អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ម្រេច​កំពត​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​និង​ការពារ​ដោយ​សហភាព​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប​បាន​ចុះ​បញ្ជី​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ​ម្រេច​កំពត ​ជា​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា នៅ​លើ​ទីផ្សារ​សហភាព​អឺរ៉ុប ដែក​មាន​សមាជិក​២៨​ប្រទេស។ ដើម្បី​រក្សា​គុណ​ភាព​និង​កេរ្តិ៍​ឈ្មោះ​នេះ អ្នក​ពាក់ព័ន្ធ​នានា ដូច​ជា​សហគម​កសិករ ពាណិជ្ជករ​ឈ្មួញ​កណ្តាល​ និង​រដ្ឋាភិបាល ត្រូវ​មាន​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត ឲ្យ​សក្តិសម​ជា​ម្ចាស់​នៃ​ផលិត​ផល​សម្គាល់​ភូមិ​សាស្ត្រ ដែល​មាន​រសជាតិ​ឈ្ងុយ ឆួល គ្មាន​គូរ​ប្រៀប។

ដំណាំ​ម្រេច​ នៅ​ក្នុង​ប្រទេសកម្ពុជា។
ដំណាំ​ម្រេច​ នៅ​ក្នុង​ប្រទេសកម្ពុជា។ RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

សហភាព​អ៊ឺរ៉ុប​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៩​កុម្ភៈ​ថ្មី​ៗ​នេះ​ថា ក្រុម​សហភាព​ជាង​២០​ប្រទេស​នេះ បាន​សម្រេច​នូវ​ការ​ចុះ​បញ្ជី​«ម្រេច​កំពត» ជា​ទំនិញ​សម្គាល់​ភូមិ​សាស្ត្រ ដែល​ផ្តល់​នូវ​កិច្ច​ការពារ​ស្រប​ច្បាប់​នៅ​ក្នុង​សហភាព​អឺរ៉ុប។ គណៈកម្មការ​អឺរ៉ុប​បាន​លើក​ឡើង​ថា​«ម្រេច​កំពត​ ឬ​Poivre de Kampot» ត្រូវ​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ជា​សូចនាករ​ភូមិសាស្ត្រ ​ការពារ​ឬ (PGI) ដែល​នេះ​ជា​ផលិត​ផល​ដំបូង​របស់​កម្ពុជា​ ដែល​ទទួល​បានការ​ទទួល​ស្គាល់​បែប​នេះ។

ជា​ការ​ពិត​កេរ្តិ៍ឈ្មោះ​របស់​ផលិត​ផល​សំគាល់​ភូមិសាស្ត្រ​មួយ ដែល​ផ្តោត​សំខាន់​ទៅ​លើ​គុណ​ភាព ឬ​ភាព​ត្រឹមត្រូវ​របស់​ផលិត​ផល​នោះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ប្រភព​នៃ​ភូមិ​សាស្ត្រ​ដើម​របស់​វា។ សូចនាករ​ភូមិសាស្ត្រ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ដែល​ជា​កន្លែង​សំបូរ​ទៅ​ដោយ​ផលិតផល កសិកម្ម ឯកទេស និង​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​ផលិត​ផល​ល្បី​ៗ​ជា​ច្រើន​ទៀត ដែល​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​កន្លែង ដែល​ជា​ប្រភព​ដើម​របស់​ពួកគេ មាន​ដូច​ជា​ការ​ហ្វេកូឡុំប៊ី ស្រាសាំប៉ាញ ឬ​តែ​ដា​ជែលលីង ជា​ដើម។

ងាក​មក​ប្រទេស​កម្ពុជា​វិញ តាម​ដែល​គេ​ធ្លាប់​ដឹង​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ខ្មែរ មាន​ច្រើន​គួរ​សម​ដែរ ដូច​ជា​ស្ករ​ត្នោត​កំពង់​ស្ពឺ ម្រេច​កំពត ធូរ៉េន​កំពត ប្រហុក​សៀម​រាប​ជា​ដើម។ ក៏​ប៉ុន្តែ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​មាន​តែ​ពីរ​មុខ​ទេ គឺ​ស្ករ​ត្នោត​កំពង់​ស្ពឺ និង​ម្រេច​កំពត។ ហើយ​ទើប​តែ​ម្រេច​កំពត​មួយ​ទេ ដែល​ទទួល​ស្គាល់​ផ្លូវ​ការ ថែម​ទាំង​មាន​ការ​ការពារ​ពី​សហភាព​អឺរ៉ុប ដូច​ដែល​បាន​ប្រកាស​នៅ​ពេល​នេះ។

ការ​ផ្តល់​តម្លៃ​នេះ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ពិត​ជា​មាន​មោទនភាព​ពេញ​លេញ​ហើយ។ ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ប្រទេស​កម្ពុជា​ក៏​ត្រូវ​មាន​ករណី​កិច្ច​ឆ្លើយ​តប​ចំពោះ​ការ​លើក​តម្កើង​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។ អ្វី​ដែល​គេ​អាច​ធ្វើ​បាន​នោះ​គឺ​ទាក់ទង​ទៅ​នឹង​កសិករ​ដោយ​ផ្ទាល់​តែ​ម្តង។ កសិករ​ដែល​មាន​ការ​បង្កើត​ជា​សហគមន៍​អ្នក​ដាំ​ម្រេច​កំពត​គប្បី​យល់​ថា ការ​ប្រកាស​ការពារ​ផលិត​ផល​សម្គាល់​ភូមិ​សាស្ត្រ​ខ្មែរ​នៅ​លើ​ទឹកដី​ ដែល​មាន​ទីផ្សារ​សម្រាប់​មនុស្ស​ប្រើប្រាស់​ជាង​៥០០​លាន​នាក់​នោះ​ គឺ​ជា​ឱកាស​មួយ​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ផលិត​នូវ​ផលិត​ផល​ម្រេច​កំពត​នេះ​ប្រកប​ដោយ​គុណភាព។

ដូច្នេះ កសិករ​នៅ​ខេត្ត​កំពត​គួរ​ប្រឹង​ប្រែង​ផលិត​ម្រេច ឲ្យ​ស្រប​ទៅ​តាម​ការ​ណែនាំ​ពី​ផ្នែក​ពាក់ព័ន្ធ ចៀសវាង​ការ​ក្លែង​បន្លំ ដោយ​យក​ម្រេច​ដែល​ដាំ​ដុះ​ពី​ខាង​ក្រៅ​ ឬ​ម្រេច​នាំ​មក​ពី​ប្រទេស​វៀតណាម​ ដែល​មិន​មាន​គុណភាព​មក​លាយ​ឡំ​គ្នា ដើម្បី​បង្កើន​បរិមាណ មិន​បាន​គិត​ពី​ទស្សនៈវិស័យ​យូរ​អង្វែង​នៃ​ផល​ចំណេញ។

ប្រតិបត្តិករ ដែល​ទ្រទ្រង់​ដល់​ការ​ដាំដុះ​ម្រេច​កំពត និង​នាំ​ផលិត​ផល​ម្រេច​នេះ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​សហភាពអឺរ៉ុប ក៏​មាន​តួនាទី​មួយ​ចំនួន​ដែរ ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ការ​ដាំដុះ​ប្រកប​ ដោយ​បច្ចេក​ទេស ត្រឹម​ត្រូវ កំណត់​ដោយ​បទដ្ឋាន​គុណភាព​មួយ​ដែល​អាច​ទទួល​យក​បាន។

ដោយ​ឡែក​ផ្នែក​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម ក៏​មាន​ចំណែក​សំខាន់​ដែរ ក្នុង​ការ​ចូលរួម អប់រំ ណែនាំ និង​ផ្តល់​បច្ចេក​ទេស​ក្នុង​ការ​ដាំដុះ ជម្រុញ​ទីផ្សារ​ សម្រាប់​កសិករ ខ្មែរ​នៅ​ខេត្ត​កំពត។ រដ្ឋ​ក៏​មាន​ភារកិច្ច​ផង​ដែរ​ក្នុង​ការ​លុប​បំបាត់​ការ​ក្លែង​បន្លំ​ម្រេច​កំពត​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ ដែល​ទទួល​បាន​ដោយ​កំរ​នេះ។

ជា​ការ​ពិត ក្រសួង​ពាណិជ្ជកម្ម ក្រោម​កំណែ​ទម្រង់​នា​អាណត្តិ​ទី​៥​នេះ អាច​ចាត់​ទុក​ថា​ជា​ការ​កំរើក​ឡើង​វិញ​នូវ​សសៃ​សសូង ដែល​ស្ពឹក​ស្រពន់​នា​ពេល​កន្លង​មក។ ក៏​ប៉ុន្តែ​គេ​នៅ​ចាំ​បាន​ថា​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សមាជិក​ពាណិជ្ជកម្ម​ពិភព​លោក​ (OMC)​កាល​ពី​ឆ្នាំ​២០០៤ កាល​ណោះ រដ្ឋ​នៅ​មិន​ទាន់​បាន​រៀបចំ​ឲ្យ​កសិករ​ខ្មែរ​ត្រៀម​លក្ខណៈ ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ។ ហើយ​មួយ​ទៀត​កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ ប្រទេស​ចិន​បាន​អនុគ្រោះ​ដល់​កម្ពុជា​ដោយ​ផ្តល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ នាំ​ចូល​ទៅ​ចិន​នូវ​មុខ​ទំនិញ​ជាង​៤០០​មុខ ក៏​ប៉ុន្តែ​កម្ពុជា មិន​មាន​លទ្ធភាព​នោះ​ទេ ដែល​នេះ​ត្រូវ​គេ​អត្ថាធិប្បាយ​ថា​ជា​ឱកាស​មួយ​ ដែល​មាន​ចន្លោះ​ប្រហោង​គួរ​ឲ្យ​សោក​ស្តាយ។

ដូច្នេះ​ភាព​អនុគ្រោះ​ខាង​ពាណិជ្ជកម្ម ដូច​ជា​ការ​លើក​កំពស់​ផលិត​ផល​ខ្មែរ​ពី​សហភាព​អ៊ឺរ៉ុប​លើ​ គុណភាព​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ម្រេច​កំពត​នា​ពេល​នេះ គួរ​តែ​មាន​ការ​ចាប់​យក​ដោយ​ត្រេកអរ​ផង​និង​ដោយ​ប្រយ័ត្ន​ប្រយែង​ផង ព្រម​ទាំង​មាន​ការ​ធានា​អះអាង​ដ៏​ធំ​ពី​សំណាក់​​រដ្ឋាភិបាល​ដែរ ដើម្បី​ជា​ទំនុក​ចិត្ត​នៅ​ក្នុង​ឱកាស​នៃ​ការ​ច្បាម​យក កេរ្តិ៍ឈ្មោះ​នេះ។ ម្យ៉ាង​ទៀត គេ​អាច​ចាត់​ទុក​ថា​នេះ​គឺ​ជា​ជោគជ័យ​មួយ របស់​ប្រទេស​កម្ពុជា តាម​រយៈ​នេះ​នឹង​អាច​ជួយ​ផ្លាស់​ប្តូរ​ដល់​ផលិត​ផល​កម្ពុជា ដែល​មាន​គុណភាព​ខ្ពស់​ផ្សេង​ៗ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ