អានតួអត្ថបទ
កម្ពុជា

ក្រសួង​​ព័ត៌​មាន៖ ​គ្រប់​​ទូរទស្សន៍​​ទាំង​​អស់​​មិន​​អាច​​ផ្សាយ​​រឿង​​បរទេស​​នៅ​​ម៉ោង​​មាស

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់ នឹង​មិន​អាច​ចាក់​ផ្សាយ​ភាពយន្ត ឬ​វណ្ណកម្ម​បរទេស​នៅ​ម៉ោង ៧​យប់ ដល់​៩​យប់​ទេ ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ វិច្ឆិកា តទៅ។ ការ​បញ្ឈប់​មិន​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​វណ្ណកម្ម​បរទេស​នៅ​ចន្លោះ​ម៉ោង​៧​យប់ ដល់​៩យប់ គឺ​ដើម្បី​ចូល​រួម​លើក​ស្ទួយ​វណ្ណកម្ម​ខ្មែរ​ឡើងវិញ​។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

“យើងខ្ញុំ​បាន​រៀបចំ​ជា​លិខិត​មួយ ដោយសារ​តែ​មាន​ការ​រអ៊ូរទាំ ឬ​ក៏​ការ​រិះគន់​ច្រើន​ ដែល​មាន​ទូរទស្សន៍​ច្រើន​ណាស់​ដែល​ចាក់​តែ​កុន​បរទេស​ហួស​ហេតុ​ពេក។ តែ​ឥឡូវ​នេះ យើង​បាន​សម្រេច​ និង​សុំ​ឲ្យ​ទូរទស្សន៍​ទាំង​អស់​ គឺ​ពី​ម៉ោង​៧(យប់) ដល់​ម៉ោង​៩(យប់) គឺ​ឲ្យ​ផ្សាយ​តែ​ផលិតកម្ម ដែល​ផលិត​ក្នុង​ស្រុក ដើម្បី​លើក​តម្កើង​ការងារ​របស់​យើង​ផង ​ក៏​ដូចជា​លើក​តម្កើង​មោទនភាព​ជាតិ​យើង​ខ្លះ​ផង។” ​នេះ​គឺ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​លោក​ ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក្រោយ​ពី​កិច្ច​ប្រជុំ​សម្រេច​បង្កើត​គណៈកម្មការ ការងារ​សោតទស្សន៍​ នៅ​ថ្ងៃ​ទី២៥ កញ្ញា​នេះ នៅ​ក្រសួង​ព័ត៌មាន។ ការ​អនុវត្ត​សេចក្តី​សម្រេច​នេះ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆកា ឆ្នាំ​២០១៥នេះ​តទៅ។ តែ​បើ​ស្ថានីយ៍​ណាមួយ​មិន​អនុវត្ត​នោះ ក្រសួង​នឹង​ដក​ហូត​អាជ្ញាប័ណ្ណ។

លោក ​ឆាយ​ បូរ៉ា ​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ​និង​ជា​ផលិតករ​មួយ​រូប​ផងនោះ ​បាន​បញ្ជាក់​ប្រាប់វិទ្យុបារាំង​ថា ​លោក​មាន​ការ​ត្រេកអរ​នឹង​ការ​សម្រេច​របស់​ក្រសួង ​ដែល​គោរព​គោល​ជំហរ​របស់​ផលិតករ ​និងសិល្បៈករ​ក្នុង​សុ្រក ​ហើយនេះ​ក៏​ជា​ចំណុច​ចាប់ផ្តើម​មួយ​របស់​ផលិតករ ​និង​សិល្បៈករ​ក្នុង​ស្រុក​ទាំងអស់​ផងដែរ។​ យ៉ាងណាមិញ ​កន្លង​មក​លោក​ក៏​ធ្លាប់​បាន​ស្នើ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​នានា ​ហើយ​កាល​ពីពេល​ថ្មី​នេះទៀត​សមាគម​របស់​លោក​ក៏​បាន​ដាក់​លិខិត​ទៅ​កាន់​រដ្ឋាភិបាល ​ដើម្បី​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ។

ផលិតករ​រូបនេះ ​បន្ថែម​ថា ​បើទោះ​បីជា​មាន​វិធានការ​បែប​នេះ​ក្តី ប៉ុន្តែ​ផលិតករ ​និងសិល្បៈករ​ខ្លួនឯង​ផ្ទាល់​ត្រូវតែ​ចូលរួម​ពង្រឹក​គុណភាព​វណ្ណកម្ម​ភាពយន្ត ​និង​ទេព្យកោសល្យ ​ដើម្បី​ឆ្លើយ​តប​នឹង​គុណភាព ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ។​ ខ្សែ​ភាពយន្ត​ភាគ​បរទេស​កន្លង​មក​មិនមាន​គុណភាព​ខ្ពស់ រហូត​ដល់​ធ្វើ​ឲ្យ​ផលិតករ​ខ្មែរ​ផលិត​មិន​បាន​នោះ​ទេ ​ពោល​គឺ​យើង​អាច​ធ្វើបាន​។ លោក​នឹង​ក្រុម​ផលិតករ​ រួម​ទាំង​សិល្បៈករ​ផងនោះ ​នឹង​ធ្វើការ​ថ្លែង​អំណរគុណ​មួយ​ចំពោះ​រដ្ឋាភិបាល ​និង​ក្រសួង​ពាក់ព័ន្ធ។

ចំណែក ​អគ្គនាយករង​នៃ​ស្ថានីយ​ទូរទស្សន៍​ថ្មី ​PNN​ លោក ​សោម ​ឆាយ៉ា ​បាន​បញ្ជាក់​ថា ​ជា​ការ​ពិត​ទូរទស្សន៍ PNN​ត្រូវ​តែ​អនុវត្តន៍​នូវ​សេចក្តី​សម្រេច​របស់​ក្រសួង ​ទោះ​ចង់ ​ឬ​មិនចង់​។ ​តែ​លោក​ចង់​ឲ្យ​ក្រសួង​ពិចារណា​ បើក្រសួង​ចាប់ផ្តើម​អនុវត្ត​ហាម​មិន​ឲ្យ​ភាពយន្ត​ភាគ​បរទេស​ផ្សាយ​រយៈ​ពេល​២ម៉ោង​ នោះ​គ្រប់​ស្ថានីយទូរទស្សន៍ ​ដែល​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​អាច​នឹង​ពិបាក​រក​ចំណូល​។ លោក ​សោម ​ឆាយ៉ា​ ចង់​ឲ្យ​ក្រសួងព័ត៌​មាន​អនុវត្ត​លើក​ទី១ ​ក្នុង​រយៈ​ពេល​តែ​១ម៉ោង ​ពោល​គឺ​ចាប់​ពី​ម៉ោង ៧យប់​ ទៅ​ម៉ោង៨​យប់ ​ហើយ​បើទោះបី​ជា​អនុវត្ត​ទាំង​២ម៉ោង ​នោះ​សុំ​ឲ្យ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​អនុវត្ត​សេចក្តី​សម្រេច​នេះ​ដូច​គ្នា។​

សូមបញ្ជាក់​ថា​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​ជាពិសេស​រឿង​ភាគថៃ​បាន​ធ្វើ​ឡើង​វិញ ​នៅ​ចុង​ឆ្នាំ២០១៣​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​មិន​ឲ្យ​ចាក់​ផ្សាយ​រឿង​នេះ ​តាំង​ពី​ថ្ងៃ​ទី ​២៨​ ខែ​មករា ​ឆ្នាំ​២០០៣​មក​ដោយ​សារ​តែ​មាន​អំពើហិង្សា​មួយ​របស់​ក្រុម​បាតុករ​ខ្មែរ ​វាយ​កំទេច​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ