រើន​ផង​ដែរ​ទៅ​កំសាន្ត​នៅ​ទីនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ