អានតួអត្ថបទ
កម្ពុជា

អគ្គលេខាធិកា​គ.ជ.ប​ថ្មី នឹង​បង្ហាញ​មុខ​នៅ​មុន​ពាក់​កណ្តាល​ខែ​នេះ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប) កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ បាន​សរុប​ចំនួន​បេក្ខជន​តំណែង​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ដែល​បាន​បំពេញ​លក្ខខណ្ឌ​បាន​ត្រឹមត្រូវ គឺ​បេក្ខជន​តំណែង​ជា​អគ្គលេខាធិការ​មាន​ចំនួន​១២​នាក់ និង​អគ្គលេខាធិការ​រង​មាន​ចំនួន​៧៤​នាក់។ ទោះ​បី​ពេល​នេះ បេក្ខជន​ទាំង​អស់​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ជ្រើសរើស​បន្ត​ក្តី ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គ.ជ.ប​លើក​ឡើង​ថា បេក្ខជន​ចុង​ក្រោយ អាច​នឹង​បង្ហាញ​មុខ​នៅ​មុន​ពាក់​កណ្តាល​ខែ​នេះ។

@HEAM Chetra
ផ្សាយពាណិជ្ជកម្ម

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប)​បាន​សន្មត់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​អាច​នឹង​បង្ហាញ​វត្តមាន​នៅ​មុន​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦​នេះ។ ការ​សន្មត់​របស់​លោក​អ្នកនាំពាក្យ​គ.ជ.ប នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ បាន​សរុប​ចំនួន​បេក្ខជន​តំណែង​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ដែល​បាន​បំពេញ​លក្ខខណ្ឌ​បានន​ត្រឹម​ត្រូវ ដោយ​មាន​បេក្ខជន​ចំនួន​៨៦​នាក់​ក្នុង​នោះ​តំណែង​ជា​អគ្គលេខាធិការ​មាន​ចំនួន​១២នាក់ និង​អគ្គលេខាធិការ​រង​មាន​ចំនួន​៧៤​នាក់។

លោក​ហង្ស ពុទ្ធា បាន​គូស​បញ្ជាក់​ថា បេក្ខជន​ទាំង​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ជ្រើសរើស​ពីរ​ដំណាក់​ផ្សេង​ទៀត​ មុន​ឈាន​ដល់​ការ​ប្រកាស​លទ្ធផល​ចុង​ក្រោយ។ គឺ​ដំណាក់​ទីមួយ ត្រូវ​ជ្រើសរើស​ដោយ​ទុក​តែ​៣​នាក់​សម្រាប់​តំណែង​អគ្គលេខាធិការ និង​២០​នាក់​សម្រាប់​តំណែង​ជា​អគ្គលេខាធិការ​រង។ ចំណែក​ដំណាក់​កាល​បញ្ចប់ នឹង​ជ្រើសរើស​តែ​មួយ​រូប​ជា​អគ្គលេខាធិការ និង​៤​រូប​ជា​អគ្គលេខាធិការ​រង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​។ បើ​តាម​លោក​ហង្ស ពុទ្ធា ការ​ជ្រើស​រើស​តាម​ដំណាក់​កាល​នីមួយ​ៗ គឺ​អាស្រ័យ​លើ​ការ​សម្រេច​រួម​របស់​សមាជិក​ទាំង​៩​រូប​របស់ គ.ជ.ប។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្រកាស​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ លោក​ទេព នីថា អតីត​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាស់ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត បាន​ដាក់​ពាក្យ​ធ្វើ​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នេះ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​បេក្ខជន​ចំពោះ​តំណែង​ទាំង​នេះ ដោយ​តម្លា​ភាព និង​យុត្តិធម៌​។ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ក៏​ជឿ​ជាក់​ថា គ.ជ.ប​ថ្មី នឹង​បើក​ចំហ​រាល់​ព័ត៌មាន​​ទាក់ទង​ទៅ​នឹង​ការ​សម្រាំង និង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​បេក្ខជន ដើម្បី​បង្ហាញ​ពី​ឯករាជ្យ​ភាព និង​អព្យាក្រឹត្យ​របស់​ស្ថាប័ន​មួយ​នេះ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) លោក​ហង្ស ពុទ្ធា បាន​ស្វាគមន៍​ចំពោះ​ការ​ស្នើនេះ​។ លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​រៀប​ចំ​នីវិវិធី​នៃ​ការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ប្រកប​ដោយ​តម្លាភាព។ តម្លាភាព​ចំពោះ​មុខ​រដ្ឋសភា​ជាតិ ដោយ​យោង​ទៅ​តាម​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ