អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទីបញ្ចប់​នៃអ្នក​នយោបាយ​រាជា​និយម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បែក​បាក់​ក្នុង​ជួរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មើលទៅ​ដូចជា​កាន់​តែរុញ​ច្រាន​​អ្នក​នយោ​បាយ​រាជា​និយម​ឲ្យ​ដល់​ទី​បញ្ចប់​នៃផ្លូវ​ដើរ​របស់​ពួក​គេបន្ថែម​ទៀត​ក្រោយ​ពី​ពួកគេ​បាត់បង់​សម្លេង​គាំ​ទ្រ​ក្នុង​ការ​បោះឆ្នោត​សកល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ហើយ​លទ្ធភាព​សំខាន់​បំផុត​នោះ​គឺ​ពួកគេ​ត្រូវ​រក​រូប​មន្ត​ផ្សះផ្សា​គ្នា​ឡើង​វិញ​ឲ្យ​បាន និងត្រូវ​ប្រមូល​ផ្តុំ​ធនធាន​បញ្ញា​និង​យុទ្ធសាស្ត្រ​ថ្មីៗ​សម្រាប់​ការ​ប្រជែង​ឆ្នោត។ ​បទវិភាគរបស់​គង់ សុឋានរិទ្ធ

ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឬទ្ធិ (ស្តាំ) និង​លោ​ក ញឹក ប៊ុនឆៃ (ឆ្វេង)។​
ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឬទ្ធិ (ស្តាំ) និង​លោ​ក ញឹក ប៊ុនឆៃ (ឆ្វេង)។​
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​នយោបាយ​នៃ​គណបក្ស​រាជានិយម​ហាក់​បី​ដូច​ជា​បាន​រក​ឃើញ​ផ្លូវ​ទៅ​កាន់​ទីបញ្ចប់​នៃ​ជីវិត​​នយោបាយ​មួយ​ នៅ​ពេល​ដែល​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​បែកខ្ញែក​ជា​ពីរ​បក្ស​ជា​លើក​ទី​២ កាល​ពី​សប្តាហ៍​មុន។​ នោះ​គឺ​លោក​ញឹក ប៊ុនឆៃ អនុ​ប្រធាន​ទី​២​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ​បាន​ចាក​ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ រីឯ​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ គង់​នៅ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដដែល។ ​ការ​បែកបាក់​នេះ​ដោយសារ​ជម្លោះ​ផ្ទៃ​ក្នុង​ដែល​មិន​អាច​ផ្សះ​ផ្សា​គ្នា​បាន។

យ៉ាងណា​ក៏​ដោយ​ការ​បែកបាក់​នេះ​​បាន​ស្តែង​ឲ្យ​ឃើញ​ពី​អសមត្ថភាព​​នៅ​ក្នុង​ការ​សម្រប​សម្រួល​និង​ផ្សះផ្សា​ផ្ទៃ​ក្នុង​នៃ​គណបក្ស​ដែល​សំបូរ​ជម្លោះ។ ពីព្រោះ​ថា​ជម្លោះ​ផ្ទៃ​ក្នុង​ហ៊្វុនស៊ិនប៉ិច​មាន​ភាព​រ៉ាំរ៉ៃ​និង​អូស​បន្លាយ​​ចាប់​តាំង​ពី​មាន​ការ​បង្រួប​បង្រួម​ហ៊្វុនស៊ិនប៉ិច​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ។ ម្យ៉ាង​ទៀត​ជម្លោះ​ដែល​ឈាន​ទៅ​ដល់​ការ​បែក​បាក់​ហាក់​ដូចជា​ជាន់​ដាន​ចាស់​របស់​ហ៊្វុនស៊ិនប៉ិច។ នោះ​គឺ​ដាន​យក​ឈ្នះ​រៀងខ្លួន ការ​ចង់​បាន​មុខ​មាត់ ការ​បង្ហាញ​ពី​មហិច្ឆិតា​នៃ​ផល​ប្រយោជន៍​ជា​ដើម។ បន្ថែម​ពី​នោះ​ទៀត​ការ​បែក​បាក់​របស់​ហ៊្វុនស៊ិនប៉ិច​លើក​នេះ ​ក៏​បង្ហាញ​អំពី​ភាព​ខ្សោយ​និង​អវត្តមាន​នៃ​ភាព​ជា​អ្នក​ដឹកនាំនៅ​ក្នុង​ជួរ​ក្បាល​ម៉ាស៊ីន​គណបក្ស។ គឺ​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មិន​អាច​យោង​ស្ទួច​គណបក្ស​រាជា​និយម​ឲ្យ​ងើប​មុខ​រួច​បន្ទាប់​ពី​បាត់បង់​អសនៈ​គ្មាន​សល់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​​កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឲ្យ​គណបក្ស​នេះ​ដើរ​ត្រឡប់​ទៅរក​អតីតកាល​ កាល​ពី​ឆ្នាំ​២០០៦។ ឆ្នាំ​នោះ​ដែល​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​បែកបាក់ ហើយ​ព្រះ​អង្គ​ម្ចាស់ រណឬទ្ធិ​ត្រូវ​ទម្លាក់​ពី​ដំណែង​ប្រធាន​បក្ស។

គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ធ្លាប់​ឈ្នះ​ឆ្នោត​ និង​ឡើង​កាន់ចង្កូត​រដ្ឋា​ភិបាល​កាល​ពី​ឆ្នាំ​១៩៩៣។ ប៉ុន្តែ​ម្ភ៉ៃ​ឆ្នាំ​ក្រោយ​ឬ​បួន​អាណត្តិ​រដ្ឋា​ភិបាល​គណបក្ស​​រាជា​និយម​នេះ​ជ្រុះ​កៅអី​បាត់​គ្មាន​សល់​នៅ​ក្នុង​រដ្ឋសភា។​ពិត​មែន​ហើយ​ជម្លោះ​ផ្ទៃ​ក្នុង​បាន​បង្ហាញ​តឹក​តាង​ថា​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​បក្ស​នេះ​ទន់​ខ្សោយ​ ថយ​ថាមពល អស់​ប្រជាប្រិយភាព​បន្តិច​ម្តងៗ ហើយ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គណបក្ស​នេះ​ឬ​អ្នក​នយោ​បាយ​ចេញពី​គណបក្ស​នេះ​ទៅ​បង្កើត​គណបក្ស​ថ្មី​សុទ្ធ​តែ​បាន​ធ្លាក់​ដល់​ចំណុច​បរាជ័យ​ដែល​មិន​បាន​ទទួល​បាន​​អសនៈ​សោះ​នៅ​ក្នុង​រដ្ឋ​សភា។

ក្រៅពី​ការ​ប៉ុន​ប៉ង​ស្តារ​ឡើងវិញ​នូវ​ឱនភាព​នេះ​មិន​បាន​ជោគជ័យ ការ​បែក​បាក់​លើក​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​អ្នក​នយោបាយ​រាជានិយម​កាន់​តែ​ដុនដាប​ថែម​ទៀត។ ដុនដាប​ពី​ព្រោះថា​ពួក​គេ​នឹង​កាន់​តែ​ខាត​បង់​ពេល​វេលា​ក្នុង​ការ​ស្តារ​ទំនុក​ចិត្ត​ម្ចាស់​ឆ្នោត​ឡើងវិញ។ ម្ចាស់​ឆ្នោត​មិន​ចង់​លឺ​ឡើយ​ ការ​ប្រជែង​ផ្ទៃក្នុង​មិន​ចេះ​ចប់​រវាង​អ្នក​នយោបាយ​នោះ​ទេ។ ម្ចាស់​ឆ្នោត​សម្លឹង​រក​គណបក្ស​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​និង​បន្ត​ការងារ​ជាមួយ​ប្រជាពលរដ្ឋ។ ការ​វិលវល់​ក្នុង​វិបត្តិ​ផ្ទៃ​ក្នុង​នៃ​ក្រុម​អ្នក​នយោបាយ​រាជា​និយម​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​ឱកាស​យក​ចិត្ត​ទុកដាក់​ផ្ទាល់​ជាមួយ​ប្រជារាស្ត្រ ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​ឱកាស​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ៗ​ដែល​ត្រូវ​តាម​កាលៈទេសៈ​និង​បរិបថ​រស់​នៅ​របស់​ប្រជារាស្ត្រ​និង​យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​រឹងមាំ​ផ្សេង​ទៀត។

​បើ​សិនជា​ក្រុម​អ្នក​នយោ​បាយ​រាជា​និយម​​បន្ត​និន្នាការ​បែបនេះ នោះ​ពួក​គេ​នឹង​មិន​អាច​ងើប​ពី​ចំណុច​សូន្យ​ដូច​សព្វថ្ងៃ​នេះ​ឡើយ។ ហើយ​វា​នឹង​ក្លាយ​ជា​ទី​បញ្ចប់​នៃ​ផ្លូវ​នយោបាយ​។ ទី​បញ្ចប់​ដោយសារ​តែ​គណបក្ស​ពួក​គេ​នឹង​ពិបាក​រក​ឬ​ស្តារ​លទ្ធភាព​ឈ្នះ​ឡើង​វិញ​បំផុត។

ដូច្នេះ​អ្វី​ដែល​អ្នក​នយោបាយ​រាជានិយម​ឬ​គណបក្ស​រាជានិយម​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​ចាប់​ផ្តើម​ប្រមូល​ធនធាន​ទាំង​បញ្ញា ទាំង​ស្មារតី និង​មធ្យោបាយ​ផ្សេងៗ​និង​បង្កើត​គោល​ទស្សនៈ​វែង​ឆ្ងាយ។ ពោល​គឺ​ត្រូវ​ចាប់​ផ្តើម​មាន​ផែន​ការ​ស្តារ​ប្រជាប្រិយ​ភាព​ឡើង​វិញ​ដោយ​កំណត់​ពេលវេលា​ជាក់​លាក់​ថា​តើ​ត្រូវ​ការ​ប៉ុន្មាន​ឆ្នាំ​ទៀត​ដើម្បី​ឲ្យ​គណបក្ស​ខ្លួន​រឹងមាំ​ឡើង​វិញ​បាន​និង​អាច​ឈាន​ទៅ​ដណ្តើម​កៅអី​ក្នុង​រដ្ឋ​សភា​បាន​បណ្តើរ​ៗ​មក​វិញ។

អ្នក​នយោបាយ​រាជានិយម​គួរ​តែ​បង្រួប​បង្រួម​គ្នា​ជា​ជាង​ការ​បែក​ខ្ញែក​ ​ដ្បិត​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ហាក់​ដូចជា​នៅ​សេសសល់​សមាន​ចិត្ត​គាំទ្រ​ភាព​រស់​រវើក​នៃ​បែប​ផែន​រាជានិយម ជា​ពិសេ​ស​ក្នុង​ចំណោម​​អ្នក​បោះឆ្នោត​ចាប់​ពី​វ័យ​កណ្តាល​ឡើង​ទៅ។

ក្រៅពីនោះ​អ្នក​នយោបាយ​រាជានិយម​ឬ​បក្ស​រាជា​និយម​ក៏ត្រូវ​មាន​ផែនការ​ស្រូប​យក​ទឹកចិត្ត​ក្រុមយុវជន​ផង​ដែរ។ នោះ​មិន​មែន​ត្រឹម​តែ​បង្កើត​ចលនា​យុវជន​ដូច​បក្ស​ដទៃ​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​មាន​គោល​នយោបាយ​សម្រាប់​លើក​កំពស់​យុវជន​ជំនាន់​ក្រោយ យុទ្ធសាស្ដ្រ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ពួកគេ​មាន​លទ្ធភាព​ចូល​រួម​ក្នុង​ចលនា​សង្គម​ និង​ឱកាស​ចូលរួម​កសាង​ប្រទេស​ដោយ​ផ្ទាល់​តាម​ទិសដៅ​នៃ​ការ​ស្រមៃ​របស់​ពួកគេ។ យុវជន​គឺជា​កម្លាំង​សម្លេង​ឆ្នោត​សំខាន់​បំផុត​ក្នុង​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ