អានតួអត្ថបទ
កម្ពុជា-ដីធ្លី

​ក្រសួង​ទេស​ចរណ៍ គ្រោង​ស្នើ​កញ្ចប់​ថវិកា​ពិសេស ដើម្បី​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឡើង​វិញ​

ក្រសួង​ទេសចរណ៍ នឹង​ដាក់​សំណើ​សុំ​កញ្ចប់​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល​ ដើម្បី​កែ​លម្អ​ផ្លូវ​ថ្នល់​និង​លូ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​រង​ការ​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់ លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ នៅ​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ពិគ្រោះ​យោបល់ រិះ​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរ ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​០១​ខែ​តុលា​។ 

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំដើម្បីពិគ្រោះយោបល់ រិះរកវិធីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យទេសចរ  ក្នុងខេត្តព្រះសីហនុ
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំដើម្បីពិគ្រោះយោបល់ រិះរកវិធីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យទេសចរ ក្នុងខេត្តព្រះសីហនុ @ក្រសួងទេសចរណ៍
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​រង​ការ​រិះ​គន់​ថា ខេត្ត​ព្រះសីហនុ ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​របស់​កម្ពុជា កំពុង​បាត់​បង់​សោភ័ណភាព និង​មាន​ភាព​អនាធិបតេយ្យ, រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ អះអាង​ថា ក្រសួង នឹង​ស្នើសុំ​កញ្ចប់​ថវិកា​ពិសេស​មួយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​កែលម្អ ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូ និង​បរិស្ថាន​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង ដើម្បី​លើកមុខ​មាត់​វិស័យ​ទេសចរណ៍​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ជា​ពិសេស​កសាង​សង្គម​ប្រកប​ដោយ​បរិស្ថាន​ល្អ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​នៅពេល​ខាងមុខ​។ ​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កាលពីថ្ងៃទី០១​ខែតុលា លោក ថោង ខុន ក៏​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​ការ​ប្រមូល​សំរាម និង​កាក​សំណល់​នៅ​ក្នុង​ទីក្រុង។ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​ បាន​គូស​បញ្ជាក់​ទៀត​ថា ការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​ឱ្យ​មាន​លក្ខណៈ​ធម្មជាតិ ចាំបាច់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​សំរាម និង​រៀបចំ​បរិស្ថាន​ឱ្យ​បាន​ល្អ ខណៈ​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​លូ ក៏​ជា​ចំណុច​អាទិភាព សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​មួយ​នេះ​ដែរ​។

ក្រៅ​ពី​លើក​ឡើង​ពី​ការ​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ក៏​ប្រាប់​ទៅស្ថាប័ន​​ពាក់​ព័ន្ធ​ ឱ្យ​ខិត​ខំ​ទប់​ស្កាត់​សំណង់​អនាធិបតេយ្យ និង​គ្រប់គ្រង​ការ​ដ្ឋានសាងសង់​ឱ្យ​បាន​ល្អ។

ជា​ការ​កត់​សម្គាល់ ខេត្ត​ព្រះសីហនុ ឥឡូវ​នេះ បាន​ក្លាយ​ជា​គោល​ដៅក្ដៅ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​វិស័យ​ ដោយ​សារ​ការ​បាត់បង់​សោភ័ណ​ភាព​ក្នុង​ទីក្រុង និង​បញ្ហា​អសន្តិសុខ​។ ជាក់​ស្តែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ចំនួន​៦​សិក្សា​ពី​គម្រោង​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ តាម​សំណើ​របស់​ក្រុមហ៊ុន​ចិន​ទាំង​នោះ បន្ទាប់​ពី​រង​ការ​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​។

ចំណែក​ឯ​ក្រសួង​មហាផ្ទៃ កាល​ពី​ចុង​ខែ​សីហា ក៏​បាន​បញ្ជូន​ក្រុម​ការងារ​ពី​ភ្នំពេញ ចុះ​ទៅ​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់ នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​ពី​មាន​បញ្ហា​អសន្តិសុខកើត​ឡើង​ជា​បន្ត​បន្ទាប់​។ ជា​បញ្ហា​ដែល​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន។

សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន នៅខេត្តព្រះសីហនុ មាន​អាជីវកម្ម​សរុប​ចំនួន​៨៧០​ទីតាំង កើនឡើង​៨៣​ទីតាំង ស្មើនឹង ១០.៥៥% បើ​ប្រៀបធៀប​នឹង ៩​ខែ ក្នុង​ឆ្នាំ​២០១៧ ។ ខេត្ត​នេះ មាន​សណ្ឋាគារ​ចំនួន ៨៨ ផ្ទះសំណាក់​ចំនួន ៣១១ បឹង​ហ្គា​ឡូ ១០ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ២៩១ និង​បណ្តា​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​។ បើ​តាម​ក្រសួង​ទេសចរណ៍ នៅ​ក្នុង​ឆ្នាំ​២០៣០ ខាងមុខ ខេត្ត​ព្រះសីហនុ ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២លាននាក់ និង​ទេសចរ​ជាតិ​ប្រមាណ ៣​លាន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ