អានតួអត្ថបទ
កម្ពុជា

ពិព័រណ៍​ចល័ត​ជា​វិធី​មួយ​សម្រាប់​ផ្តល់​សំណង​ឱ្យ​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម

សំណង​មួយ​ប្រភេទ ក្នុង​ចំណោម​សំណង​ស្រប​ច្បាប់​១១​ប្រភេទ ត្រូវ​បាន​ផ្តល់​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក្នុង​សំណុំ​រឿង​០០២ វគ្គ០០១ នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ សំណង​ជា​សមូហភាព​នោះ​ធ្វើ​ឡើង ក្នុង​រូប​ភាព​ជា​ពិព័រណ៍​ចល័ត​ស្តីពី​ការ​ជម្លៀស​ដោយ​បង្ខំ បើ​ទោះ​បីជា​សាល​ក្រម​ស្ថាពរ ដែល​កាត់​ទោស​ឱ្យ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម មិន​ទាន់​ប្រកាស​ក៏​ដោយ​។ ការ​សម្ពោធ​ពិព័រណ៍​ចល័ត​នោះ បាន​ប្រព្រឹត្តទៅ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​ទីក្រុង​ភ្នំពេញ​។

ឈុត​មួយ​នៃ​អំពើ​គំនុំ​សងសឹក​ក្នុង​របប​ខ្មែរក្រហម
ឈុត​មួយ​នៃ​អំពើ​គំនុំ​សងសឹក​ក្នុង​របប​ខ្មែរក្រហម Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម អង្គការ​ក្តី​ករុណា និង​អង្គការ​ដៃគូ​ជាច្រើន​ទៀត បាន​សម្ពោធ​ពិព័រណ៍​ចល័ត​ស្តីពី​ការជម្លៀស​ដោយ​បង្ខំ ឬ​ការ​ស្វែង​រក​យុត្តិធម៌​តាមរយៈ​ការ​សិក្សា​អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​ទីក្រុង​ភ្នំពេញ។ ពិព័រណ៍​ចល័ត​នេះ​ជា​មធ្យោបាយ​មួយ ក្នុងការ​ផ្តល់​សំណង​សមូហភាព​មួយ​ប្រភេទ ក្នុង​ចំណោម​សំណង​ស្រប​ច្បាប់​១១​ប្រភេទ ជូន​ជនរង​គ្រោះ នៅក្នុង​សំណុំ​រឿង០០២ វគ្គ០០១ នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

 
លោក ទឹម មិនា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្តី​ករុណា បាន​អះ​អាង​ថា នេះ​ជា«ការ​ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី» ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ និង​ការសម្លាប់​អតីតមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិសាត់។ ម្យ៉ាង​ទៀត បើ​យោងតាម​លោក ទឹម មិនា ការតាំងពិព័រណ៍​ចល័ត​ក៏​ផ្តល់ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ «បាន​ដឹង និង​ចូលរួម​ទប់ស្កាត់​អំពើ​បែប​នោះ​កុំឱ្យ​កើត​ឡើង​ទៀត»។

បច្ចុប្បន្ន សាល​ក្រម​ដែល​កាត់ទោស​លោក ខៀវ សំផន និង​លោក នួន ជា ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត កំពុង​ត្រូវ​បាន​ក្រុម​សហ​មេធាវី​របស់​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​ពីររូប ធ្វើ​បណ្ដឹង​សារទុក្ខ។ ប៉ុន្តែ លោក ពេជ អង្គ ដែលជា​សហ​មេធាវី​នាំមុខ​ជាតិ តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី បាន​ថ្លែងថា៖ «សំណាង​ដែរ ដោយ​សារ​តុលាការ​អនុញ្ញាត​ឱ្យ​ចាប់​ផ្តើម​ផ្តល់​សំណង​»។ លោក​មេធាវី​រូបនេះ​អះអាង​ផងដែរ​ថា «ភាព​រងគ្រោះ​របស់​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ធំធេង​ណាស់» ហើយ​ថា​ទោះបីជា​សំណ​បែបនេះ«មិន​គ្រប់​គ្រាន់​ក្តី» ក៏​ការណ៍​ដែល​មាន​វេទិកា​សម្រាប់​ឱ្យ​ជន​រង​គ្រោះ​និយាយ​អំពី​ការ​ឈឺចាប់​របស់​ខ្លួន​ឱ្យ​យុវជន​បាន​ដឹង គឺ​ជា«ការ​ចាំបាច់​»។

ពិព័រណ៍​ចល័ត​ស្តីពី​ការ​ជម្លៀស​ដោយ​បង្ខំ មាន​រយៈ​ពេល​៣​ថ្ងៃ ហើយ​គ្រោង​នឹង​រៀប​ចំ​នៅ​ខេត្តសៀមរាប​នៅ​សប្ហា​ហ៍​ក្រោយ បន្ទាប់ពី​បានចាប់ផ្តើម​ធ្វើ តាំងពី​ខែតុលា នៅ​ខេត្តកំពត និង​ខេត្តពោធិ៍សាត់។ ពិព័រណ៍​នេះ​ក៏​គ្រោង​នឹង​ប្តូរ​ទៅធ្វើ​នៅតាម​ខេត្ត​មួយចំនួនទៀត ដូចជា​ព្រៃវែង ស្ទឹងត្រែង កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង និង​កណ្ដាល​ដែរ ដោយមាន​អង្គការ​យុវ​សន្តិភាព​ចូលរួម​រៀបចំ​ផង មុននឹង​បិទ​បញ្ចប់​នៅ​ខែមករា ឆ្នាំ២០១។ កម្មវិធី​នៃ​ការតាំងពិព័រណ៍​នៅ​ខេត្តនីមួយៗ មាន​ចាប់តាំងពី​ការបង្ហាញ​ផ្ទាំង​ព័ត៌មាន ការអាន​សៀវភៅ ការមើល​ឯកសារ ការ​បញ្ចាំ​ភាពយន្ត និង​ការធ្វើ​វេទិកា​ជាមួយ​ដើមបណ្ដឹង​រដ្ឋប្បវេណី ដែលមាន​វត្តមាន នៅក្នុង​ពិធី​សម្ពោធ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ដែរ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ