អានតួអត្ថបទ
កម្ពុជា

ឆមាស​ទី​១​ឆ្នាំ​នេះ​៖ ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស​ជិត​៨០​នាក់​ និង​របួស​ជាង​២០០​នាក់

នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦​នេះ គ្រោះ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​៧៩​នាក់ និង​រង​របួស​ចំនួន​២០១​នាក់។ ក្រៅ​ពី​នេះ គ្រោះ​មហន្តរាយ​នេះ ក៏​បាន​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​ផង​ដែរ។ នេះ​បើ​តាម​លោក​កែវ វី នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

@គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ផ្សាយពាណិជ្ជកម្ម

និយាយ​ដាច់​ដោយ​ឡែក នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ គ្រោះ​ខ្យល់​កន្ត្រាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​កើត​ឡើង​ចំនួន​ ១៦៣​លើក​ដោយ​ធ្វើ​ឲ្យ​រលំ និង​ខូចខាត​ធ្ងន់ធ្ងរ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​ ១ពាន់​២​រយ​៨ខ្នង​ ផ្ទះ​របើក​ដំបូល​ចំនួន​ ៥ពាន់៦រយ៩ខ្នង សាលារៀន​ខូត​ខាត​ចំនួន​៣៤​អាគារ និង​អាគារ​ផ្សេង​ៗ​ទៀត​បាន​ខូច​ខាត​ចំនួន​ ៣២​អគារ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ខូចខាត​ដើម​កៅស៊ូ​ទំហំ​ ៤០០ហិកតា​នៅ​ក្នុង​ខេត្ត​រតនៈគិរី​ មណ្ឌល​គិរី និង​ខេត្ត​ត្បូង​ឃ្មុំ​ផង​ដែរ។ គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ ក៏​បាន​សម្លាប់​ជីវិត​ចំនួន​ ១៩​នាក់ និង​រង​របួស​ចំនួន​ ១៣៩​នាក់។ ចំនួន​នេះ បើ​ប្រៀប​ធៀប​នឹង​ឆមាស​ទី​១​នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ គឺ​មាន​ការ​ធ្លាក់​ចុះ ដោយ​កាល​ពី​ឆ្នាំ​ទៅ​ មាន​មនុស្ស​ស្លាប់​ចំនួន​ ១២នាក់ និង​អ្នក​រង​របួស​ចំនួន​ ១១៥​នាក់។

ចំណែក​គ្រោះ​រន្ទះបាញ់​វិញ បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​ ៦០​នាក់​ក្នុង​នោះ​ស្រី​ចំនួន​ ១៣ នាក់ និង​មាន​អ្នក​រង​របួស​ចំនួន​ ៦២​នាក់។ ចំនួន​នេះ ក៏​មាន​ការ​ថយ​ចុះ​ដែរ បើ​ប្រៀប ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៥​ ដោយ​កាល​ណោះ មាន​មនុស្ស​ស្លាប់​៤៤​នាក់ និង​អ្នក​របួស​មាន​ចំនួន​ ៥១​នាក់។ ក្រៅ​ពី​ជីវិត​មនុស្ស​ គ្រោះ​មហន្តរាយ​នេះ ក៏​បាន​សម្លាប់​សត្វ​គោ​ក្របី​ចំនួន​ ៤៨​ក្បាល និង​ខូចខាត​ផ្ទះ​សម្បែង​ចំនួន​៨ ខ្នង​ផង​ដែរ។ បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ខេត្ត​ដែល​ទទួល​រង​គ្រោះ​ដោយសារ​រន្ទះ​បាញ់​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមាន​ជ័យ។

បើ​ទោះបី​គ្រោះ​មហយន្តរាយ​ទាំង​ពី​រនេះ បាន​សម្លាប់​ជីវិត​មនុស្ស​តិច​ជាង​ឆ្នាំ​មុន​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​កែវ វី នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​លើក​ឡើង​ថា គ្រោះ​ធម្មជាតិ​នេះ​នឹង​នៅ​តែ​បន្ត​កើត​ឡើង​ទៀត​រហូត​ដល់​ចប់​រដូវ​វស្សា។ ដូច្នេះ លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​បន្ត​តាម​ដាន​ពី​ស្ថានភាព​អាកាស​ធាតុ​ជាប់​ជានិច្ច តាមរយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។ ធ្វើ​ដូច​នេះ ប្រជាពលរដ្ឋ​អាច​ត្រៀម​បង្ការ​បាន​មុន ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ ដែល​បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ