អានតួអត្ថបទ
កម្ពុជា

សត្វ​កម្រ​ជិត​ផុត​ពូជ កន្ធាយ​ក្បាល​កង្កែប ប្រឈម​មុខ​នឹង​ការ​នាំ​ចេញ​ទៅ​វៀតណាម​និង​ចិន!

សត្វ​កន្ធាយ​ក្បាល​កង្កែប នៅ​ខេត្ត​ក្រចេះ​ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់ ដោយ​សារ​តែ​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម​និង​ចិន។ នេះ​បើ​តាម​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ WCS។ កន្ធាយ​ក្បាល​កង្កែ ឬ​រមិច​ ជា​ប្រភេទ​សត្វ​កម្រ​រង​គ្រោះ​ជិត​ដាច់​ពូជ​ និង​ ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​អន្តរជាតិ​ខាង​អភិរក្ស​សត្វ​ព្រៃ​ពិភព​លោក​ IUCN។ នៅ​ស្រុក​ខ្មែរ សត្វ​ប្រភេទ​នេះ មាន​នៅ​សល់​មួយ​ចំនួន ក្នុង​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង ប៉ុន្តែ​កំពុង​ប្រឈម​នឹង​កាត់​តែ​ផុត​ពូជ​ថែម​ទៀត។

សត្វ​កន្ធាយ​ក្បាល​កង្កែប នៅ​ខេត្ត​ក្រចេះ
សត្វ​កន្ធាយ​ក្បាល​កង្កែប នៅ​ខេត្ត​ក្រចេះ @WCS
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី ​សត្វ​កន្ធាយ​ក្បាល​កង្កែប ជា​សត្វ​កម្រ ហើយ​គេ​មិន​ងាយ​នឹង​នេសាទ​បាន​ក៏​ដោយ តែ​សត្វ​នេះ ត្រូវ​អ្នក​អភិរក្ស​សត្វ ​រាយ​ការណ៍​ប្រាប់​វិទ្យុ​បារាំង RFI ​ថា វា​កំពុង​តែ​ត្រូវ​ប៉ាន់​សម្រាប់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន និង​វៀតណាម សម្រាប់​ការ​ចម្អិន​ធ្វើ​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន​ស។ នៅ​ក្នុង​ទី​ផ្សារ​ងងឹត កន្ធាយ​ប្រភេទ​នេះ លក់​បាន​កម្រិត​ថ្លៃ​គួរ​សម​ គឺ​ ក្នុង​មួយ​គីឡូក្រាម តម្លៃ​ជាង​១០​ដុល្លារ។ ហើយ​កន្ធាយ​ក្បាល​កង្កែប ដែល​ធំ​បំផុត​ ក៏​អាច​មាន​ទម្ងន់ ​រហូត​ដល់​ប្រមាណ​ជិត​៥០​គីឡូ​ក្រាម​ឯណោះ។​

សត្វ​កន្ធាយ​ក្បាល​កង្កែប អ្នក​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​ ​ច្រើន​ហៅ​ថា ល្មិច ឬរមិច តែ​ដោយ​សារ​តែ​សត្វ​កន្ធាយ​នេះ មាន​ក្បាល​ទម្រង់​ដូច​សត្វ​កង្កែប​ ទើប​គេ​ច្រើន​តែ​ហៅ​ឈ្មោះ​វា​ម្យ៉ាង​ទៀត ថា​ សត្វ​កន្ធាយ​ក្បាល​កង្កែប ទៅ​វិញ។ សត្វ​នេះ មាន​ទំហំ​ធំ​និង​រៀងរ៉ៅ​ ស្រដៀង​ដូច​សត្វ​អណ្តើក​ដែរ គ្រាន់​តែ​ស្នូក​វា​ទន់។

សព្វ​ថ្ងៃ​នេះ ក្រៅ​ពី​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដោយ​សារ​តែ​ការ​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​មនុស្ស នេសាទ​ ​ និង​ចាប់​យក​ពង​កូន​របស់​វា ហើយ​កត្តា​ធម្មជាតិ​ប្រែ​ប្រួល​អាកាសធាតុ ក៏​ធ្វើ​ឲ្យ​ពង​កូន​របស់​វា​ងាប់ ឬ​មិន​ញាស់​ថ្មី ព្រម​ទាំង​ប្រឈម​មុខ​នឹង​សត្វ​ដទៃ​ផ្សេង​ៗទៀត​ ​ស៊ី​ពង​កូន​របស់​វា​ផង​ដែរ។

ទាំង​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​លោក ស៊ុន យឿន មន្ត្រី​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​របស់​អង្គការ​ WCS។ បើ​តាម​មន្ត្រី​ជំនាញ ប្រភេទ​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ មាន​វត្តមាន​ភាគ​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍ តួ​យ៉ាង ​នៅ​កម្ពុជា​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ជិត​ខាង​ ដូចជា ថៃ ឡាវ​ វៀតណាម ភូមា​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន ហើយ​ក្រៅ​ពី​នេះ មាន​មួយ​ចំនួន នៅ​ចិន ឥណ្ឌា បង់ក្លាដែស និង​ប៉ាពូ​អាស៊ី​ហ្គីណេ។

ដោយ​យល់​ឃើញ​ពី​តម្លៃ​នៃ​សត្វ​កម្រ​ជិត​ផុត​ពូជ អង្គការ​អភិរក្ស​អន្តរជាតិ CI បាន​ធ្វើ​កិច្ចការ​ថែរក្សា​អភិរក្ស​សត្វ​នេះ នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង​ អស់​ជាង​១០​ឆ្នាំ​មក​ហើយ។ ទើប​តែ​ឆ្នាំ​២០១៧​នេះ ត្រូវ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ WCS ត្រូវ​បន្ត​កាន់​គម្រោង​អភិរក្ស​នេះ​បន្ត។ ចំណែក​ មន្ទីរ​រដ្ឋបាល​ជលផល​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន ​ក៏​បាន​ផ្តើម​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ ដោយ​បាន​ចូល​រួម​ព្រលែង​សត្វ​កន្ធាយ​នេះ ប្រមាណ​១៥០​ក្បាល​ឲ្យ​ចូល​ទៅ​នៅ​ក្នុង​ធម្មជាតិ​វិញ នៅ​ថ្ងៃ​ទៅ​២១​មិថុនា​នេះ។

សូម​ជម្រាប​ថា គេ​ពុំ​ទាន់​អាច​មាន​ទិន្នន័យ​ច្បាស់​លាស់​ពី​ចំនួន​សត្វ​នេះ ថា​មាន​ប៉ុន្មាន​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​ជា​ការ​សរុប​ រហូត​មក​ឆ្នាំ​២០១៧​នេះ គេ​បាន​រក​ឃើញ​សម្បុក​ពង​កូន​របស់​វា​ ចំនួន​ជិត​៣៨០​កន្លែង ដែល​ត្រូវ​បាន​ជួយ​ការពារ ហើយ​វា​បាន​ញាស់​កូន និង​បាន​ត្រូវ​ព្រលែង​ឲ្យ​រស់​នៅ​ក្នុង​ធម្មជាតិ ចំនួន​ជាង​ ៨​ពាន់​ ៥​រយ កូន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ