អានតួអត្ថបទ
កម្ពុជា

បី​​ខែ​​ដើម​រដូវ​​វស្សា ​ការ​ដាំ​ដុះ​​ធ្លាក់​ចុះ ​ខណៈ​​គ្រោះ​រាំងស្ងួត​​ប៉ះពាល់​​ដល់​​ខេត្ត​​ក្រុង​​ចំនួន​១២​

របាយការណ៍​របស់​ក្រសួងកសិកម្ម​បង្ហាញថា ការដាំដុះ​ស្រូវ​រដូវវស្សា​ឆ្នាំនេះ បាន​ធ្លាក់ចុះបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ការដាំដុះ​ធ្លាក់ចុះ ដោយសារតែ​កម្ពុជា​បាន​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួតដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ក្រុង​ចំនួន១២នៅ​ទូទាំងប្រទេស ក្នុងនោះ​ខេត្តកំពង់ស្ពឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។

បី​​ខែ​​ដើម​រដូវ​​វស្សា ​ការ​ដាំ​ដុះ​​ធ្លាក់​ចុះ ​ខណៈ​​គ្រោះ​រាំងស្ងួត​​ប៉ះពាល់​​ដល់​​ខេត្ត​​ក្រុង​​ចំនួន​១២​
បី​​ខែ​​ដើម​រដូវ​​វស្សា ​ការ​ដាំ​ដុះ​​ធ្លាក់​ចុះ ​ខណៈ​​គ្រោះ​រាំងស្ងួត​​ប៉ះពាល់​​ដល់​​ខេត្ត​​ក្រុង​​ចំនួន​១២​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ខេត្ត​ដែល​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​បី​ខែ​មកនេះ​រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកំពង់ធំ កណ្តាល ព្រៃវែង ពោធិសាត់ តាកែវ ឧ​ត្ត​រ​មានជ័យ និង​ក្រុងភ្នំពេញ ហើយ​ខេត្ត​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ខេត្តកំពង់ស្ពឺ។ នេះ​បើតាម​របាយការណ៍​ស្តីពី​សភាពការណ៍​នៃ​ការបង្ករ​បង្កើន​ផលដំណាំ​រដូវវស្សា​ឆ្នាំ២០១៥ ដែល​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី៣០កក្កដា ហើយ​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​ទើបនឹង​ទទួលបាន​នៅ​ថ្ងៃទី៨សីហា​នេះ។

ផ្អែក​តាម​របាយការណ៍​នេះ ការដាំដុះ​ស្រូវវស្សា​ឆ្នាំនេះ មានការ​ធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ គិត​ត្រឹម​ចុងខែ​កក្កដា​កន្លងទៅ នៅ​ទូទាំងប្រទេស ការ​ស្ទូង​និង​ព្រោះស្រូវ​ក្នុង​រដូវវស្សា​សម្រេចបាន​តែ​ចំនួន១៥៥៧១៦៨ហិច​តា ស្មើនឹង៦០.៦៦%នៃ​ផែន ការ​ជាង២លាន​ហិច​តា ពោលគឺ​តិចជាង១២១ ១០៥ ហិច​តា បើ​ប្រៀបធៀប​ក្នុង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ការធ្លាក់ចុះ គឺ​ដោយសារតែ​កម្ពុជា​ជួប​គ្រោះរាំងស្ងួត។ គ្រោះ​រាំងស្ងួត ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទៃដី​ដាំ​ដុះ​សរុប​ចំនួន​ជាង១៥ម៉ឺន​ហិច​តា នៅក្នុង​ខេត្ត​ក្រុង​ទាំង១២ ហើយ​ក្នុងនោះ​មាន​សំណាប​សរុប​ចំនួន ២៣៤៤ ហិច​តា និង​សន្ទូង-ស្រូវពង្រោះ​ចំនួន ១៥២ ៥០៩ហិច​តាបាន​រង​ផលប៉ះពាល់ហើយ​សំណាប៦៤ហិច​តា​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺបាន​រង​ការខូចខាត​ទាំងស្រុង។

ប្រ​ឈ​មុខ​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី៧សីហា មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ថា សេ​ដាក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ខ្មែរ ត្រៀមខ្លួន​ឲ្យ​បានល្អ​សម្រាប់​ការធ្វើ​ស្រែ និង​ដាំ​ដំណាំផ្សេងៗទៀត​នៅ​ចុងរដូវ​វស្សា​នេះ បើទោះបីជា​ប៉ុន្មាន​ថ្ងៃ​មកនេះ កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​នៅតាម​តំបន់​ជាច្រើន​ហើយ​ក្តី។

គួរ​កត់សំគាល់ថា នៅ​ឆ្នាំនេះ ប្រជាកសិករ​ខ្មែរ​ភាគច្រើន បាន​បែរមក​ធ្វើ​ស្រូវពង្រោះ​ច្រើនជាង​ស្រូវ​ស្ទូង ដោយសារតែ​បញ្ហា​គ្រោះរាំងស្ងួត នឹង​ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ