អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កម្ពុជា-កូរ៉េ ចាប់​ផ្តើម​ដំណើរ​ការ​សិក្សា​ស្តី​ពី​លទ្ធ​ភាព​ ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នឹង​គ្នា​

កម្ពុជា និង​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃទី២៥​ខែវិច្ឆិកា​នេះ បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​ការ​ចាប់​ផ្តើម​ការ​សិក្សា​លទ្ធ​ភាព​ក្នុង​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី​ទ្វេ​ភាគី កម្ពុជា-កូរ៉េ​។ ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​ការងារ​បច្ចេក​ទេស​នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្ត​បន្ទាប់​លើ​នីតិ​វិធី​ចរចា​។ 

កម្ពុជា-កូរ៉េ ចាប់ផ្តើមដំណើរការសិក្សាស្តីពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា
កម្ពុជា-កូរ៉េ ចាប់ផ្តើមដំណើរការសិក្សាស្តីពីលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា @FB
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា និង​លោក​ស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កូរ៉េ​ខាង​ត្បូង នៅ​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ភាគី​កូរ៉េ ពិនិត្យ​លទ្ធ​ភាព​ជួយ​បង្កើន​ការ​បញ្ជារ​ទិញ​ទំនិញ​បន្ថែម​ពី​កម្ពុជា ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​វិនិយោ​គិន​កូរ៉េ មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​។

យោង​តាម​បណ្តាញ​ហ្វេស​ប៊ុក​ផ្លូវ​ការ​ក្រសួង​ពាណិជ្ជ​កម្ម​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តី​ពី​ការ​ចាប់​ផ្តើម​ការ​សិក្សា​លទ្ធ​ភាព​ក្នុង​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី(FTA) ទ្វេ​ភាគី កម្ពុជា-កូរ៉េ ដែល​តាម​ការ​រំពឹង​ទុក កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​នេះ នឹង​ជួយ​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ព្រម​ទាំង​បង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក ការ​នាំ​ចេញ​ទំនិញ និង​ជា​ការ​ពង្រីក​វិនិយោគ​បន្ថែម ដែល​នឹង​ចូល​រួម​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ និង​ផ្តល់ ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​មើល​ឃើញ​ថា​ការ​ស្វះ​ស្វែង​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​របស់​កម្ពុជា​ជាមួយ​ប្រទេស​កូរ៉េ គឺ​ជា​ច្រក​ថ្មី​មួយ ដើម្បី​ការពារ​ប្រព័ន្ធ​អនុ​គ្រោះ​រួម​ពី​អឺរ៉ុប (EBA) ដែល​នឹង​ត្រូវ​បញ្ចប់ នៅ​ពេល​ដែល​សេដ្ឋ​កិច្ច​កម្ពុជា​បាន​កើន​លើស​ពី​ប្រទេស​ក្រី​ក្រ​។

សូម​បញ្ជាក់​ថា ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-កូរ៉េ កាល​ពី​ឆ្នាំ​២០១៨ កន្លង​ទៅ ​មាន​ទំហំ​ប្រមាណ​ ៧៥០​លាន​ដុល្លា ដោយ​កើន​ឡើង​ប្រមាណ​១៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ទំនិញ​នាំ​ចេញ​សំខាន់ៗ​របស់​កម្ពុជា​ទៅ​កូរ៉េ រួម​មាន ផលិត​ផល​វាយន​ភណ្ឌ​សម្លៀក​បំពាក់ គ្រឿង​អេឡិច​ត្រូ​និក ស្បែក​ជើង វ៉ាលី តង់ កៅស៊ូ​ធម្មជាតិ​។ល។ ដោយ​ឡែក ទំនិញ​នាំ​ចូល​សំខាន់​របស់​កម្ពុជា​ពី​កូរ៉េ រួម​មាន រថយន្ត ក្រណាត់ ទឹក​រ៉ែ​ធម្មជាតិ គ្រឿង​អេឡិច​ត្រូ​និក គ្រឿង​ចក្រ និង​ផលិត​ផល​ថែ​រក្សា​សម្រស់​ជា​ដើម​។

សូម​រំលឹក​ដែរ​ថា នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ប្រធានា​ធិបតី​កូរ៉េ ម៊ូន ចេអ៊ីន នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៩ កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង ប្រធានា​ធិបតី​កូរ៉េ បាន​ឯក​ភាព​លើ​ការ​ជំរុញ និង​ពង្រីក​ទំហំ​ពាណិជ្ជ​កម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បាន​ណែ​នាំ​ឲ្យ​ មាន​ការ​សិក្សា​លទ្ធ​ភាព​បង្កើត​កិច្ច​ព្រម​ព្រៀង ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា-កូរ៉េ ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ