អានតួអត្ថបទ
កម្ពុជា

ការ​កំណត់​អាសនៈ​រដ្ឋសភា​ មិនមាន​ការ​ឯកភាព​

​ក្រុមការងារ​ចរចា​កំណែទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​បន្ត​ជួប​ចរចា​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ទី​៦​កុម្ភៈ​ នៅ​រដ្ឋសភា​។ ក្រុម​ការងារ​គណបក្ស​ទាំងពីរ​ បាន​ពិនិត្យ​ឡើង​វិញ​ លើ​ចំណុច​ដែល​មិនទាន់​ឯកភាព​គ្នា​ ក្នុង​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ រួមមាន​ ការ​កំណត់​អាសនៈ​ និង​ការ​ដៅ​អត្តសញ្ញាណ​​អ្នកបោះឆ្នោត​ ជា​ដើម​។​ ក្នុង​នោះ​ គណបក្ស​ទាំងពីរ​ បន្តមិន​ឯកភាព​គ្នា​លើ​ការ​កំណត់​អាសនៈ​រដ្ឋសភា​ដដែល។​

សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មាន​ការ​ជជែក​ច្រើន​លើ​ការ​កំណត់​អាសនៈ​រដ្ឋសភា​ សម្រាប់​អាណត្តិ​ក្រោយ។​ តែ​ក្រុម​ការងារ​​គណបក្ស​ទាំងពីរ​ មិនទាន់​រក​ចំណុច​ឯកភាព​គ្នា​នៅ​ឡើយ​ទេ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​ឲ្យ​នៅ​ថេរ​ដដែល​ គឺ​១២៣ ​អាសនៈ។​ តែ​គណបក្ស​សង្គ្រោះជាតិ​ ចង់​ឲ្យ​មាន​រូបមន្ត​មួយ​ ចែង​ក្នុង​ច្បាប់​បោះឆ្នោត​ ដើម្បី​កំណត់​អាសនៈ​រដ្ឋសភា​ នៅ​ពេល​ប្រជាជន​មាន​ការ​កើនឡើង​ ពោល​គឺ​គណបក្ស​សង្គ្រោះជាតិ​ ចង់​ឲ្យ​បង្កើន​អាសនៈ​រដ្ឋសភា​ នៅ​អាណត្តិ​ក្រោយ​ លើស​ពី​ ១២៣។

លោក​ ប៊ិន ឈិន ​ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​រក្សា​ជំហរ​ ថា​អាសនៈ​រដ្ឋសភា​ សម្រាប់​នីតិកាល​ទី​៦ ​នៅ​ដដែល​ គឺ​១២៣ អាសនៈ​ដូច​ពេល​នេះ​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ​ចង់​ឲ្យ​បង្កើន​អាសនៈ​ លើស​ពី​ ១២៣​។

លោក​ប៊ិន​ឈិន​ បាន​បញ្ជាក់​ថា​ ខេត្ត​រាជធានី​ទាំង​ ២៥ ​ទូទាំង​ប្រទេស​ នៅ​រក្សា​ការ​កំណត់​អាសនៈ​ដដែល​ លើក​លែង​តែ​ខេត្ត​កំពង់ចាម​ ដែល​ពីមុន​មាន ​១៨ អាសនៈ​ នៅពេល​នេះ ​ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​បោះឆ្នោត​ នៅ​ត្រឹម​តែ​ ១០ អាសនៈ​ រីឯ​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​ទើប​តែ​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម​ គឺ​ត្រូវ​កំណត់​ចំនួន​ ៨ អាសនៈ​។​

លោក ប៊ិន ឈិន៖​ “អីចឹង​យើង​កុំ​ឲ្យ​ទាល់​គ្នា​តែ​រឿង​កំណត់​អាសនៈ​ហ្នឹង​ ហើយ​និយាយ​ការ​ពិត​ការ​កំណត់​អាសនៈ​ហ្នឹង​ វា​ត្រូវ​មាន​ការ​ជជែក​ យក​កត្តា​ភូមិសាស្ត្រ ​កត្តា​ប្រជាសាស្ត្រ​ កត្តា​សេដ្ឋកិច្ច​ កត្តា​សង្គម​ តែ​រឿង​បកស្រាយ​បញ្ហា​ហ្នឹង​ វា​មិន​អាច​សុក្រឹត្យ​ទេ។ ប៉ុន្តែ​ចាំ ​ខ្ញុំ​បាន​ប្រាប់​ហើយ​ ចាំ​ថា​ បើ​ការ​កំណត់​អាសនៈ​នេះ​ ធ្វើ​មិន​បាន​ អាសនៈ​រដ្ឋសភា​ប៉ុន្មាន​ យក​ប៉ុណ្ណុង​ អាហ្នឹង​ គឺ​អី​ចឹង”។

ចំណែក​លោក​ គុយ ​ប៊ុនរឿន​ បាន​លើក​ឡើង​ថា ​“ខាង​គណបក្ស​សង្គ្រោះជាតិ​ ចង់​ឲ្យ​មាន​ការ​គិតគូរ​ ​ហើយ​និង​រក្សា​ទុក​នូវ​រូបមន្ត​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ នៅ​ពេល​ដែលកំណើន​ប្រជាពលរដ្ឋ​កាន់​តែ​កើន​ឡើង។​ អីចឹង​នៅ​លើ​ចំណុច​ហ្នឹង​ យើង​ជជែក​គ្នា​ទៅ​ មិនទាន់​មាន​ការ​ឯកភាព​គ្នា​ទេ”។

ចំពោះ​ការ​កំណត់​ដៅ​​អត្ត​សញ្ញាណ​​អ្នក​បោះឆ្នោត​ ក៏​ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​លើក​មក​ជជែក​ផង​ដែរ។ ​ក្នុង​នោះ ​ការ​ដៅ​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ ត្រូវ​បាន​គណបក្សសង្គ្រោះជាតិ​ ចង់​ឲ្យ​កំណត់​ជាក់​លាក់​ ដើម្បី​ឲ្យ​មាន​បញ្ជី​ឈ្មោះ​បោះឆ្នោត​ មាន​គុណភាព​ល្អ ​និង​មិនមាន​អ្នក​បន្លំ។ ​នោះ​គឺ​ការ​កំណត់​យក​ស្នាម​ម្រាមដៃ​ និង​រូបថត​អ្នក​បោះឆ្នោត​ ជា​ដើម។

ចំណុច​នេះ ​ត្រូវ​បាន​លោក​ ប៊ិនឈិន​ អះអាង​ថា ​ការ​ដៅ​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ ត្រូវ​ប្រើ​ស្នាម​ម្រាមដៃ​ និង​រូបថត​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​ឲ្យ​សិទ្ធិ​ទៅ​គជប​ ជា​អ្នក​កំណត់​ដូច្នេះ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ ចង់​ឲ្យ​កំណត់​ពី​ការ​ដៅ​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​ ចែង​នៅ​ក្នុង​ច្បាប់​បោះឆ្នោត។ ​យើង​នឹង​ពិចារណា​លើ​ចំណុច​នេះ។

នៅថ្ងៃចន្ទ​ ទី​៩កុម្ភៈ​ ក្រុម​ការងារ​គណបក្ស​ទាំងពីរ​ នឹង​បន្ត​ជួបគ្នា ​លើក​ឡើង​ពី​ចំណុច​ ដែល​មិនទាន់​ឯកភាព​គ្នា​ នោះ​គឺ​ការ​ឃោសនា​បោះឆ្នោត​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ចង់កាត់​បន្ថយ​ថ្ងៃ​ឃោសនា​ មក​ត្រឹម​តែ​ ១៤ ថ្ងៃ ​ហើយ​ការ​ហែក្បួន​ឃោសនា​តាម​ផ្លូវ​ ត្រូវ​ធ្វើ​តែ​ពីរ​ថ្ងៃ​ ​គឺ​នៅ​ថ្ងៃ​បើក​ និង​ថ្ងៃបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៕​          

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ