អានតួអត្ថបទ
កម្ពុជា

បេក្ខជន​១០៥​នាក់​ដាក់​​ពាក្យ​​សុំ​​ធ្វើ​​ជា​អគ្គលេខាធិការ​និង​អគ្គលេខាធិការង ​​គជប ថ្មី​

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៥​នេះ ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ទទួល​ពាក្យ​ពី​បេក្ខជន​ប្រមាណជា​១០៥​នាក់ ​ស្នើ​សុំ​ធ្វើ​ជា​អគ្គលេខាធិការ ​និង​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត ​ហៅកាត់ថា ​គជប។​ ក្នុង​នោះ​ក៏មាន​លោក ទេព​ នីថា​ អគ្គលេខាធិការ​ គជប ចាស់ ​ដែល​រង​ការ​រិះគន់​ផង​ដែរ​។​ ការ​​ទទួល​​ពាក្យ​​នឹង​​ត្រូវ​​ផុត​​កំណត់​​នៅ​​ល្ងាច​​ថ្ងៃទី​​២៦​​ធ្នូ​។​​

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​គជប ថ្មី ​ចំនួន​២១​នាក់ ​ក្នុង​នោះ​ក៏​មាន​លោក ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចាស់​ផងដែរ។ ​លោក ទេព នីថា ​ដែលរង​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង​ចំពោះ​​តួនាទី​របស់​គាត់​នាពេល​កន្ល​ង​មក​នោះ ​បាន​ដាក់​ពាក្យ​សុំ​ធ្វើជា​អគ្គលេខាធិការ​ គ.ជ.ប ​ជាថ្មី​ កាល​ពី​ថ្ងៃទី ​១៨ ​ធ្នូ ​ឆ្នាំ​២០១៥។ ​ជាមួយគ្នា​នេះ ​នៅ​មាន​អតីត​សមាជិក ​គ.ជ.ប ​មួយ​ចំនួន​ទៀត ​ក៏បាន​ដាក់​ពាក្យ​ផងដែរ ​ក្នុង​នោះ​រួម​មាន ​លោក ​កុសៈឡៈទីប៉ោ ​អគ្គលេខាធិការង​ គ.ជ.ប ​និង​លោក ម៉ៅ សុភារិទ្ធ ​អតីត​សមាជិក ​គ.ជ.​ប​។ ​ក្រៅ​ពី​នេះ ​ក៏មាន​បេក្ខជនមក​ពី​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ដាក់​ពាក្យ​ផងដែរ។ ​តួយ៉ាង​ដូចជា​ លោក​ នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក,​ លោក​ ហេង​ មណីចិន្តា ​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ​និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត។​

លោក ​ហង់ ពុទ្ធា ​អ្នកនាំពាក្យ ​គ.ជ.ប ​បានថ្លែង​ថា ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥​ធ្នូ​ មាន​បេក្ខជន​សរុប​ចំនួន​១០៥​រូប ​ក្នុង​ចំណោមបេក្ខជន​២០០រូប ​បាន​យក​ពាក្យ​មក​ដាក់​នៅ ​គ.ជ.ប​ ក្នុង​នោះ ​បេក្ខជន​២១រូប ​បាន​ដាក់​ពាក្យ​សុំ​ធ្វើជា​អគ្គលេខាធិការ ​និង​បេក្ខជន​៨៤រូប ​បាន​ដាក់​ពាក្យ​សុំ​ធ្វើជា​អគ្គលេខាធិការរង។ ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់ ​​គជប ​នឹង​ជ្រើសរើស​​បេក្ខជន​ម្នាក់​​ធ្វើ​ជា​អគ្គលេខាធិការ ​និង​៤​នាក់​ជា​អគ្គលេខាធិការ​រង។​

យោង​តាមមាត្រា​៥៥​នៃ​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត បាន​ចែង​ថា ​អគ្គលេខាធិការ គជប ​ដែល​មាន​ឋានៈស្មើ​រដ្ឋលេខាធិការ ​និង​អគ្គលេខាធិការ​រង ​ដែលមាន​ឋានៈ​ស្មើ​នឹង​អនុរដ្ឋលេខាធិការ​នេះ ​ត្រូវ​តែង​តាំង​ដោយ​ព្រះរាជ​ក្រឹត្យ ​តាម​សំណើរ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ តាម​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ទាំង​មូល។​

យ៉ាង​ណាក៏​ដោយ ​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​នឹង​មាន​ការ​ប្រែ​ប្រួល​ទៀត ​ព្រោះ​ថា ​ការ​ផុត​កំណត់​នៃ​ការ​ឈប់​ទទួល​ពាក្យ​នឹង​ធ្វើ​ឡើង​រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦​ធ្នូ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ