អានតួអត្ថបទ
កម្ពុជា

ម្ចាស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អះអាង​ពី​សុវត្ថិភាព​ម៉ាស៊ីន​ដក​ប្រាក់​ ក្រោយ សាលា​ក្រុង​ ចង់​ឲ្យ​ពង្រឹង​សុវត្ថិភាព​បន្ថែម​ទៀត

២៤​ម៉ោង ក្រោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ផ្សព្វផ្សាយ​ពី គំនិត​ផ្តួច​ផ្តើម លុប​បំបាត់​ម៉ាស៊ីន​ដក​ប្រាក់​ (ATM) នៅ​តាម​ទី​សាធារណៈ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ សង្រ្គាម​ប៉ាក​កា រួម​នឹង​ប្រតិកម្ម​តាម​បណ្តាញ​សង្គម​ជា​ច្រើន​នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​ជា សាលា​ក្រុង​បាន​បដិសេធន៍​ចំពោះ​ព័ត៌មាន​នេះ​ក៏​ដោយ។ មន្រ្តី​សាលា​ក្រុង​ចង់​ឲ្យ​ម្ចាស់​ធនាគារ ដែល​ដាក់​តាំង​ទូ ATM គួរ​ពង្រឹង​សុវត្ថិភាព និង​ទទួល​ខុស​ត្រូវ​ច្រើន​ជាង​មុន។ តែ​ម្ចាស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អះអាង​ថា ATM របស់​ពួក​គេ ទោះ​បី​បញ្ឈរ​នៅ​លើ​ទីតំាង​ឯកជន និង​សាធារណ​ក្តី សុទ្ធ​តែ​មាន​ប្រព័ន្ធ​សុវត្ថិភាព​រឹង​មាំ​ស្រាប់​ហើយ។​

ម៉ាស៊ីន​ដក​ប្រាក់ (ATM) របស់​មីក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា។
ម៉ាស៊ីន​ដក​ប្រាក់ (ATM) របស់​មីក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា។
ផ្សាយពាណិជ្ជកម្ម

បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន មាន​ជា​អាទិ៍ Fresh News, កោះ​សន្តិភាព ជា​ដើម បាន​រាយការណ៍​ថា ក្នុង​កិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ មីនា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ថា ម៉ាស៊ីន​ដក​ប្រាក់ (ATM) គួរ​តែ​លុប​បំបាត់ មិន​ឲ្យ​ដាក់​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ បើ​មិន​មាន​អ្នក​ការពារ អ្នក​មើល​ថែ បង្ក​ឲ្យ​មាន​បទ​ល្មើស។ កាសែត បាន​ភ្ជាប់​បំណង​លុប​បំបាត់ ម៉ាស៊ីន​ដក​ប្រាក់ របស់ លោក អភិបាល​រាជធានី​ភ្នំពេញ ទៅ​នឹង​ ​ហេតុការណ៍​បំផ្ទុះ​ ទូរ​ម៉ាស៊ីន​ដក​ប្រាក់ ​ATM មួយ នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ​២០១៧ ដែល​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល។

ក្រោយ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​ពលរដ្ឋ និង​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក អភិបាល​រងរាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ពុធ​នេះ​ថា គ្មាន​ការ​លុប​បំបាត់​ ម៉ាស៊ីន​ដក​ប្រាក់ ក្នុង​រាជធានី​ភ្នំពេញ ដូច​ការ​ផ្សព្វផ្សាយ​ខុស របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​នោះ​ទេ​។ លោក​អភិបាល​រង​ បន្ថែម​ថា សាលា​រាជធានី​ភ្នំពេញ​ គ្រាន់​តែ​ស្នើ​សុំ​ឲ្យ ម្ចាស់​ធនាគារ ដែល​ដាក់​តាំង​ទូ ATM នៅ​តាម​ទី​សាធារណៈ គួរ​មាន​ទំនួល​ខុស​ត្រូវ និង​គិត​គូរ​ពី​បញ្ហា​សន្តិសុខ​របស់​អ្នក​ទៅ​ដក​ប្រាក់​ កុំ​ដាក់​ចោល​គ្មាន​អ្នក​ការពារ នាំ​ឲ្យ​មាន​ហានិភ័យ។ បើ​តាម លោក មាន ចាន់យ៉ាដា ដើម្បី​រក្សា​សុវត្ថិភាព​ទូរ​ម៉ាស៊ីន​ដក​ប្រាក់ សាលា​ក្រុង រួម​ទាំង ម្ចាស់​ធនាគារ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​នៅ​លើ​ទី​តាំង​ស្នើ​សុំ​ដាក់​តាំង​ទូរ​ម៉ាស៊ីន​ដក​ប្រាក់​ ដើម្បី​ពង្រឹង​សុវត្ថិភាព​ម៉ាស៊ីន​ដក​ប្រាក់។​

លោក ហួត អេងតុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន សមាជិក​សរុប ៨៣ គ្រឹះស្ថាន​ឯកជន បញ្ជាក់​ថា ម៉ាស៊ីន ATM បាន​ជួយ​ច្រើន​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពិសេស​ផ្តល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​ពលរដ្ឋ ដើម្បី​ដក​ប្រាក់ របស់​ពលរដ្ឋ ដែល​បាន​ផ្ញើ​នៅ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ។ លោក ហួត អេងតុង យល់​ថា ហេតុការណ៍​បំផ្ទុះ ទូរ​ម៉ាស៊ីន​ដក​ប្រាក់ ATM កន្លង​មក​ គ្រាន់​តែ​ជា រឿង​ចៃដន្យ​ប៉ុណ្ណោះ ហើយ​មិន​អាច​យក​ប្រាក់​ចេញ​ពី ម៉ាស៊ីន​បាន​ឡើយ ពោល​គឺ គ្រាន់​តែ​ខូច​ខាត​គ្រឿង​បន្លាស់​អេឡិចត្រូនិច​ខាង​ក្រៅ​ប៉ុណ្ណោះ​ពី​ព្រោះ ក្នុង​ម៉ាស៊ីន​ដក​ប្រាក់​ មាន ទូរ​ដែក​មួយ​យ៉ាង​រឹងមាំ​ដើម្បី​ការពារ​ប្រាក់​អថិជន។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ នៃ​ធនាគារ​ អេស៊ីលីដា ដែល​មាន​ការិយាល័យ​ចំនួន ២៣៦ ទូ​ទាំង​ប្រទេស ​បញ្ជាក់​ថា គ្រប់ ម៉ាស៊ីន​ដក​ប្រាក់​ចល័ត Automated Teller Machine (ATM) របស់ ធនាគារ​អេស៊ីលីដា គឺ​ដាក់​បញ្ឈរ​នៅ​លើ​ទីតាំង​ឯកជន ហើយ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​គ្រប់​គ្រាន់។ មាន​សុវត្ថិភាព​ពី​ព្រោះ គ្រប់​ម៉ាស៊ីន ATM ទាំង​អស់ សុទ្ធ​តែ​មាន​កាម៉េរ៉ា​ថត​សកម្មភាព ព្រម​ទាំង​មាន​ប្រព័ន្ធ​ចាប់​រូបភាព ដែល​អាច​ឃ្លាំ​មើល​ពី​ទី​ស្នាក់​ការ​កណ្តាល ២៤​ម៉ោង​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក អ៊ិន ចាន់នី បន្ថែម​ថា កង​កម្លាំង​សមត្ថកិច្ច​សាធារណ គួរ​តែ​ជួយ​ការពារ​បន្ថែម​ទៅ​នឹង​វិធាន​ការ​ការពារ​របស់​គ្រឹះស្ថាន​ឯកជន ដែល​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​រួច​រាល់។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុជា ថ្លែង​សាទរ​ចំពោះ​ការ​ផ្តួច​ផ្តើម​ជជែក​រក​ដំណោះ​ស្រាយ​រួម​មួយ​ដើម្បី​ផ្តល់​សុវត្ថិភាព​បន្ថែម​ទៀត​ដល់ ម៉ាស៊ីន​ដក​ប្រាក់ រវាង​សាលា​ក្រុង និង​ម្ចាស់​ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប៉ុន្តែ​សមត្ថកិច្ច​សាធារណៈ​ក៏​គួរ​តែ​ពង្រឹង​គុណភាព​សេវា​សាធារណ​បន្ថែម​ទៀត​ដូច​គ្នា​ដែរ។ លោក ផ្តល់​យោបល់​ថា ដើម្បី​រួម​ចំណែក​ដល់​ការ​ការពារ​សុវត្ថិភាព ទូរ​ATM និង​អ្នក​ដក​ប្រាក់ សាលា​ក្រុង គួរ​តែ​ពង្រីក​ការ​ដាក់​ភ្លើង​បំភ្លឺ​នៅ​តាម​ទីសាធារណ​ឲ្យ​បាន​ច្រើន​ជាង​មុន បន្ត​ដាក់​ពង្រាយ​សមត្ថកិច្ច​ដើរ​ល្បាត​ទី​ក្រុង ឲ្យ​បាន​ញឹក​ញាប់ និង​អនុវត្ត​វិធានការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ពេល​យប់ គួរ​ធ្វើ​ឲ្យ​បាន​សកម្ម​ជាង​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ