អានតួអត្ថបទ
កម្ពុជា

Global Witness ផ្ញើ​លិខិត​ចំហរ​ជូន​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា សុំ​ឲ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ឃាតកម្ម​លោក កែម ឡី

សហ​ស្ថាបនិក និង​ជា​នាយក​អង្គការ Global Witness លោក ផា​ទ្រីក អាឡេយ៍ (Patrick Alley)បាន​ផ្ញើ​លិខិត​ចំហ​មួយ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​ជម្រុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់ និង​ឯករាជ្យ​ជា​បន្ទាន់​មួយ ចំពោះ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​ដ៏​មាន​ប្រជាប្រិយភាព​របស់​កម្ពុជា។ ប៉ុន្តែ លោក ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ចាត់​ទុក លិខិត​ចំហ​នេះ​ថា គ្មាន​តម្លៃ​នឹង​ឆ្លើយ​តប​ទេ។

សហស្ថាបនិក​ និ​ង​ជា​នាយក​អង្គការ​ Global Witness ​លោក ​ផាទ្រីក ​អាឡេយ៍ ​(Patrick Alley)​បាន​ផ្ញើ​លិខិត​ចំហ​មួយ​ជូន​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដោយ​បាន​ជម្រុញឲ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ និងឯករាជ្យជាបន្ទាន់មួយ ចំពោះករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី
សហស្ថាបនិក​ និ​ង​ជា​នាយក​អង្គការ​ Global Witness ​លោក ​ផាទ្រីក ​អាឡេយ៍ ​(Patrick Alley)​បាន​ផ្ញើ​លិខិត​ចំហ​មួយ​ជូន​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដោយ​បាន​ជម្រុញឲ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ និងឯករាជ្យជាបន្ទាន់មួយ ចំពោះករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចំហ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៦ លោក ផាទ្រីក អាឡេយ៍ (Patrick Alley) សហស្ថាបនិក​និង​ជា​នាយក​អង្គការ Global Witness បាន​កត់​សម្គាល់​ថា ការ​ចូលរួម​ដង្ហែ​សព​លោក កែម ឡី ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ និង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ ដែល​បាន​ធ្វើ​ឡើង​កាន់​តែ​ច្រើន​ឡើង លើ​ឃាត​កម្មនេះ ស​បញ្ជាក់​ច្បាស់​ថា គ្រប់​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ ដែល​មាន​លក្ខណៈ​មិន​ពេញ​លេញ និង​មិន​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​នោះ​ទេ។

លោក ផាទ្រីក អាឡេយ៍ (Patrick Alley) បាន​ចាត់​ទុក ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦​ថា គឺ​ជា​ព្រឹត្តិការណ៍​ថ្មី​បំផុត នៃ​បណ្តា​អំពើ​ហិង្សា​នានា​ប្រឆាំង នឹង​សមាជិក​គណបក្ស​ប្រឆាំង សកម្មជន និង​អ្នក​សារព័ត៌មាន ហើយ​កំពុង​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ លិខិត​ចំហរ​នេះ​កត់​សម្គាល់​ដែរ​ថា នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​លោក កែម ឡី នេះ មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​ដែល​ថា ការ​ស៊ើប​អង្កេត​នេះ នឹង​ត្រូវ​បរាជ័យ ដោយ​មិន​អាច​កំណត់​រក ឬ​កាត់​ទោស​អ្នក​ដែល​បាន​បញ្ជា​លើ​បទ​ឧក្រិដ្ឋ​បាន​ដូច (ករណី) លើក​មុន​ៗ​ដែរ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចាត់​ទុក​លិខិត​ចំហរ​នេះ​ថា គ្មាន​ន័យ​នឹង​ឆ្លើយតប​នោះ​ទេ។ លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ទោះបី​ជា​លោក​នៅ​មិន​ទាន់​ឃើញ​លិខិត​នេះ​ក្តី តែ​ថា រដ្ឋាភិបាល​មិន​ដែល​ចាប់​អារម្មណ៍​ចំពោះ​លិខិត ឬ​របាយការណ៍​របស់​អង្គការ​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ​ទេ។ លោក បាន​ចាត់​ទុក​ថា លិខិត​នេះ គឺជា​ការ​បំពាន​លើ​អធិបតេយ្យភាព​របស់​កម្ពុជា។

ចំណែក​លោក ខៀវ សុភ័ក្រ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​ស៊ើប​អង្កេត​ទាំង​ឡាយ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​របស់​កម្ពុជា។ ដោយ​មិន​សំដៅ​ទៅ​លើ​លិខិត​ចំហរ​របស់ Global Witness លោក ខៀវ សុភ័ក្រ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្តល់​ភស្តុតាង​នានា​មក​កាន់​អាជ្ញាធរ ដើម្បី​ស៊ើប​អង្កេត​បន្ត​លើ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី​នេះ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​លិខិត​ចំហ​របស់​អង្គការ Global Witness​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​បន្ទាប់​ពី​មរណភាព​របស់​លោក កែម ឡី មាន​របាយការណ៍​ថា មិត្តភក្តិ និង​អ្នក​រួមការងារ​របស់​លោក កែម ឡី មួយ​ចំនួន​បាន​រង​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ ក្នុង​នោះ សកម្មជន​ពីរ​រូប គឺ​ជុំ ហួរ និងជុំ ហួត ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជម្លៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​ការពារ​ជីវិត​ឲ្យ​ផុត​គ្រោះភ័យ។ Global Witness ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ធានា​លើ​សុវត្ថិភាព​របស់​បុគ្គល​ទាំងនេះ និង​អ្នក​ដែល​គាំទ្រ​ពួកគេ ហើយ​គោរព​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ