អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បុគ្គល​ល្បី​ៗ ជា​ប្រយោជន៍​ដល់​សង្គម​គួរ​ផ្តល់​តម្លៃ​ឲ្យ​បាន​ពេញ​លេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មរណៈភាព​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក គង្គ ប៊ុនឈឿន កាល​ពី​ថ្ងៃ​ទី​១៧​មេសា​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​គេ​គិត​ឡើង​វិញ​នូវ​មរណៈភាព របស់​អ្នក​ដែល​មាន​ស្នាដៃ​ល្បី​ៗ​មួយ​ចំនួន​ទៀត​កាល​ពី​ទសវត្ស​ឆ្នាំ​៨០​និង​៩០ ដូច​ជា​លោក​ទី ជីហួត លោក មិត្ត សាខន ជា​ដើម សុទ្ធ​សឹង​ជា​អ្នកនិពន្ធ​ល្បី​ៗ​ដែរ នៅ​ក្នុង​វិស័យ​សិល្បៈ អក្សរសិល្ប៍ និង​វប្បធម៌ខ្មែរ​។ ដើម្បី​វប្បធម៌​ពន្ធរាយណ៍ ​សិល្បៈ​វិវត្ត​ទៅ​មុខ ធនធាន​បុគ្គល​ ដែល​មាន​សមត្ថភាព​ខ្ពស់ គួរ​តែ​ត្រូវ​បាន​លើក​តម្កើង និង​ឲ្យ​តម្លៃ​ប្រកប​ដោយ​ការ​ថ្នាក់​ថ្នម។

លោក គង្គ ប៊ុនឈឿន កវី​ម្ចាស់​ស្ទឹង​សង្កែ​ដ៏​ល្បី​ល្បាញ
លោក គង្គ ប៊ុនឈឿន កវី​ម្ចាស់​ស្ទឹង​សង្កែ​ដ៏​ល្បី​ល្បាញ
ផ្សាយពាណិជ្ជកម្ម

ជា​ការ​ពិត​ការ​លើក​ស្ទួយ និង​ជួយ​រុញ​ឲ្យ​សិល្បៈ វប្បធម៌​ខ្មែរ​ឈាន​ទៅ​មុខ​បាន​លុះត្រា​តែ​មាន​បុគ្គល​ដែល​មាន​សមត្ថភាព​ខ្ពស់ ដែល​ជា​មេ​គំនិត អ្នក​ដែល​បង្កើត​អ្វី​ដែលថ្មី ដែល​ប្លែក ដូចជា​កវី និពន្ធ លោកគង្គ ប៊ុនឈឿន ជា​ដើម។ ការ​បាត់បង់​អ្នក​មាន​ទេពកោសល្យ ជា​បន្ត​បន្ទាប់​អាច​បង្ហាញ​ពី​សញ្ញា​មួយ ដែល​ជា​ការ​ក្រិន​គំនិត ដូចជា​សព្វ​ថ្ងៃ​លើ​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ​ជា​ឧទាហរណ៍​ស្រាប់។

ក៏​ប៉ុន្តែ​តម្លៃ​របស់​កវី​និពន្ធ​នៅ​ពេល​ដែល​ពួក​គាត់​នៅ​រស់ ត្រូវ​គេ​មើល​ឃើញ​ថា​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខុស​ៗ​គ្នា។ ករណី​លោក​គង្គ ប៊ុនឈឿន ថ្វី​ត្បិត​តែ​លោក​មាន​ទេពកោស​ល្យ​ល្អ គ្រប់​ស្នាដៃ​បទ​ចំរៀង កំណាព្យ​អប់រំ​ និង​ប្រលោម​លោក​មនោសញ្ចេតនា ព្រម​ទាំង​ស្នាដៃ​ភាពយន្ត​ផង​នោះ ក៏​កាលៈទេសៈ​មិន​តម្រូវ​ឲ្យ​លោក​រស់នៅ​តាម​សភាវៈ​ជា​អ្នក​និពន្ធ​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ ពោល​គឺ​លោក​គង់ ប៊ុនឈឿន បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​បង្ខំ​ចិត្ត​កាល​ពី​ឆ្នាំ​២០០០ បន្ទាប់​ពី​ជក់​ជ្រលក់​ទឹក​ខ្មៅ​របស់​គាត់​សរសេរ​រឿង​ពិត​នៃ​តថភាព​សង្គម​ ដែល​មាន​ចំណង​ជើង​ថា «វាសនា​នាង​ម៉ារីណា»។

ពេល​នោះ​តម្លៃ​អ្នក​និពន្ធ និង​អ្នក​ដែល​មាន​ទេពកោសល្យ​ដទៃទៀត ត្រូវ​បាន​គេ​ដាក់​ក្នុង​កម្រិត​ទាប​មួយ គឺ​ដោយ​សារ​តែ​ការ​ប្រើប្រាស់​នូវ​គំនិត និង​បញ្ញា​ដើម្បី​ជួយ​ស្ថាបនា​សង្គម លោក​ត្រូវ​ទទួល​រង​នូវ​ការ​បារម្ភ​ផ្នែក​សន្តិសុខ​ផ្ទាល់​ខ្លួន ដោយ​មិន​មាន​គោល​នយោបាយ​ការពារ​ណាមួយ​ដល់​ជំពូក​មនុស្ស​ដែល​គេ​គិត​ថា​ជា​បញ្ញវន្ត​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​ដ៏​កម្រ។

ជាទូទៅ​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក​គង្គ ប៊ុនឈឿន ក្រៅ​ពី​ជួយ​បំពេ​អារម្មណ៍​ដល់​ពលរដ្ឋ​ខ្មែរ​ តាម​រយៈ​បទ​ចំរៀង​របស់​លោក ដែល​តែង​ឲ្យ​លោក​ស៊ិន ស៊ីសាមុត ច្រៀង ដូច​ជា​បទ​«ម្លប់​ដូង​ទី​១០ រំដួល​ដង​ស្ទឹង​សង្កែ សម្រស់​នាង​ចែវ​ទូក​ដរ» ជា​ដើម​នោះ លោក​ចូលចិត្ត​សរសេរ​ពី​តថភាព ដែល​ជា​ការ​រសើប​របស់​សង្គម និង​មាន​ប៉ះពាល់​នយោបាយ​ស្រុក​ទេស​ផង​ដែរ។ ការ​ធ្វើ​បែប​នេះ បាន​រុញ​ឲ្យ​គាត់​មាន​ទោស និង​ធ្លាប់​ជាប់​ខ្នោះ​ឃ្នាង ជា​ច្រើន​ដង​កាល​ពី​ទសវត្ស​ឆ្នាំ​៦០និង​ឆ្នាំ​៧០។

តម្លៃ​សេរីភាព​កវី​និពន្ធ​ប្រភេទ​នេះ នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​ជំនាន់​ជា​ទូទៅ មិន​មាន​ការ​ស្វាគមន៍​ឡើយ។ លើ​ចំណុច​នេះ ក៏​មាន​ការ​លើក​ឡើង​ផង​ដែរ ពី​ចំណុច​អវិជ្ជមាន​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គង្គ ប៊ុនឈឿន ដែល​ថា​គាត់​ធ្លាប់​ប្រឈម​នឹង​សុវត្ថិភាព​ជា​ច្រើន​ជំនាន់​ហើយ​លើ​ស្នាដៃ​អក្សរ​សិល្ប៍​ និង​សិល្បៈ​របស់​គាត់ ក៏​ប៉ុន្តែ​ទី​បំផុត​គាត់​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ឆ្ងាយ​ពី​ស្ទឹង​សង្កែ​ទាល់​តែ​បាន ធ្វើ​ឲ្យ​ស្ទឹង​សង្កែ​កំព្រា​ម្ចាស់​កវី និង​គ្មាន​ថ្ងៃ​វិល​មក​ជួប​ស្ទឹង​សង្កែ​ជា​រៀង​រហូត។

ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​ចាក់​ផ្សាយ​ពី​ចម្រៀង​ ដែល​លោក​គង់ ប៊ុនឈឿន​ និពន្ធ​ដ៏​ពិរោះ​រណ្តំ ពិរោះ​ដែល​អ្នក​និពន្ធ​សម័យ​នេះ​ធ្វើ​មិន​បាន។ មហា​ជន​ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​ក៏​មាន​ការ​ជជែក​គ្នា​ពី​រឿង​នេះ​ដែរ។ ស្ថានភាព​នេះ មាន​ន័យ​ថា​តម្លៃ​របស់​កវី​និពន្ធ ដូចជា លោក គង្គ ប៊ុនឈឿន ជា​ដើម​នោះ ត្រូវ​បាន​ផ្តល់​ឲ្យ​យ៉ាង​ពេញ​លេញ​ដោយ​សាធារណៈ​ជន ឬ​តម្លៃ​សម្រាប់​មនុស្ស​ជាតិ ចាប់​តាំង​ពី​គាត់​នៅ​រស់ និង​នៅ​ពេល​ដែល​គាត់​ស្លាប់​ទៅ។

ក៏​ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ តម្លៃ​ដែល​ទទួល​ស្គាល់​ថា​ជា​កវី​និពន្ធ​ដ៏​ឆ្នើម និង​ជា​វីរៈ​កវី​និពន្ធ​ដែល​គាត់​នៅ​មាន​ជីវិត​នោះ មិន​មាន​ទេ​ជា​ផ្លូវ​ការ។ ទោះ​យ៉ាង​នេះ​ក្តី ក្រសួង​វប្បធម៌​ខ្មែរ​ក៏​មិន​ដាច់​ចិត្ត​នៅ​ស្ងៀម​ដែរ។ កាល​ពី​ថ្ងៃ​អង្គារ​ក្រសួង​វប្បធម៌​បាន​សរសេរ​លិខិត​រំលែក​មរណៈទុក្ខ​មួយ​ដែរ​ដល់ ក្រុម​គ្រួសារ​សព​លោក​គង្គ ប៊ុនឈឿន ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​បាត់​បង់​នូវ​កវី​និពន្ធ​របស់​ខ្មែរ​មួយ​រូប ដែល​បាន​រួម​ចំណែក​ក្នុង​ការ​អភិរក្ស​ និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​តាម​រយៈ​ស្នាដៃ​អក្សរ​សីល​របស់​លោក។

ជាមួយ​គ្នា​នេះ អភិបាល​ខេត្ត​បាត់​ដំបង​ ភ្លាម​ៗ​បន្ទាប់​ពី​មរណភាព​របស់​លោក​គង្គ ប៊ុនឈឿន ក៏​បាន​បង្ហាញ​ពី​ចេតនា ចង់​ឲ្យ​មាន​ការ​តម្កល់​ធាតុ និង​កសាង​រូប​សំណាក​លោក​ គង្គ ប៊ុនឈឿន នៅ​ដង​ស្ទឹង​សង្កែ​ក្នុង​ខេត្ត​បាត់ដំបង​ផង​ដែរ ដើម្បី​ជា​ការ​ចង​ចាំ​ និង​រំលឹក​ដឹង​គុណ​ដល់​លោក គង្គ ប៊ុនឈឿន ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

ដូច្នេះ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​និង​ផ្តល់​តម្លៃ​ព្រម​ៗ​គ្នា ដល់​បុគ្គល​ដែល​មាន​សមត្ថភាព​ និង​ទេពកោសល្យ​លេច​ធ្លោ មិន​ថា​តែ​ផ្នែក​សិល្បៈ វប្បធម៌​ទេ វិស័យ​ផ្សេង​ទៀត​ដូចជា​ស្ថាបត្យកម្ម​ បច្ចេកទេស ជំនួញ ឬ​វិទ្យាសាស្ត្រ​ជា​ដើម​នោះ គេ​គួរ​តែ មាន​ការ​លើក​តម្កើង​និង​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ ដល់​បុគ្គល​ទាំង​អស់​នោះ​ចាប់​តាំង​ពី​ពួក​គេ​នៅ​មាន​ជីវិត​ រហូត​ដល់​ លា​ចាក​លោក​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ