អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាច​នឹង​ត្រូវ​ផាក​ពិន័យ​ពី ៥​លាន​ទៅ ២០​លាន​រៀល បើ​ល្មើស​នឹង​ច្បាប់​បោះ​ឆ្នោត

នៅ​ព្រឹក​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)​បាន​រៀប​ចំ​សិក្ខាសាលា​សម្រាប់​អ្នក​សារព័ត៌មាន​ស្តី​ពី​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​ដំណាក់​កាល​ផ្សេងៗ​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នា​ពេល​ខាង​មុខ​នេះ។ បើ​តាម​គ.ជ.ប ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​ច្បាប់​បោះ​ឆ្នោត បទ​បញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត ឬ​ក្រម​សីល​ធម៌​នោះ នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ក្នុង​នោះ​ក៏​មាន​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ពី ៥​លាន​រៀល​ទៅ ២០​លាន​រៀល​ផង​ដែរ។

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ @គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

មាត្រា ១៧១​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ បាន​ចែង​ថា ត្រូវ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មួយ​ចំនួន​ដូច​ជា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឬ​អ្នក​បោះ​ឆ្នោត​ធ្វើ​អំពើ​រំលោភ​បំពាន គំរាម​កំហែង ហិង្សា​លើ​បេក្ខជន​ឬ​បក្ស​នយោបាយ​ដទៃ, រារាំង​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត,រារាំង​បេក្ខជន​ឬ​អ្នក​គាំទ្រ​មិន​ឲ្យ​ឃោសនា​បោះ​ឆ្នោត,ធ្វើ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​ជា​ដើម។ មា​ត្រា​ច្បាប់​នេះ គឺ​សំដៅ​ដល់​បណ្តា​ជន​ទាំង​អស់​ក្នុង​នោះ​ក៏​សំដៅ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ផង​ដែរ។

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប​បាន​បញ្ជាក់​ថា កន្លង​មក មាន​អ្នក​កាសែត​មួយ​ចំនួន​មាន​ចេតនា​មិន​ល្អ​ដោយ​មាន​ឧបាយកល​ដោយ​សួរ​សំណួរ​បញ្ឆិត​បញ្ឆៀង ដើម្បី​ទទួល​បាន​ចម្លើយ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​ប្រជាពលរដ្ឋ។ យ៉ាង​ណា​ក៏​ដោយ លោក​ហង្ស ពុទ្ធា សង្ឃឹម​ថា អ្នក​សារព័ត៌មាន​ទាំង​អស់​នឹង​ឈរ​លើ​ស្មារតី និង​សមត្ថភាព ដើម្បី​ផ្តល់​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ហើយ​លោក​ក៏​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​គោរព​តាម​ក្រម​សីលធម៌​ឲ្យ​បាន​ច្បាស់​លាស់។ ជាមួយ​នេះ អ្នក​នាំ​ពាក្យ​គ.ជ.ប ក៏​បាន​ព្រមាន​ផង​ដែរ​ថា ច្បាប់​របស់​គ.ជ.ប​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នេះ​ មាន​ច្រើន​ជាង​ច្បាប់​មុន ដែល​នឹង​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​សារព័ត៌មាន​ណា​ដែល​ប្រពឹត្ត​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត។

បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បោះ​ឆ្នោត ដើម្បី​អាច​គេច​ផុត​ពី​ទោសទណ្ឌ​របស់​គ.ជ.ប ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ត្រូវ​ជៀស​វាង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ និង​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត, ត្រូវ​ជៀស​វាង​ការ​បន្លំ​ឲ្យ​គេ​យល់​ខុស ដូច​ជា​ការ​សរសេរ​បញ្ឆិត​បញ្ឆៀង​ដើម្បី​ឲ្យ​សាធារណជន​សង្ស័យ​ដោយ​អយុត្តិធម៌​លើ​បុគ្គល ក្រុម​ឬ​បក្ស​ណា​មួយ។ ជាមួយ​គ្នា​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​អ្នក​សារព័ត៌មាន ក៏​ត្រូវ​ជៀស​វាង​ផ្សព្វ​ផ្សាយ​ដោយ​សំអាង​លើ​ពាក្យ​ចចាម​អារ៉ាម​ឬ​ព័ត៌មាន​មិន​មាន​ភស្តុតាង​ក៏​ដូច​ជា ព័ត៌មាន​មាន​លក្ខណៈ​មួល​បង្កាច់ បរិហារ​កេរ្តិ៍ និង​ជេរ​ប្រមាថ​ដល់​បក្ស​នយោបាយ បេក្ខជន​និង​អ្នក​គាំទ្រ​ណា​មួយ។ ម៉្យាង​វិញ​ទៀត ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​អ្នក​សារព័ត៌មាន ​ក៏​ត្រូវ​ជៀស​វាង​ការ​ប្រើ​ប្រាស់​ភាសា​ញុះញង់​ឫ​វាយ​ប្រហារ​ដែល​អាច​បង្ក​ភាព​គ្មាន​សណ្តាប់​ធ្នាប់​ឬ​អាច​ឲ្យ​មាន​អំពើ​ហិង្ស​ជា​ដើម​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ