អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ចំណី​អាហារ​នៅ​កម្ពុជា​នៅ​តែ​រង​ការ​គំរាម​ពី​សុវត្ថិភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

វាជា​រឿង​នឹក​ស្មាន​មិន​ដល់​ដែល​ប្រទេស​កម្ពុជា ក្រោម​កិត្តិនាម​ថា«អាណាចក្រ​ត្នោត» បែរ​ជា​មាន​ការ​កែច្នៃ​ស្ករ​ត្នោត​ពី​ស្ករស​លាយ​ជាតិ​គីមី​ទៅ​វិញ។ ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​ដល់​សុខ​ភាព​ប្រជាជន​ធ្ងន់ធ្ងរ ប៉ះ​ពាល់​ដល់​ទីផ្សារ​ផលិត​ផល​ត្នោត​ខ្មែរ ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ។ ការ​ដែល​មិន​មាន​វិធាន​ការ​ម៉ត់​ចត់​លើ​ករណី​នេះ ស្មើ​នឹង​បំផ្លាញ​ប្រទេស​ជាតិ​និង​ប្រជាជន​ខ្លួន​ឯង​ដូច្នោះ​ដែរ។

ស្ករត្នោត ដែលលាយ​សារធាតុគីមី។
ស្ករត្នោត ដែលលាយ​សារធាតុគីមី។ From Facebook
ផ្សាយពាណិជ្ជកម្ម

 

តាំង​ពី​បុរាណ​កាល​មក ត្នោត​ជា​និម្មិត​រូប​នៃ​ប្រទេស​កម្ពុជា ត្នោត​មាន​ប្រយោជន៍​ច្រើន​បំផុត​ដល់​ជីវភាព​រស់​នៅ​ក្នុង​សង្គម​ខ្មែរ។ ផលិត​ផល​គ្រប់​ប្រភេទ​របស់​ត្នោត បាន​បង្ហាញ​ពី​រូបភាព​និង​រស់ជាតិ​ធម្មជាតិ​ពិត​ៗ។ ខ្មែរ​មួយ​នគរ​ពឹង​អាស្រ័យ​លើ​ផលិត​ផល​ដែល​ទាញ​ចេញ​ពី​ដើម​ត្នោត ពិសេស​គឺ​ស្ករ​ត្នោត​នេះ​តែ​ម្តង។ ជាមួយ​នឹង​ស្ករ​ត្នោត គេ​អាច​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ​បាយ​ក្នុង​ការ​ធ្វើ​ម្ហូប​អាហារ ធ្វើ​បង្អែម និង​ផ្តល់​ប្រយោជន៍​ដល់​គ្រឿង​បរិភោគ​ជា​ច្រើន​ទៀត។

ជា​អកុសល​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្ករ​ត្នោត ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ផលិត​ឡើង​ដោយ​ប្រើ​ជាតិ​គីមី​លាយ​ជាមួយ ហើយ​ថែម​ទាំង​នាំ​ចូល​ស្ករ​អំពៅ​ប្រភេទ​អន់ ឬ​ប្រភេទ​កាក​សំណល់ មក​លាយ​ជាមួយ​សារធាតុគីមី​ ដែល​មាន​ឈ្មោះ​ថា Sodium Hydrocilfeet ដើម្បី​បំលែង​ទៅ​ជា ស្ករ​ត្នោត។ សារធាតុ​គីមី Sodium Hydrocilfeet ​គឺ​ជា​សារធាតុ​ដែល​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស ដែល​មាន​ការ​ហាម​ឃាត់។

តាម​ពិត​ការ​ប្រើ​ម្សៅ​គីមី ដែល​ធ្វើ​ឲ្យ​ស្ករ​ត្នោត​មាន​ពណ៌​ស្រស់ ស និង​មាន​ក្លិន​ឈ្ងុយ​ឈួល សូម្បី​តែ​រុយ​ ដែល​ជា​សត្វ​គគ្រិច​ក៏​មិន​ហ៊ាន​រោម​ផង​នោះ បែរ​ជា​គេ​លក់​សម្រាប់​មនុស្ស​បរិភោគ​ទៅ​វិញ។ មើល​ទៅ​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គេ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ស្ទើរ​តែ​រក​អាហារ​ធម្មជាតិ​បរិភោគ​លែង​បាន។

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ ប៉ូលិស​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​បាន​រក​ឃើញ​សិប្បកម្ម​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រើ​ប្រាស់​សាធាតុគីមី​ប្រភេទ​ខាង​លើ ផលិត​ស្ករ​ត្នោត។ ប៉ូលិស​បាន​រឹប​អូស​រាប់​តោន​យក​ទៅ​ដុត​បំផ្លាញ​ចោល។ អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​ទាំង​អស់​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​ចំអិន​ក្រពិស ហើយ​ត្រូវ​តុលាការ​ដោះ​លែង​វិញ ដោយ​សំអាង​ថា​គ្មាន​ទោស​ដាក់​ពន្ធនាគារ យោង​តាម​ច្បាប់​គ្រប់គ្រង​អាស៊ីត​ខ្លាំង ប៉ុន្តែ​មហាជន​បាន​លើក​ឡើង​ថា​វា​ជា​ប្រភេទ​ឧក្រិដ្ឋកម្ម​បំផ្លាញ​សុខភាព​មនុស្ស​ដែល​មិន​គួរ​អត់​ឱន​ឲ្យ​បាន​ឡើយ។

មួយ​ថ្ងៃ​ៗ​ប្រជាជន​ខ្មែរ​ដែល​មាន​ជីវភាព​ទន់​ខ្សោយ ត្រូវ​បាន​រួត​រិត​ដោយ​ជាតិ​គីមី ដោយ​បន្ត​បរិភោគ​ជាមួយ​ចំណី​អាហារ​ដែល​គ្មាន​សុវត្ថិភាព។ ពី​មុន​គេ​រំពឹង​ថា​ផលិត​ផល​ធម្មជាតិ​ ​ប្រហែល​មាន​តែ​ស្ករ​ត្នោត​ទេ​ដែល​ជា​របស់​ធម្មជាតិ​ចុង​ក្រោយ​មិន​ពាក់​ព័ន្ធ​នឹង​ជាតិ​គីមី ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​រក​ឃើញ​ថា សូម្បី​តែ​ស្ករ​ត្នោត​ដែល​ខ្មែរ​មាន​ដើម​ត្នោត​រាប់​មិន​អស់ បែរ​ជា​ផលិត​ចេញ​ពី​ស្ករ​អំពៅ​ធុន​អន់ ដោយលាយ​ជាមួយ​ជាតិ​គីមី​បំលែង​ទៅ​ជា​ស្ករ​ត្នោត​ទៅ​វិញ​ វាជា​រឿង​ដែល​មិន​គួរ​ឲ្យ​កើត​មាន​ទាល់​តែ​សោះ។

តាម​រយៈ​ទង្វើ​ដែល​មិន​មាន​ការ​ពិចារណា​នេះ បង្ហាញ​ថា​ខ្មែរ​បាន​បាត់​បង់​អត្តសញ្ញាណ ធម្មជាតិ​របស់​ខ្លួន​ហើយ​គឺ​ផលិត​ផល​ចេញ​ពី​ដើម​ត្នោត។ ហើយ​ទាក់​ទង​ទៅ​នឹង​ទំនុក​ចិត្ត​វិញ​ ប្រហែល​ជា​លែង​មាន​អ្វី​ដែល​ជា​ផលិត​ផល​ធម្មជាតិ​ពិត​ៗ​ហើយ ដែល​ត្រូវ​គេ​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ។ ម្យ៉ាង​ទៀត​ទីផ្សារ​ស្ករ​ត្នោត​ខ្មែរ​ក៏​រង​ការ​វាយ​ប្រហារ ពី​កេរ្តិ៍ឈ្មោះ​មិន​ល្អ​ផង​ដែរ។

មែន​ទែន​ទៅ រឿង​នេះ​មិន​មែន​សាមញ្ញ​ទេ ត្រូវ​តែ​មាន​សំណួរ និង​សញ្ញា​សួរ​ប៉ុន​ដូង​ទំ​ហើយ ថា​ហេតុអ្វី​បាន​ជា​គ្រឿង​បរិភោគ​គ្រប់​យ៉ាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រង​ការ​គម្រាម​ពី​សុវត្ថិភាព​ ដូច្នេះ? ជា​ការ​ពិត​ចំណី​អាហារ​នៅ​កម្ពុជា ពិត​ជា​ពិបាក​និយាយ​ថា​មាន​សុវត្ថិភាព​ណាស់ ​ដោយ​ហេតុ​ថា​មាន​ករណី​ពុល​អាហារ​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស។

តាម​ពិត​ការ​ប្រើប្រាស់​ជាតិ​គីមី​លើ​ចំណី​អាហារ លើ​បន្លែ ត្រី​សាច់ មិន​មែន​ជា​រឿង​ថ្មី​ទេ។ អាហារ​ដែល​មាន​ជាតិ​គីមី​ទាំង​នេះ បាន​រុញ​ច្រាន​ឲ្យ​សុខភាព​ពលរដ្ឋ​ខ្មែរ​រង​នូវ​ជំងឺ​ប្លែក​ៗ​ជា​ច្រើន​នៅ​ក្នុង​ខ្លួន។ ការ​ដែល​ឈ្មួញ​មាន​លទ្ធភាព​បង្ក​អសន្តិសុខ​លើ​ចំណី​អាហារ​កន្លង​មក​ ត្រូវ​គេ​ស្តី​បន្ទោស​ទៅ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​មិន​ធ្វើ​ការ បណ្តែត​បណ្តោយ​ឲ្យ​ជាតិ​គីមី​ត្រូវ​គេ​ប្រើប្រាស់​ស្រែច​តែ​ចិត្ត។

ទោះ​យ៉ាង​នេះ​ក្តី​ជា​រឿយ​ៗ តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក គេ​តែង​ឃើញ​សមត្ថកិច្ច​កាំកុង​ត្រូល​ ចុះ​ទៅ​តាម​ទីផ្សារ ត្រួត​ពិនិត្យ​មើល​គុណភាព​ទំនិញ ពិសោធន៍​រក​សារធាតុ​គីមី​ផង​ដែរ។ ក៏​ប៉ុន្តែ​អាជីវករ​នៅ​តាម​បណ្តា​ផ្សារ​មួយ​ចំនួន​នៅ​តែ​ហ៊ាន​លក់​ផលិត​ផល​ដែល​មាន​លាយ​ជាតិ​គីមី​របស់​ពួក​គេ។ ផលិត​ផល​ខូច​គុណភាព ហួស​កាល​កំណត់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ញឹក​ញាប់​ថា​នៅ​បន្ត​ដាក់​លក់​ដោយ​មិន​បារម្ភ​នឹង​ការ​ចាប់​បង្រ្កាប។

រូប​ភាព​បែប​នេះ​ធ្វើ​ឲ្យ​មាន​ចំងល់​ពី​អ្នក​តាម​ដាន​សង្គម ថា​តើ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​បំពេញ​ការងារ​របស់​ផង​ខ្លួន ប្រកប​ដោយ​ភាព​ច្បាស់​លាស់​កំរិត​ណា?

ជា​រួម​បើ​មិន​មាន​ឆន្ទៈ និង​វិធាន​ការណ៍​តឹង​រ៉ឹង​ក្នុង​ការ​លុប​បំបាត់​សារធាតុគីមី​ពី​ចំណី​អាហារ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ទេ នោះ​ប្រជាជន​ខ្មែរ​នឹង​បន្ត​រង​គ្រោះ​បន្ត​ទៀត ក្នុង​នោះ​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ ជា​អ្នក​រងគ្រោះ​ខ្លាំង​ជាង​គេ ដោយសារ​ការ​ទិញ​អាហារ​ដែល​មាន​ជាតិ​គីមី​ទៅ​បរិភោគ ពួក​គេ​គ្មាន​ជម្រើស​ទេ។ ម្យ៉ាង​ទៀត​បើ​នៅ​តែ​បណ្តែត​បណ្តោយ ក្រៅ​ពី​ប្រជាជន​ខ្មែរ​អ្នក​ដែល​ខាត​គឺ​មុខ​មាត់​ប្រទេស​កម្ពុជា​ទាំង​មូល ក្រោម​ក្រសែ​ភ្នែក​អ្នក​ទេសចរណ៍​បរទេស គេ​នឹង​មិន​រើស​យក​កម្ពុជា​ជា​ទី​សំរាក​កាយ ដ៏​មាន​ផា​សុខភាព​ទៀត​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ