អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ចេញ​មក​គោរព​វិញ្ញាណក្ខន្ធ​លោក ប៉ែន សុវណ្ណ នៅ​មុខ​ទីស្នាក់​ការ​បក្ស

សព​លោក ប៉ែន សុវណ្ណ បាន​ដង្ហែ​មក​ដល់​វត្ត​នួន​មណីរាម​ ហៅ​វត្ត​ថាន់​ហើយ​នៅ​ម៉ោង ១រសៀល​នេះ។ វត្ត​ថាន់​ គឺ​ជា​ទី​កន្លែង​តម្កល់​សព​លោក ប៉ែន សុវណ្ណ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​ ៦​វិច្ឆិកា ទើប​បូជា​នៅ​ទីតាំង​ ដែល​បាន​កំណត់​ទុក​ គឺ​មុខ​វត្ត​បទុម​វត្តី។ មុន​សព​ដង្ហែ​មក​ដល់​វត្ត​ថាន់​ក្បួន​រថយន្ត​ ក៏​បាន​ឈប់​នៅ​មុន​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឲ្យ​លោក កឹម សុខា ចុះ​មក​គោរព​សព​លោក ប៉ែន សុវណ្ណ។

ក្បួន​ដង្ហែ​សព​របស់​លោក ​ប៉ែន ​សុវណ្ណ ​ទៅ​កាន់​វត្ត​នួន​មណីរាម ​ហៅ​វត្ត​ថាន់។​
ក្បួន​ដង្ហែ​សព​របស់​លោក ​ប៉ែន ​សុវណ្ណ ​ទៅ​កាន់​វត្ត​នួន​មណីរាម ​ហៅ​វត្ត​ថាន់។​ @SBN
ផ្សាយពាណិជ្ជកម្ម

ក្បួន​រថយន្ត​ដង្ហែ​សព​លោក ប៉ែន សុវណ្ណ ភាគ​ច្រើន​គឺ​មាន​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រយ​នាក់​ដោយ​មាន​ការ​ហែហម​អម​ដំណើរ​តាម​រយៈ​មធ្យោបាយ​ផ្សេង​ៗ​រួម​មាន៖ ម៉ូតូ​និង​រ៉ឺម៉ក់​កង​បី​ជា​ដើម។ ហើយ​ក្បួន​ទាំង​នោះ​ក៏​បាន​ឈប់​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​សន្ទុះ​ ដើម្បី​ឲ្យ​លោក កឹម សុខា ចុះ​មក​គោរព​វិញ្ញាក្ខន្ធ​សព​លោក ប៉ែន សុវណ្ណ។

នៅ​ក្រោម​កម្តៅ​ថ្ងៃ​ និង​បាន​ថ្លែង​ដោយ​ខ្លី លោក កឹម សុខា ចាត់​ទុក​លោក ប៉ែន សុវណ្ណ ជា​វីរៈបុរស​ស្នេហា​ជាតិ។ ព្រោះ​លោក ប៉ែន សុវណ្ណ ជា​អ្នក​រើ​បម្រាស់​ពី​អាណានិគម​បរទេស។ លោក កឹម សុខា ក៏​បាន​រំលឹក​បណ្ដាំ​លោក ប៉ែន សុវណ្ណ ក្នុង​នាម​ជា​ខ្មែរ​ត្រូវ​ប្រឹងប្រែង​ ដើម្បី​ការពារ​ទឹកដី។

ហើយ​ក្បួន​ដង្ហែ​សព​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់​ស្ពឺ​ក៏​បាន​បន្ត​ដំណើរ​មក​ដល់​វត្ត​ថាន់​ ដើម្បី​ធ្វើ​បុណ្យ​បន្ត​នឹង​អនុញ្ញត្ត​ឲ្យ​ពលរដ្ឋ​អញ្ចើញ​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​រហូត​ដល់​ថ្ងៃ​បូជា​នៅ​ថ្ងៃ​ទី​ ៦​វិច្ឆិកា។

ទាក់ទង​ទី​កន្លែង​បូជា​សព​លោក ប៉ែន សុវណ្ណ គណកម្មការ​រៀបចំ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ រហូត​មក​ដល់​ថ្ងៃ​នេះ​នៅ​តែ​បន្ត​រក្សា​ជំហរ​ដដែល គឺ​ជា​បូជា​សព​លោក​ប៉ែន សុវណ្ណ នៅ​បទុម​វត្តី។ បើ​តាម​គណកម្មការ​រៀបចំ​បុណ្យ​សព មុខ​វត្ត​បទុម​វត្តី​ជា​ទីតាំង​មួយ​ ដែល​ស័ក្តិសម​បំផុត​សម្រាប់​កេរ្តិ៍​ឈ្មោះ​លោក ប៉ែន សុវណ្ណ។ តែ​យ៉ាង​ណា​មិញ​ជំហរ​ដាច់​ណាត់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​គឺ​មិន​អនុញ្ញត្ត​ឲ្យ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​មុន​វត្ត​បទុម​វត្តី​នោះ​ទេ។ អាជ្ញាធរ​ថា​ទីតាំង​នេះ​សម្រាប់​តែ​ឥស្សរជន​ជាន់​ខ្ពស់​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ប្រាប់​វិទ្យុ​បារាំង​សព​លោក ប៉ែន សុវណ្ណ អាច​ធ្វើ​ការ​បូជា​បាន​នៅ​វត្ត​អារ៉ាម ដែល​មាន​ទីតាំង​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ