អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ៖ សន្លឹ​ក​ឆ្នោត​បម្រុង​ចាំបាច់​​ដើម្បី​​ធានា​ឲ្យ​មាន​សន្លឹក​ឆ្នោត​គ្រប់​គ្រាន់​នៅ​ថ្ងៃ​បោះ​ឆ្នោត​​

គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃពុធ​ម្សិលមិញ បាន​ចេញ​លិខិត​បំភ្លឺ​មួយ សម្តែង​ការ​សោកស្តាយ​​ចំពោះ​​ការ​រិះគន់​រ​​​បស់​គណបក្សប្រឆាំង និង​​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ទៅ​លើការ​បោះពុម្ព​សន្លឹកឆ្នោត​បម្រុង​ទុក​ច្រើន​ជាង អ្នក​បោះ​ឆ្នោត ដល់​ទៅ ២០%​​។ បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​ណែនាំ​ថា គួរ​តែ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ច្រើន​បំផុត​ត្រឹម ៥% បាន​ហើយ ដើម្បី​ចៀស​វាង​​ភាព​មិន​ប្រក្រតី​ណា​មួយ​។ តែ​ចំពោះ គជប ការ​បោះពុម្ព​លើស​ចំនួន​នេះ គឺ​ដើម្បី​ធានា​ឲ្យ​មាន​សន្លឹ​ក​ឆ្នោតគ្រប់​គ្រាន់ ព្រោះ​ប្រសិន​បើ​ ការិយា​ល័យ​​បោះឆ្នោត​ណាមួយ ខ្វះ​​សន្លឹក​ឆ្នោត ការិយាល័យ​នោះ នឹង​ត្រូវ​បិទ ខណៈ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ និ​ង​ដំណើរ​ការ​នៅ​ថ្ងៃបោះ​ឆ្នោត គឺ​ជា ការ​ទទួល​ខុស​ត្រូវ​​របស់ គ.ជ.ប។​

សន្លឹកឆ្នោតចាស់ៗ ដែលត្រូវបានកំទិចចោលនៅថ្ងៃសុក្រ ទី ២៤ តុលា ឆ្នាំ ២០១៤។
សន្លឹកឆ្នោតចាស់ៗ ដែលត្រូវបានកំទិចចោលនៅថ្ងៃសុក្រ ទី ២៤ តុលា ឆ្នាំ ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃទី​០៣ ខែ​ឧសភា ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​លើស​ចំនួន​អ្នកបោះឆ្នោត​ជាង ២០% គឺ​ដើម្បី​ធានា​ឲ្យ​មាន​សន្លឹកឆ្នោត​គ្រប់គ្រាន់​នៅ ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ករណី​សន្លឹក​ឆ្នោត​ខូច ដោយ​សារ​រោងពុម្ព​បោះពុម្ព​ប្រឡាក់ ឬ​រហែក មន្រ្តី​ការិយា​ល័យ​​បោះឆ្នោត​ហែក​ជូន​អ្នក​បោះឆ្នោត​​រហែក​ខុស​ពី​ថ្នេរ អ្នក​បោះឆ្នោត​គូស​ខុស ឬ​សុំ​ផ្លាស់​ប្តូរ​ចិត្ត​​គូស​ជ្រើស​រើស​ឡើង​វិញ​ជា​ដើម​។

គ.ជ.ប នឹង​បោះពុម្ព​សន្លឹក​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទីបួន សរុប​ចំនួន ៩.៤២៦.៦០០សន្លឹក ក្នុ​ង​នោះ ចំនួន​សន្លឹកឆ្នោត​បម្រុង មានចំនួន  ១.៥៦១.៥៦៧សន្លឹក លើស​ចំនួន​អ្នក​បោះ​ឆ្នោត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប​ត្រឹម​ ៧.៨៦៥.០៣៣​នាក់​។ ការ​បោះពុម្ព​សន្លឹកឆ្នោត​ទាំងអស់​នេះ នឹង​ចំណាយ​ថវិកា​បោះពុម្ព​ជាង ២​លានដុល្លារ​អាមេរិក (សន្លឹកឆ្នោត​បម្រុង ២០% នឹងចំណាយ​អស់​ទឹក​ប្រាក់​ជាង ៣​សែន​ដុល្លារ​) ហើយ​សន្លឹក​ឆ្នោត ដែល​ខុស​ៗ​គ្នា ស្របតាម​ចំនួន និង​លេខ​រៀង​របស់ គណបក្ស​នយោបាយ ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត នៅ​ឃុំ សង្កាត់ នឹង​បញ្ចប់​នៅថ្ងៃ​ទី​២៣ ឧសភា ខាង​មុខ​។

បើ​តាម គ.ជ.ប សន្លឹក​ឆ្នោត ត្រូវ​បោះពុម្ព​ជា​សៀវភៅ ១ក្បាល ដែល​មាន ៥០​សន្លឹក និង​បែង​ចែក​ទៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ២២.១៤៨ ការិយា​ល័យ​។ សន្លឹក​ឆ្នោត​បម្រុង​ក្នុង​មួយ​ការិយាល័យ មាន​លើសពី​ចំនួន​ឈ្មោះ​​ក្នុង​បញ្ជី​បោះឆ្នោត​​ពី ៥០​សន្លឹ​ក ទៅ​ ៩៩​សន្លឹក ឬ​ស​ន្លឹកឆ្នោត​បម្រុង​គិត​ជា​មធ្យម​ក្នុង​មួយ​ការិយាល័យ មាន​ចំនួន ៧២​សន្លឹ​ក​។ សន្លឹក​ឆ្នោត​បម្រុង​នេះ មិន​មាន​រក្សា​ទុក​​នៅ គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ និង​នៅ គណៈ​កម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ​។ ហើយ​សន្លឹក​ឆ្នោត​បម្រុង​ដែល​មិន​បាន​ប្រើ​ប្រាស់​​ទាំង​អស់ នឹង​​ត្រូវ​ចោះ​ដោយ​ប្រើ​ប្រដាប់​ចោះ ឬ​កាត់​នឹង​កន្ត្រៃ ដើម្បី​ធ្វើ​មោឃ​ភាព​សន្លឹក​ឆ្នោត បន្ទាប់​ពី​បញ្ចប់​ការ​បោះឆ្នោត និង​ផ្ទៀងផ្ទាត់​​សន្លឹ​ក​ឆ្នោត​រួច​ហើយ​នៅ​ការិយាល័យ​បោះ​ឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត​។

គួរ​ជម្រាប​ថា សេចក្តី​បំភ្លឺ​របស់ គ.ជ.ប នេះ កើត​មាន​ឡើង​បន្ទាប់​ពី មាន​ការ​រិះគន់ ពី​គណបក្ស​សង្រ្គោះ​ជាតិ និង​អង្គការ​និកហ្វ្រិច លើ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​ចំនួន​។ គឺ គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ចូល​រួម​ពិនិត្យ​ដំណើរ​ការ​​បោះពុម្ព​សន្លឹ​ក​ឆ្នោត​ កាលពី​ថ្ងៃទី​២៩ មេសា បាន​​​សម្តែង​ក្តី​បារម្ព​ពី ភាព​មិន​ប្រក្រតី​ណា​មួយ ចំពោះ​ការ​បោះពុម្ព​សន្លឹ​ក​ឆ្នោត​បម្រុង​លើស​ច្រើន​នេះ ដោយ​ណែនាំ​ថា​ គ.ជ.ប គួរ​តែ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រុង​​លើស​ត្រឹម​ចន្លោះ​ពី ២.៥% ទៅ​ ៥% ទើប​ជា​ការ​ប្រសើរ​​។

ចំណែក លោក សម គុណធាមី នាយក​​ប្រតិបត្តិ អង្គការ​និកហ្វិច បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា សន្លឹ​ក​ឆ្នោត​បម្រុង ដែល​បោះពុម្ព ច្រើន​ជាង​អ្នកបោះ​ឆ្នោត ២០.៥% នេះ គឺ​ហួស​ពី​តម្រូវ​ការ​ច្រើន​ពេក​ បើ​ធៀប​នឹង​ប្រទេស​ផ្សេង ដែលមា​ន​ការ​រៀបចំ​ការ​បោះឆ្នោត​ដែរ តែ​គេ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ច្រើន​បំផុត​ត្រឹម​​តែ ៥% ប៉ុណ្ណោះ​។ លោក សម គុណធាមី បន្ថែម​ថា សន្លឹក​ឆ្នោត​បម្រុង​មាន​ច្រើន​ពេក នាំ​ឲ្យ​មាន​ការ​​បារម្ភពី តម្លាភាព​នៃកា​រ​ប្រើប្រាស់​សន្លឹ​ក​ឆ្នោត នៅ​តាម​ការិយាល័យ​និមួយ​ៗ​។

គួរ​​រំលឹក​​ថា ការ​​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់​ អាណត្តិ​ទី​​៤ នឹង​​ប្រព្រឹត្តិ​​ទៅ នៅ​​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា ឆ្នាំ ២០១៧ ដោយ​​មាន ១២ គណបក្ស​​នយោបាយ​ និង​​មាន​​បេក្ខភាព​ឈរ​ឈ្មោះ​ សរុប ៩៤.៥៩៥ នាក់ ​ចូល​រួម​​បោះ​ឆ្នោត​​ប្រជែង យក​​តំណែង ប្រធាន អនុប្រធាន និង​​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់ សរុប ១១៥៧២ អាសនៈ ដែល​​មាន​​នៅ​​ក្នុង​​ចំណោម​​ឃុំ​សង្កាត់ សរុប ១៦៤៦ ទូ​ទាំង​​ប្រទេស៕​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ