អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋសភា​ថា​សមាជិក​គ.ជ.ប​ថ្មី​គឺ​មក​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល

អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា ឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​រៀប​ចំ​នីតិវិធី​ដាក់​បេក្ខភាព​ថ្មី​ជំនួស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ចំនួន​៣​រូប ដែល​ចាក​ចេញ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​ត្រូវ​បាន​រំលាយ។ បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋសភា បេក្ខភាព​សមាជិក​គជប​ថ្មី​នោះ គឺ​មិន​មែន​មក​ពី​កូតា​គណបក្ស​កាន់​អំណាច​នោះ​ទេ។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា
លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា @freshnews
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា តាម​រដ្ឋធម្មនុញ្ញ បេក្ខភាព​សមាជិក គ.ជ.ប ថ្មី​ដែល​នឹង​ចូល​ទៅ​អង្គុយ​ជំនួស កន្លែង​សមាជិក​ចាស់​ដែល​ចាក​ចេញ​នោះ​គឺ​ជា​កូតា​មក​ពី​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល។​ គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​អាច​មាន​រហូត​ដល់​៦​គណបក្ស។ នេះ ​បើ​តាម​ គ.ជ.ប ដែល​ប្រកាស​ឲ្យ​គណបក្ស​ទាំង​៦​នោះ​ផ្តល់​​​ព័ត៌មាន​មក​កាន់​គ.ជ.ប ក្នុង​ការ​ទទួល​យក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។ ប៉ុន្តែ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា ​បដិសេធ​ជា​ផ្លូវ​ការ​មិន​ទទួល​អាសនៈ​​ដែល​ផ្តល់​ដោយ​គ.ជ.ប នេះ​ទេ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចេញ​របស់​សមាជិក ​គ.ជ.ប ទាំង​៣​រូប ដោយ​ថា​ពួក​គេ​​ធ្វើ​ការ​ងារ​ជាមួយគ្នា​បាន​ល្អ​ ក្នុង​ការ​រៀប​បោះ​ឆ្នោត​ឃុំ សង្កាត់​កន្លង​មក​នេះ។

សូម​បញ្ជាក់​ថា សមាជិក​គ.ជ.ប ​៣​រូប ​ដែល​បាន​ប្រកាស​ដើរ​ចេញ​ពី​គ.ជ.ប នោះ​មាន លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប លោក រ៉ុង​ ឈុន និងលោក​ស្រី តែ ម៉ានីរ៉ុង ជា​សមាជិក។ អ្នក​ទាំង​៣​សុទ្ធ​សឹង​ជា​កូតា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ លោក ហ៊ីង ធីឬទ្ធិ ជា​កូតា​មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ​នោះ បាន​បញ្ជាក់​ថា​“ខ្ញុំ​នៅ​រក្សា​ជំហរ​បន្ត​ការ​ងារ​ក្នុង ​គ.ជ.ប ​ត​ទៅ​ទៀត​​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់ គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត រហូត​ដល់​ចប់​អាណត្តិ”។

សម្រាប់​សមាជិក​គ.ជ.ប ដែល​ចាក​ចេញ​បាន​គូស​បញ្ជាក់​ថា មូល​ហេតុ​ដែល​ពួកគេ​មិន​អាច​បន្ត​ការងារ​បោះឆ្នោត​បាន​ត​ទៅ​ទៀត​ដោយ​សារ​តែ​មាន​ការ​បែង​ចែក​អាសនៈ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​ពលរដ្ឋ​មិន​គាំទ្រ។ បើ​តាម​សមាជិក គ.ជ.ប ទាំង​៣​រូប​នេះ ក្នុង​នាម​ជា​អាជ្ញាកណ្តាល​ ពួក​គេ​មិន​អាច​នៅ​បន្ត​ការងារ​ក្នុង​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ត​ទៅ​ទៀត​ទេ​ដោយ​ថា​វា​ក្បត់​នឹង​ឧត្តម​គតិ​របស់​ពួក​គេ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ដែល​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ