អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បណ្ដាញ​​សង្គម ​មិន​​មែ​ន​​​ជា​តំបន់​​ដែល​​គ្មាន​​ច្បាប់​​គ្រប់​​គ្រង​​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ពេល​កន្លង​មក​ ​យុវជន​យ៉ាង​ហោច​ណាស់​ពីរ​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​សារ​តែ​សំណេរ​ ដែល​ខ្លួន​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Facebook។ ជា​ការ​ពិត​ហើយ​ថា ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ គឺ​ជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញ​មតិ​របស់​មនុស្ស​គ្រប់​គ្នា​។ ប៉ុន្តែ​សេរីភាព​នេះ មិន​មែន​ជា​សេរីភាព​ដាច់​បង្ហៀរ គ្មាន​ដែន​កំណត់​នោះ​ទេ​​។ ច្បាប់ នៅ​តែ​មាន​វិសាលភាព​ធំ​ល្មម សម្រាប់​​ដាក់​ទោសទណ្ឌ​ចំពោះ​ការ​ប្រើ​ប្រាស់ Facebook លើស​​ដែន​កំណត់​។ ដូច្នេះ អ្នក​​ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម គួរ​តែបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សំណេរ​និង​ការ​បង្ហោះ​រូបភាព​វីដេអូ​របស់​ខ្លួន​​។ ប្រយ័ត្ន ធ្វើ​ម៉េច​កុំ​ឲ្យ​​​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ ដែល​អា​​ច​នាំ​ទៅ​ដល់​​រឿង​ក្ដី​ក្ដាំ ការ​ផាក​ពិន័យ ឬ​អាក្រក់​ជាង​នេះ គឺ​គុក​ច្រវ៉ាក់​​។

រូបតំណាង​បណ្ដាញ Facebook
រូបតំណាង​បណ្ដាញ Facebook
ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​​ប្រើ​ប្រាស់​អ៊ីនធឺណែត​​នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​​គំហុក​នៅ​ក្នុង​រយៈ​ពេលប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ របាយការណ៍របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​បង្ហាញ​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​នៅ​កម្ពុជា មានប្រមាណ៥​លាន​នាក់ គិត​ត្រឹម​ដើម​ឆ្នាំ​​២០១៥។ ចំនួន​នេះ​ហក់​ឡើង​ប្រមាណ​១៦​ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០​។

ប្រជាពលរដ្ឋ​កម្ពុជា ងាក​មក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណែត ព្រោះ​វា​មាន​លក្ខណៈ​សេរី និងទូលំ​ទូលាយ​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត ដូច​ជា​វិទ្យុ ទូរទស្សន៍ និង​កាសែត​ជា​ដើម​ ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច​។ បណ្ដាញ​សង្គម​ច្រើន​ប្រភេទ ជា​ពិសេស​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​បាន​ទទួល​ការ​និយម​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត។

បណ្ដាញ​សង្គម Facebookនេះ ​បាន​ផ្លាស់​ប្ដូរ​បែប​ផែន​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​ទំនាក់​ទំនង​នៅកម្ពុជា​។ តាមរយៈ Facebook អ្នក​ប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ អាច​​ចែកចាយ និង​ទទួល​បាន​ព័ត៌មាន​​យ៉ាង​ឆាប់រហ័ស។ Facebook ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម និង​នយោបាយ​ផងដែរ។

ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​មួយ​ចំនួន បាន​ប្រើ​ប្រាស់ Facebook ដើម្បី​រិះ​គន់ ដើម្បីជេរ​ប្រមាថ ឬ​ដើម្បី​បរិហារ​កេរ្តិ៍​។ អ្នក​ខ្លះ​ ប្រើ​ប្រាស់​បណ្ដាញ​សង្គមដោយអារម្មណ៍​​ជ្រុល​និយម​ដោយ​កំរោល ដោយ​​កំហឹង និង​ដោយ​គ្មាន​ក្រម​សីលធម៌ បង្កើត​ឲ្យមាន​ជម្លោះ​បែក​ផ្សែង​តាម​បណ្ដាញ​សង្គម​​។ អ្នក​ខ្លះ​ទៀត បង្ហោះ​ឬ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​ជា​មុន បង្ក​ជា​ភាព​ចលាចល​។ ធ្ងន់​ធ្ងរ​ជាង​នេះ អ្នកខ្លះថែម​ទាំង​បាន​បង្ហោះ​រូបភាព​កាត់​ត​អាស​អាភាស ឬ​រូបភាព​កាត់​តអសីលធម៌​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ កិត្តិយស​របស់​អ្នក​ដទៃ​។

សង្កេត​តាម​រយៈ​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​មាន​អ្នក​ប្ដឹង មនុស្ស​មិន​តិច​នាក់​ទេ​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​រ៉ាវ​ក្ដីក្ដាំ​ ផ្អែក​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ ​ទាំង​ដែល​កម្ពុជា​នៅ​មិនទាន់​មាន​​ច្បាប់​ស្ដី​ពី​​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ Cybercrime Law ផង អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ធ្លាប់​បាន​ប្រឈម​មុខ​នឹង​ការ​កាត់ទោស ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​រួច​ទៅ​ហើយ​។

ជាក់​ស្ដែង ក្នុង​ខែ​សីហា ឆ្នាំ​២០១៥​នេះ យុវជន​យ៉ាង​ហោច​ណាស់​ពីរ​​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​សារ​តែ​សំណេរ​ ដែល​ខ្លួន​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Facebook។ ម្នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​របស់​តុលាការ ក្រោយ​ពី​បាន​ប្រកាស​ធ្វើ​បដិវត្ត​​ពណ៌​។ ចំណែក​ម្នាក់​ទៀត​ត្រូវតុលាការ​ផាក​​ពិន័យ​៣​លាន​រៀល និង​បង្គាប់​ឲ្យ​សង​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​៣​លាន​រៀល ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​​។ ដោយ​ឡែក បទ​ល្មើស​ផលិត​និង​ចែក​ចាយ​រូបភាព​អាសអាភាស​ដែល​សមត្ថកិច្ច​រក​ឃើញ​ក្នុង​ឆ្នាំ​២០១៥​នេះ ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ដោយ​ចំពោះ​អ្នក​ដែល​បង្ហោះ​រូបភាព​អាសអាភាស​របស់​មិត្ត​ស្រី​ខ្លួន​លើ​បណ្ដាញ​សង្គម Facebook។ ក្នុង​នោះ នៅ​ក្នុង​ខេត្ត​កណ្ដាល សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់ នៅ​ថ្ងៃ​ទី​២២​សីហា។ ម្នាក់​ទៀត នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី​០៩​សីហា​។ ចំណែក​យុវជន​ម្នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ខែ​ឧសភា​កន្លង​ទៅ ដោយ​សារ​តែ​បាន​ចែកចាយ​រូបភាពនិង​វីដេអូ​អាសអាភាស​តាម​បណ្ដាញ​សង្គម Facebook និង​គេហទំព័រ ដើម្បី​ស្វែង​រក​ប្រាក់​តាម​អ៊ីនធឺណែត។

ជាង​មួយ​ឆ្នាំ​មុន ពោល​គឺ​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤​កន្លង​ទៅ ពិធីការនី​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ និង​ត្រូវ​ផាក​ពិន័យ​ប្រាក់​ចំនួន​២​លាន​រៀល ព្រម​ទាំង​សង​ជំងឺ​ចិត្ត​ដើម​បណ្ដឹង​ចំនួន​៥លាន​រៀល ដោយ​សារ​តែ​ពិធីការិនី​រូប​នោះ បាន​រិះ​គន់​ដើម​បណ្ដឹង​ជា​សាធារណៈ​ លើ​បណ្ដាញសង្គម​​ហ្វេសប៊ុក​។ ករណី​នេះ​ត្រូវ​បាន​តុលាការ​កម្ពុជា ចាត់​ចូល​ជា​បទ​ល្មើសព្រហ្មទណ្ឌ ដោយ​អះអាង​ថា ខ្លឹម​សារមតិ​តាម​បណ្ដាញ​អ៊ីនធឺណែត ស្រដៀង​នឹង​សកម្មភាព​ផ្ទាល់​នៅ​ក្រៅ​បណ្ដាញ​សង្គម​ផង​ដែរ​។

ចំណាត់​ការ​ផ្លូវ​ច្បាប់​​ជា​បន្ត​បន្ទាប់នេះ គឺ​ជា​សារ​ព្រមាន​មួយ ទៅ​ដល់អ្នក​​​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សំណេរ​និង​ការ​បង្ហោះ​រូបភាព​វីដេអូ​របស់​ខ្លួន​​។ ជា​ការ​ពិតហើយ​ថា ការ​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម Facebook គឺ​ជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញ​មតិ​របស់​មនុស្ស​គ្រប់​គ្នា​។ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់ត្រូវ​តែ​ចងចាំ​ឲ្យ​បាន​ច្បាស់​ថា Facebook មិន​មែន​ជាតំបន់​ដែល​គ្មាន​ច្បាប់​គ្រប់​គ្រង​ទេ​។ រាល់​ពាក្យ​សម្ដី ឬ​ក៏​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​មិន​សមរម្យ ក៏មិន​គួរ​មាន​វត្តមាន​នៅលើ Facebook ដែរ​។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមត្រូវ​តែ​ពិចារណា​ឲ្យ​ច្បាស់ មុន​នឹង​បញ្ចេញសកម្មភាព​នៅ លើ​បណ្ដាញ​សង្គម ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ និង​កុំ​ឲ្យ​នាំ​រឿង​ក្ដៅ​ក្រហាយ​ដល់​ខ្លួន​ឯង​។ មុន​ពេល​ជឿ ចែក​រំលែក ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ត អ្នក​ប្រើ​ប្រាស់​ត្រូវ​ប្រើ​ពេល​ពិចារណា​​ឲ្យ​បានម៉ត់ចត់ និង​ត្រូវ​​ស្វែង​រក​ឬស​គល់​នៃ​ព័ត៌មាន​ជា​មុន​សិន​​។ ព្រោះ​ថា ​កាល​ណា​​នៅ​ពេល​ទិន្នន័យ​ទាំង​នេះ មាន​វត្តមាន​នៅ​លើ Facebook ហើយ វាពិត​ជា​មាន​ការ​ពិបាក​នឹង​ដក​ចេញ​ណាស់ ដោយ​សារ​តែ​លទ្ធភាពនៅ​ក្នុង​ការ​ថត​ចម្លង ការ​បញ្ជូន និង​ការ​ផ្ទេរ គឺ​គ្មាន​ដែន​កំណត់​ទេ​។

ដោយ​ឡែក ចំពោះ​ការ​បញ្ចេញ​មតិ ឬ​ជជែក​ពិភាក្សា​​នៅ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​គួរ​តែ​ពេល​វេលា​គិត និង​វិភាគ​ជា​មុន​ មុន​នឹង​បញ្ចេញ​មតិ​។ ប្រសិន​បើ​មាន​មតិ​ផ្ទុយ​ពី​គ្នា គេ​គួរ​វាយ​ប្រហារ​គ្នា​ដោយ​គំនិត មិន​ត្រូវ​វាយ​ប្រហារ​ទៅ​កាន់​បុគ្គល​ផ្ទាល់​ ដោយ​ការ​ជេរ​ប្រមាថ​នោះ​ទេ​។ ការ​ប្រើប្រាស់​ពាក្យ​ជេរ​ប្រមាថ​អ្នក​ដទៃ មិន​មែន​ជា​ការ​បញ្ចេញ​មតិ​ផ្ទុយ​ទេ ហើយ​ទង្វើ​នេះ​​អាច​ប្រឈម​មុខ​នឹង​ការ​ប្ដឹង​ផ្ដល់​ថែម​ទៀត​​។ មិន​ថា​នៅ​កម្ពុជា ឬ​នៅ​ប្រទេស​ណា​ៗ​ទេ បណ្ដាញ​សង្គម​គួរ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ហេតុ​ផល មិន​មែន​ដោយ​អារម្មណ៍​មួយ​ឆាវ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ