អានតួអត្ថបទ
កម្ពុជា

លោក ផៃ ស៊ីផាន សុំឲ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​

​មន្ត្រីជាន់ខ្ពស់​​​រដ្ឋាភិបាល​​កម្ពុជា ​​លោក ផៃ ស៊ី​ផាន ​​បាន​​​អំពាវនាវ​​​ឲ្យ​​​ប្រជាពលរដ្ឋ​ខ្មែរ​​​គ្រប់​​​និ​ន្នា​ការ​​​នយោបាយ​​​ទាំង​អស់ ​ជឿ​ទុក​ចិត្ត​​​លើ​​រដ្ឋាភិបាល ​​ក្នុង​​ការ​​​​ស្វែង​​រក​​​​ដំណោះ​ស្រាយ​​​​លើ​​​​បញ្ហា​​​​ព្រំដែន​​​​ជាមួយ​​នឹង​​​ប្រទេសជិត​ខាង​​វៀតណាម​។ ​​ការ​អំពាវនាវ​​​បាន​ធ្វើ​​ឡើង ​​នៅ​​ក្នុង​​​វេ​ទិ​កា​រ​​ឯកជន​​​មួយ ​ដែល​​​លោក​​​បាន​​ជួប​​ជាមួយ​​​យុវជន​​មួយក្រុម​​​នៅ​ក្នុង​​​ភោជនីយដ្ឋាន​​​មួយ​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​នា​​​ថ្ងៃ​អាទិត្យ​​​នេះ។​​

​លោក ផៃ ស៊ីផាន ​បាន​ថ្លែង​នៅក្នុង​វេទិការ​តុអាហារ​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ថ្ងៃទី​២១​មិថុនា​២០១៥​
​លោក ផៃ ស៊ីផាន ​បាន​ថ្លែង​នៅក្នុង​វេទិការ​តុអាហារ​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ថ្ងៃទី​២១​មិថុនា​២០១៥​ @somnop
ផ្សាយពាណិជ្ជកម្ម

 

លោក ផៃ ស៊ី​ផាន ជា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង បាន​ប្រើ​វេទិការ​តុ​អាហារ ដោយបាន​ជួប​ជាមួយ​អ្នកសារព័ត៌មាន ប្រិយមិត្ត Facebook និង​យុវជន​មួយក្រុម​នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ពន្យល់​ពី​បញ្ហា​ព្រំដែន នៅក្នុង​ភោជនីយដ្ឋាន​យ៉ី​សាង (Yi Sang) ក្នុង​ទីក្រុង​ភ្នំពេញ។ នៅក្នុង​វេទិការ​ដែលមាន​យុវជន​តែ៣ទៅ៤នាក់​នេះ លោក ផៃ ស៊ី​ផាន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ជឿទុកចិត្ត​លើ​រដ្ឋាភិបាល ក្នុងការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​ជាមួយនឹង​ប្រទេសជិតខាង​វៀត​ណាម​​នេះ។
ការ​អំពាវនាវ​នេះ បានធ្វើ​ឡើង​ចំពេល​ដែល​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម កំពុងតែ​ឡើង​កំ​ដៅ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ តួយ៉ាង​ដូចជា ករណី​វៀតណាម​ជីក​ស្រះ​ចូលក្នុង​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​រតនគីរី និង​ចុង​ក្រោយនេះ គឺ​វៀតណាម​បាន​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​តំបន់​មិនទាន់​ឯកភាពគ្នា​ក្នុងស្រុក​កោះធំ​ខេត្តកណ្តាល​ជាដើម។ ហើយ​ឆ្លើយតប​ទៅនឹង​ការ​រំលោភ​បំពាន​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស ក៏បាន​ចេញ​កំណត់​ទូត​តវ៉ា​ជា​បន្ត​បន្ទាប់​​រួចមកហើយ ដែល​លោក ផៃ ស៊ី​ផាន បាន​ចាត់ទុកថា ជា​យន្តការ​ផ្លូវច្បាប់​ដោយ​ផ្អែក​លើ​​មិត្តភាព និង សន្តិភាព​និយម។

នៅ​ក្នុង​វេទិការ​នេះ លោក​ផៃ ស៊ី​ផាន ក៏បាន​រិះគន់​ទៅលើ​សកម្មភាព​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​​​បក្សប្រឆាំង ដែល​បាន​ចុះទៅ​ពិនិត្យមើល​ព្រំដែន​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​ថ្ងៃ​​សៅ​រិ៍​​ផងដែរ។ ការចុះទៅ​ពិនិត្យមើល​ព្រំដែន នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​ដែល​ត្រូវបាន​អាជ្ញាធរ​ហាមឃាត់។ លោក ផៃ ស៊ី​ផាន បាន​ហៅ​​សកម្មភាព​នេះ​ថា ជាការ​ដុត​កំដៅ​ព្រំដែន​កម្ពុជា-វៀតណាម​ឲ្យ​កាន់តែ​កើនឡើង​ខ្លាំង​ទៅ​វិញ​​ទេ។ ហើយ​ថា សកម្មភាព​នេះ គឺ​ដើម្បី​តែ​ល្អមើល​តែប៉ុណ្ណោះ។ បើតាម​អ្នកនាំពាក្យ​រូបនេះ ក្នុង​​គលៈ​ទេសៈ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គួរតែ​ឈ​នៅ​ពីក្រោយ​រដ្ឋាភិបាល ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​នេះ ទៅតាម​យន្តការ​ការទូត ការចរចារ​នយោបាយ ហើយ​បើ​គ្មាន​ប្រសិទ្ធភាព នោះ​កម្ពុជា​នឹង​ប្រើ​យន្ត​ផ្លូវច្បាប់​អន្តរជាតិ ដូចដែល​កម្ពុជា​បានធ្វើ ជាមួយ​ភាគី​ថៃ នៅក្នុង​ជម្លោះព្រំដែន​ប្រាសាទព្រះវិហារ​ជាដើម។

ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះដែរ លោក ផៃ ស៊ី​ផាន បានប្រកាសថា រដ្ឋាភិបាល​កម្ពុជា នឹងធ្វើ​វេទិការ​បើកចំហ​មួយ នៅ​ថ្ងៃទី១១ខែវិច្ឆិការ​ឆ្នាំ២០១៥ខាងមុខនេះ ដើម្បី​ពន្យល់​បន្ថែមទៀត​ពី​បញ្ហា​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​ពិសេស​ជាមួយនឹង​ប្រទេស​ថៃ និង​វៀតណាម។ វេទិការ​នោះ នឹងមាន​ការចូលរួម​ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ