អានតួអត្ថបទ
កម្ពុជា

អ្នកស្រី​ កែវ មុំ​ ជា«អ្នក​គ្រប់គ្រង​ប្រចាំឆ្នាំ»​និង​ជា​ម្ចាស់«សហគ្រាស​ល្អ​បំផុត»

អ្នកស្រី កែវ មុំ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​លីលី​ផលិត​នំ​ស្រួយ​នៅ​កម្ពុជា ​បាន​ទទួល​ពានរង្វាន់​ «អ្នក​គ្រប់​គ្រង​ប្រចាំ​ឆ្នាំ» និង​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ ដែល​បាន​ទទួល​ពាន​រង្វាន់ «សហគ្រាស​ល្អ​បំផុត»​ពី​ប្រទេស​អង់​គ្លេស​ផង​ដែរ។ ពិធី​ប្រគល់​ពានរង្វាន់​ទាំងពីរ​របស់​ស្ថាប័ន ​យូរ៉ុប ​ប៊ីស្ស៊ីនីស ​អាស្សឹមប្ល៊ី ​(Europe Business Assembly)​នៅ​ទីក្រុង​អុកស្វឺត (Oxford) ​បាន​ប្រពឹត្ត​ទៅ​ ចំ​ថ្ងៃ​ទី​២១ ​ខែ​មេសា ​ឆ្នាំ​២០១៥ ​កន្លង​ទៅ ​នាទី​ក្រុងឡុងដ៍។ ​អ្នកស្រី ​កែវ មុំ ​ដែល​ទើប​ត្រឡប់​មក​ដល់​ទីក្រុង​ភ្នំពេញ​វិញ ​យប់មិញ​ ពន្យល់​អំពី​ដំណើរ​ដែល​នាំ​ឱ្យ​អ្នកស្រី​ទទួល​បាន​កិត្តិយស​ដូច្នេះ។

អ្នកស្រី ​កែវ មុំ​ ដែល​ជាម្ចាស់ក្រុមហ៊ុន​នំស្រួយលីលី​នៅកម្ពុជា​ កាន់​ពានរង្វាន់​ នៅ​ប្រទេស​អង់គ្លេស។
អ្នកស្រី ​កែវ មុំ​ ដែល​ជាម្ចាស់ក្រុមហ៊ុន​នំស្រួយលីលី​នៅកម្ពុជា​ កាន់​ពានរង្វាន់​ នៅ​ប្រទេស​អង់គ្លេស។ LyLy Food/FB
ផ្សាយពាណិជ្ជកម្ម

 

ស្ត្រី​ម្ចាស់​ក្រុមហ៊ុន​លីលី​ផលិត​នំស្រួយ​ បាន​ទទួល​ពានរង្វាន់​អន្តរជាតិ​ «អ្នកគ្រប់​គ្រង​ប្រចាំឆ្នាំ» ​ពីចក្រភព​អង់គ្លេស។ ​សហគ្រាស​របស់​អ្នកស្រី ​កែវ មុំ ​ក៏​បាន​ទទួល​ពាន​រង្វាន់​«សហគ្រាស​ល្អ​បំផុត»​ ពី​ប្រទេស​នេះ​ផង​ដែរ។

ពិធី​ប្រគល់​ពានរង្វាន់​ទាំងពីរ​ជូន​ស្រ្តី​ខ្មែរ​អាយុ​៤១​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២១ ​ខែ​មេសា ​ឆ្នាំ​២០១៥ ​នៅ​ទីក្រុងឡុងដ៍​ នៃ​ប្រទេស​អង់គ្លេស។

ជា​យូរ​មកហើយ​ សហគ្រិនខ្មែរ​ជាច្រើន​ទៀត​មិន​សូវ​ហ៊ាន​បោះ​ទុនវិនិយោគ​លើ​ការ​ផលិត​ទំនិញ​ឱ្យ​ដល់​កម្រិត​អន្តរជាតិ​ឡើយ។ ​អ្នកស្រី ​កែវ មុំ ​ដែល​ទើប​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ កាល​ពី​យប់មិញ​ បាន​ពន្យល់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​អ្នក​ស្រី​ហ៊ាន​វិនិយោគ​លើ​ផលិតផល​ចំណី​អាហារ​នៅ​កម្ពុជា​ឱ្យ​ដល់​កម្រិត​អន្តរជាតិ​ដូច្នេះ៖
ឃ្លីប៖ កែវ មុំ

សូម​បញ្ជាក់​ថា​ អ្នកស្រី ​កែវ​ មុំ​ គឺ​ជា«អ្នក​គ្រប់គ្រង​ប្រចាំឆ្នាំ»ម្នាក់​ ក្នុង​ចំណោម​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ល្បី​ៗ​៤០​រូប​ មក​ពី​៣២​ប្រទេស​លើ​ពិភពលោក​ ដែល​បាន​ទទួល​ពានរង្វាន់​លំដាប់​កំពូល​នេះ។

សហគ្រាស​ផលិត​នំ​ស្រួយ​លីលី​របស់​អ្នកស្រី ​គឺ​ជា​សហគ្រាស​មួយ​ក្នុង​ចំណោម​សហគ្រាស​ពីរ​របស់​កម្ពុជា ​ដែល​បាន​ទទួល​ពាន​រង្វាន់«សហគ្រាស​ល្អ​បំផុត»។ ​សហគ្រាស​មួយ​ទៀត​របស់​កម្ពុជា​នោះ​គឺ​រដ្ឋាករ​ទឹក​ស្វ័យយ័ត​ក្រុង​ភ្នំពេញ ​ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ