អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ឬ​ក៏​និស្សិត ជុំវិញ​បញ្ហា​ទីផ្សារ​ការងារ​នៅ​កម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កង្វះ​ទីផ្សារ​ការងារ​សម្រាប់​និសិ្សត​ ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​នៅ​កម្ពុជា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ មិន​មែន​ជា​រឿង​ថ្មី​ ព្រោះ​ថា​មាន​និស្សិត​កម្ពុជា​មិន​តិច​នោះ​ទេ ដែល​គ្មាន​លទ្ធភាព​នឹង​រក​ការងារ​ធ្វើ​នៅ​ពេល​ ដែល​ខ្លួន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ។ និស្សិត​មួយ​ចំនួន​ត្អូញត្អែរ​ថា ទីផ្សារ​ការងារ​នៅ​កម្ពុជា​តូច​ចង្អៀត ម្លោះ​ហើយ​ទើប​ពួក​គេ​ត្រូវ​ប្រឈម​មុខ និង​ការ​អត់​ការ​ងារ​ធ្វើ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខាង​ក្រុម​និយោជក ដែល​ជា​ម្ចាស់​ក្រុមហ៊ុន និង​ស្ថាប័ន​នានា បែរ​ជា​ចេញ​មក​រអ៊ូ​រទាំ​ដែរ​ថា​ ខ្លួន​ពិបាក​ស្វែង​រក​ និង​ជ្រើសរើស​បុគ្គលិក​ ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​មក​ធ្វើ​ការ​ទៅ​វិញ។ តើ​អ្វី​ទៅ​ជា​បញ្ហា​ពិត​ប្រាកដ​នៅ​ក្នុង​រឿង​នេះ?

រូបភាពចាស់៖ អ្នកវិភាគផ្នែកការងារពុំសូវមានជំនឿរចិត្តថាយុវជនកម្ពុជានឹងអាចដណ្តើមទីផ្សារការងារអាស៊ានបានច្រើននោះទេ
រូបភាពចាស់៖ អ្នកវិភាគផ្នែកការងារពុំសូវមានជំនឿរចិត្តថាយុវជនកម្ពុជានឹងអាចដណ្តើមទីផ្សារការងារអាស៊ានបានច្រើននោះទេ ©​ ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម

កន្លង​មក​វិទ្យុ​បារាំង​ធ្លាប់​បាន​វិភាគ​ជូន​លោក​អ្នក​ស្តាប់​ម្តង​រួច​មក​ហើយ​ពី​គម្លាត​ការងារ​រវាង​និយោជិត ដែល​ជា​សិស្ស​និស្សិត​កម្ពុជា និង​និយោជក ដែល​ជា​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​នានា។ បញ្ហា​នៅ​ត្រង់​ថា និស្សិត​មួយ​ចំនួន​ត្អូញត្អែរ​ថា​គ្មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់។ រីឯ​ម្ចាស់​ក្រុមហ៊ុន​និង​ថៅកែ​វិញ​រអ៊ូ​ថា​ពិបាក​រក​បុគ្គលិក​ ដែល​មាន​សមត្ថិភាព​ធ្វើ​ការងារ​ឲ្យ​ខ្លួន​ទៅ​វិញ។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន បាន​ទទួល​ស្គាល់​ការ​គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា​ពិត​ជា​នៅ​មាន​កម្រិត អញ្ចឹង​ហើយ​ទើប​បច្ចុប្បន្ន​នេះ លោក​ខិតខំ​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ណា ឲ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា​រឹងមាំ​ឡើង​វិញ។ ប៉ុន្តែ​ទន្ទឹម​នឹង​កំណែ​ទម្រង់​របស់​ក្រសួង លោក​រដ្ឋ​មន្ត្រី​ក៏​បាន​រំលឹក​ទៅ​ដល់​និស្សិត​គ្រប់​រូប​ផង​ដែរ​ថា ការ​សិក្សា​គ្មាន​អ្នក​ណា ​អាច​រៀន​ជំនួស​បាន​ឡើយ អញ្ចឹង​មាន​តែ​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ដោយ​ខ្លួនឯង​ទើប​ទទួល​បាន​ចំណេះ​ដឹង​ពិត​ប្រាកដ។

ភាព​ធូរ​រលុង និង​គ្មាន​ច្បាប់​ទម្លាប់​នៅ​តាម​មហាវិទ្យាល័យ​មួយ​ចំនួន បាន​ជួយ​ទាញ​ទម្លាក់​គុណភាព​សិក្សា​របស់​សិស្ស​និស្សិត​ខ្មែរ ខណៈ​ដែល​និស្សិត​ខ្លួន​ឯង​ផ្ទាល់​ក៏​បណ្តែត​បណ្តោយ​ការ​សិក្សា​របស់​ខ្លួន​ទៅ​តាម​នោះ​ដែរ។ មាន​និស្សិត​ជា​ច្រើន​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ហើយ​មិន​ចេះ​ទាំង​ភាសា​អង់គ្លេស និង​កុំព្យូទ័រ។ នេះ​និយាយ​តែ​ពី​ជំនាញ​រឹង​តែ​ប៉ុណ្ណោះ។ ដោយឡែក​ជំនាញ​ទន់ ដែល​មាន​ដូចជា​ផ្នែក​ទំនាក់​ទំនង ការ​ធ្វើ​ការ​ជា​ក្រុម ការ​រៀន​អភិវឌ្ឍ​បុគ្គល​លក្ខណៈ​ដោយ​ខ្លួន​ឯង​ជា​ដើម​នោះ ក៏​និស្សិត​ខ្មែរ​នៅ​ខ្វះខាត​ដែរ។

«ចេះ​ប្រាកដ ប្រាក់​រត់​តាម​ហៅ» រាល់​អ្វី​ដែល​បាន​លើក​ឡើង​ពី​ខាង​លើ មិន​មែន​មាន​ន័យ​ថា និស្សិត​កម្ពុជា​សុទ្ធ​តែ​គ្មាន​សមត្ថិភាព​ធ្វើ​ការ​ឲ្យ​គេ​ទាំង​អស់​នោះ​ទេ។ មាន​និស្សិត​មិន​តិច​នោះ​ទេ ដែល​មាន​គេ​ត្រូវ​ការ ហើយ​ក៏​ត្រូវ​បាន​អញ្ជើញ​ទៅ​ ធ្វើ​ការ ជាមួយ​នឹង​ប្រាក់​ខែ​ខ្ពស់​ថែម​ទៀត​ផង។ បុគ្គលិក​ដែល​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ ហើយ​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ​ទៀត​នោះ មិន​ដែល​រអ៊ូ​ថា គ្មាន​ការងារ​ធ្វើ​នោះ​ទេ គឺ​មាន​តែ​គ្មាន​ពេល​បែង​ចែក​ពេលវេ​លា ធ្វើ​ការ​ឲ្យ​គេ​ទៅ​វិញ​នោះ​ទេ។

មាន​យុវជន​ខ្មែរ​មួយ​ចំនួន រហូត​មាន​ឱកាស​ជ្រើសរើស​កន្លែង​ណា​ដែល​ខ្លួន​ចង់​ធ្វើការ ហើយ​រើស​ទាំង​ថ្នាក់​ដឹក​នាំ​ ដែល​ខ្លួន​ចង់​រៀន​សូត្រ​តាម និង​គោរព​ស្រលាញ់​ថែម​ទៀត​ផង។ ប៉ុន្តែ​ដើម្បី​អាច​ចាប់​យក​ឱកាស​ទាំង​អស់​នេះ​បាន យុវជន​ខ្លួន​ឯង​ត្រូវ​ប្រាកដ​ថា​ខ្លួន​ពិត​ជា​មាន​សមត្ថិភាព និង​ទទួល​យក​ការងារ​អស់​ទាំង​អស់​នោះ ហើយ​និង​ចេះ​សម្រប​ខ្លួន​បាន​គ្រប់​កាលៈទេសៈ និង​បរិយាកាស​ការងារ ហើយ​អាច​នឹង​ចុះ​សម្រុង​ជាមួយ​នឹង​ក្រុម​ការងារ និង​ចេះ​បត់បែន​ធ្វើ​ការងារ​ជាមួយ​មនុស្ស​គ្រប់​ជំពូក។

«ចេះ​មក​ពី​រៀន មាន​មក​ពី​រក» យុវជន​ខ្មែរ​គួរ​តែ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា ហើយ​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​ផ្តើម​ចេញ​ពី​ការ​ទំនាក់​ទំនង និង​រៀន​បង្កើត​បណ្តាញ​ល្អៗ​ នៅ​ក្នុង​សង្គម។ ត្រូវ​ស្វែង​យល់​ពី​ព័ត៌មាន និង​ហេតុការណ៍​នានា​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម ទើប​ជួយ​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ត្រឹមត្រូវ។

ជា​ពិសេស​នោះ​មិន​ត្រូវ​រំលង​ចោល​ភាសាអង់គ្លេស និង​ចំណេះ​ដឹង​ប្រើប្រាស់​កុំព្យូរទ័រ​ និង​អ៊ីនធឺណិត ដែល​ជា​ចំណេះ​ដឹង​យ៉ាង​ចំបាច់​បំផុត​សម្រាប់​ការងារ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ហើយ​ចំណេះ​ដឹង​អស់​ទាំង​នេះ​ ក៏​ជា​មធ្យោបាយ​នាំ​យុវជន​ខ្មែរ​ ទៅ​រក​កន្លែង​ការងារ​មួយ​ដែល​ល្អ ហើយ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ផង​ដែរ។ កន្លង​មក​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹក​ជញ្ជូន​ថ្មី លោក​ ស៊ុន ចាន់ថុល ក៏​ធ្លាប់​បាន​ក្រើន​រំលឹក​ឲ្យ​និស្សិត​ខ្មែរ​ខិតខំ​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​បាន​គ្រប់គ្នា​ផង​ដែរ ដើម្បី​ពង្រីក​ចំណេះ​ដឹង និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​អភិវឌ្ឍន៍​សង្គម​ខ្មែរ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ