អានតួអត្ថបទ
កម្ពុជា

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ

ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ បាន​ចេញ​លិខិត​ទទួល​ស្គាល់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ថ្មី​របស់​លោក​ញឹក ប៊ុនឆៃ ជា​ផ្លូវ​ការណ៍​ក្រោយ​ការ​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិក​អស់​រយៈ​ពេល​ជិត​មួយ​ខែ។ គណបក្ស​ថ្មី​នេះ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ក្នុង​ទីក្រុង​ភ្នំពេញ។

លោកញឹក​ ប៊ុនឆៃ កាលជាអតីតប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​
លោកញឹក​ ប៊ុនឆៃ កាលជាអតីតប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​រាជា​និយម​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ​នេះ។ គណបក្ស​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បែក​បាក់​សារជាថ្មី​ពី​សម្តេច​ក្រុម​ព្រះ​នេះ ក៏​នឹង​ធ្វើ​សមាជ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ​ចុង​សប្តាហ៍​ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​៣​ពាន់​នាក់។ គណបក្ស​រាជានិយម​ថ្មី​នេះ មាន​លោក​ញឹក ប៊ុនឆៃ​ ជា​ប្រធាន​បក្ស លោក ទា ចំរ៉ាត់ ជា​ប្រធាន​កិត្តិយស និង​លោក ខាន់ សាវឿន។ ការ​បែក​មក​បង្កើត​គណបក្ស​ថ្មី​របស់​លោក ញឹក ប៊ុនឆៃ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជម្លោះ​ផ្ទៃ​ក្នុង​រវាង​ក្រុម​របស់​លោក​ និង​ក្រុម​សម្តេច​ក្រុម​ព្រះ​ក្រោយ​ការ​រួមរស់​សារជាថ្មី​រវាង​ក្រុម​សម្តេច​ក្រុម​ព្រះ និង​ក្រុម​លោក​ ញឹក ប៊ុនឆៃ​បាន​ជាង១ឆ្នាំ​ពោល​គឺ​ក្រោយ​ការ​បង្រួប​បង្រួម​កាល​ពី​ខែ​មករា ២០១៥ ។ 

សូម​បញ្ជាក់​ថា​ក្រោយ​ការ​បែក​បាក់​សារ​ជាថ្មី​របស់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ជា​ពីរ​ចំណែក​ចុង​ក្រោយ​នេះ។ អ្នក​វិភាគ​បាន​មើល​ឃើញ​ថា អនាគត​គណបក្ស​រាជា​និយម​ទាំង​ពីរ​ដែល​ម្ខាង​ជា​របស់​សម្តេច​ក្រុម​ព្រះ និង​ម្ខាង​ទៀត​គឺ​ជា​របស់​លោក​ញឹក ប៊ុនឆៃ​នោះ​ នឹង​គ្មាន​លទ្ធភាព​ទទួល​បាន​ប្រជាប្រិយ​ភាព​នោះ​ទេ។ ទន្ទឹម​នឹង​នេះ លោក​ញឹក ប៊ុនឆៃ បាន​លើក​ឡើង​ថា គណបក្ស​ថ្មី​របស់​លោក នឹងនៅ​តែ​មាន​ការ​គាំទ្រ​ជានិច្ច​ព្រោះ​ថា ទឹក​ចិត្ត​ខ្លាវក្លា​របស់​សមាជិក និង​គោល​នយោបាយ​ ដែល​យក​បញ្ហា​ជាតិ​ជា​ធំ​មក​ដាក់​ដើម្បី​ឃោសនា។ គោល​នយោបាយ​ទាំង​នោះ​រួម​មាន បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​ព្រំដែន​ដែល​នៅ​សេស​សល់​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ លោក​ញឹក ប៊ុនឆៃ ដែល​មាន​ការ​ជិត​ស្និត​នឹង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​នោះ បាន​គូស​បញ្ជាក់​ថា​គណបក្ស​ថ្មី​របស់​លោក មិនមែន​ជា​គណបក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ។ សូម​បញ្ជាក់​ថា ខណៈ​ដែល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ខិត​ជិត​ចូល​មក​ដល់​គណបក្ស​ថ្មី​ៗ​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ច្រើន ដូចជា​គណបក្ស​យុវជន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​ក្រុម​បញ្ញវន្ត និង​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ​របស់​លោក សួនសេរីរដ្ឋា​ជា​ដើម។ បើ​ទោះ​បី​ជា​បែប​ណា​ក៏ ការ​បង្កើត​គណបក្ស​ថ្មី​របស់​ក្រុម​លោក​ញឹក ប៊ុនឆៃ​នេះ​គឺ​គ្រាន់​តែ​ជា​ផ្កា​លំអរ​សួន​នៃ​ទីលាន​ប្រកួត​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​អ្នក​វិភាគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ