អានតួអត្ថបទ
កម្ពុជា

លោក​នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​ជា​លើក​ទី២​ មិន​ឲ្យ​រថយន្ត​ឈ្នួល​ឡើង​ថ្លៃ​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល​ខ្លាំង​ពេក​ នៅ​ពេល​ដែល​កម្មករ​ កម្មការនី​ ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ ក្រោយ​ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។ ​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ តាម​រយៈ​វីដេអូ​មួយ​ ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី១២​ តុលា​នេះ ​ពី​ប្រទេស​ចិន​។ ​

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​ព្រះ​កុរណា​ខ្ញុំ ​ក៏​នៅ​បន្ត​អំពាវ​នាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ឡាន​ឈ្នួល​ទាំង​ឡាយ ​មេត្តា​កុំដំ​​ឡើងថ្លៃ​ ដែល​ហួស​ហេតុ​ពេក​។​ ដំឡើង​ថ្លៃ​រួច​មក​ហើយ​! តែ​សូម​កុំ​ដំឡើង​ថ្លៃ​បន្ថែម​ទៀត នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​សម្រុក​ចូល​មក​កាន់​ទី​ក្រុង​វិញ ​ដែល​ក្នុង​នោះ​មាន​កម្មករ​ កម្មការនី ​សិស្ស និង​និស្សិត​ជា​ដើម​។” នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ពី​ប្រទេស​ចិន​ នៅ​ព្រឹក​ថ្ងៃទី១២ ​តុលា​នេះ ​ក្នុង​ឳកាស​ដែល​លោក​ ចូល​រួម​វេទិកា​ និង​សន្និ​សីទ​មួយ​ចំនួន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១២​ តុលា ​ដល់​ថ្ងៃទី​១៧ ​ខែតុលា ​ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ម៉ាកាវ​ និង​ ទី​ក្រុង​ប៉េ​កាំង​ ប្រទេស​ចិន​។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

ការ​បន្ត​អំពាវ​នាវ ​ចំពោះ​ម្ចាស់​រថ​យន្ត​ឈ្នួល​កុំ​ឲ្យ​ឡើង​ថ្លៃ​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ បាន​ធ្វើ​ឡើង ​ក្រោយ​ពី​លោក​ធ្លាប់​បាន​អំពាវ​នាវ​ម្តង​រួច​មក​ហើយ ​កាល​ពី​ថ្ងៃទី ​២២​ខែ​កញ្ញា​ មុន​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្នុង​រាជធានី​ភ្នំ​ពេញ ​ជា​ពិសេស​ សិស្ស និស្សិត​ កម្មករ​ កម្មការនី ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត ​ដើម្បី​ជួប​ជុំក្រុម​គ្រួសារ​។

បើ​ទោះ​បី​ជា​មាន​ការ​អំពាវ​នាវ​ស្ទើរ​តែ​រាល់​ឆ្នាំ​ ​ពី​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ក៏​ដោយ ​ប៉ុន្តែ​ថ្លៃ​ឈ្នួល​រថយន្ត​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ដដែល ​ក្នុង​ឳកាស​បុណ្យ​ជាតិ​សំខាន់​ៗ​។ លោក ​បណ្ឌិត​ កង​ ច័ន្ទដារ៉ារ័ត្ន អ្នក​វិភាគ​ផ្នែក​សេដ្ឋ​កិច្ច​ ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ កាល​ពី​ថ្ងៃ​ទី១០​ តុលា ​ថា ​ការ​ទាម​ទារ​នេះ ​គឺ​ជា​ការ​ទាម​ទារ​បញ្ច្រាស​ពី​ចរាចរណ៍​ទីផ្សារ​ ព្រោះ​ថា​ក្នុង​ឳកាស​រដូវ​បុណ្យ​ជាតិ​ធំៗ​ យើង​មិន​អាច​ទាមទារ​ឲ្យ​តម្លៃ​រថយន្ត​ឈ្នួល​ចុះ​ថ្លៃ​ទេ។​ លោក​បន្ត​ថា ​បើ​ចង់​ឲ្យ​តម្លៃ​រថយន្ត​ឈ្នួល​ចុះ​ថ្លៃ ​លុះ​ត្រា​តែ​តម្លៃ​ទំនិញ​ផ្សេងៗ​ នៅ​លើ​ទី​ផ្សារ​ចុះ​ព្រម​គ្នា​ដែរ​។​

អ្នក​វិភាគ​សេដ្ឋ​កិច្ច​រូប​នេះ ​បាន​បញ្ជាក់​ថា ​គ្មាន​យន្តការ​ណា​ផ្សេង​ទេ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឡើង​ថ្លៃ​នេះ ​លុះត្រា​តែ​រដ្ឋ​ជួល​រថយន្ត​ឈ្នួល ​ឬ​រដ្ឋ​ជួល​រថយន្ត​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ ដើម្បី​ដឹក​ជញ្ជូន​ក្នុង​តម្លៃ​ថោក​។ លោក​បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​ដូច្នេះ​ថា​ កម្ពុជា​មិន​អាច​ធ្វើ​បែប​នេះ ​បាន​ទេ ​ដោយ​សារ​តែ​ក្នុង​មួយ​ឆ្នាំៗ​រដ្ឋាភិបាល​ធ្លាប់​បាន​ចំណាយ​យ៉ាង​ច្រើន​ទៅ​លើ​បុណ្យ​ជាតិ​សំខាន់​ៗ​។​

ចំណែក​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ផ្តល់​សេវា​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ​ការ​ដំឡើង​ថ្លៃ​នេះ ​គឺ​មិន​ច្រើន​នោះទេ​​ តែ​ក្រុម​ហ៊ុន​យក​ប្រាក់​ដំឡើង​នេះ​ ដើម្បី​ឧបត្ថម​សម្រាប់​បុគ្គលិក ​ដែល​ធ្វើ​ការ​បន្ថែម​ម៉ោង​ ដោយ​មិន​បាន​ឈប់​សម្រាក​ក្នុង​ឳកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ