អានតួអត្ថបទ
កម្ពុជា

ប៉ូលិស​បញ្ជូន​អង្គរក្ស​ ៤ នាក់​ របស់លោក​ឧកញ៉ា ​ថោង សារ៉ាត់ ​ទៅ​តុលាការ

ប៉ូលិស​ បាន​បញ្ជូន​អង្គរក្ស​ ៤ នាក់​ របស់លោក​ឧកញ៉ា​ ថោង សារ៉ាត់​ ដែល​ជាប់ចោទ​ពីបទ​មនុស្ស​ឃាត​ បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ ទៅ​កាន់​តុលាការ​ នៅ​រសៀល​ថ្ងៃនេះ។​ ដោយ​ឡែក​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ រួមទាំង​ឪពុកម្តាយ​របស់លោក​ ឧកញ៉ា​ ថោង សារ៉ាត់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់មិញ​ មិនទាន់​មាន​ដំណឹង​ថា​ ប៉ូលិស​ ត្រូវ​ដោះលែង​ ឬ​ចាត់ការ​បែបណា​ នៅ​ឡើយ​នោះទេ។

លោក​សៀង​ វាសនា​(ពាក់អាវ​ព៌ណខ្មៅ​ខាង​ស្តាំ​)ជា​ឃាតក​សំលាប់​ឧកញ៉ា ​អ៊ឹង​ ម៉េងជឺ​ និង​លោកលី​ សៅ​ ជា​អ្នក​បើក​ម៉ូតូ​ឌុប​ជន​ដៃដល់​(ពាក់​អាវ​ស​ខាង​ឆ្វេង​)។
លោក​សៀង​ វាសនា​(ពាក់អាវ​ព៌ណខ្មៅ​ខាង​ស្តាំ​)ជា​ឃាតក​សំលាប់​ឧកញ៉ា ​អ៊ឹង​ ម៉េងជឺ​ និង​លោកលី​ សៅ​ ជា​អ្នក​បើក​ម៉ូតូ​ឌុប​ជន​ដៃដល់​(ពាក់​អាវ​ស​ខាង​ឆ្វេង​)។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

អង្គរក្ស​ទាំង​ ៤នាក់​នោះ​ បាន​សារភាពថា​ ខ្លួន​មិនមែន​ជា​ឃាតក​ស៊ីឈ្នួល​នោះទេ​ តែ​គ្រាន់តែ​ធ្វើ​តាម​បញ្ជា​មេ​ ជា​ថ្នូរ​នឹង​ការ​សន្យា​ឱ្យ​ផ្ទះ​ម្នាក់​ ១ល្វែង។​នេះ​បើតាម​ការ​បង្ហាញ​ព័ត៌មាន​ នៅ​លើ​ទំព័រ​សាលា​រាជធានី​ភ្នំពេញ។

អង្គរក្ស​ ៤នាក់​ ដែល​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​នោះ​ រួមមាន​ ទី១​-ឈ្មោះ ​សៀង វាសនា​ ជា​ឃាតក​ ទី២​-ឈ្មោះ ​លី សៅ ​ជា​អ្នក​បើក​ម៉ូតូឌុប​ជនដៃដល់​ធ្វើ​សកម្មភាព​ ទី៣​-ឈ្មោះ ​មាស សម្បត្តិ​ ជា​អ្នក​បើក​ម៉ូតូ​សម្រាប់​ការពារ​ពីក្រោយ​ និង​ទី៤​-ឈ្មោះ ​កូយ ចាន់ថុល​ ជា​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ ហើយ​ជា​អ្នក​មក​ពិនិត្យ​មើល​សព​របស់ជន​រងគ្រោះ​ក្រោយ​កើត​ហេតុ។

លោក​ ជួន ណារិន​ ស្នងការ​រងនគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា​ លោក​ឧកញ៉ា ​ថោង សារ៉ាត់​ ជា​ម្ចាស់​បុរី​៩៩៩​ ត្រូវ​បាន​សមត្ថកិច្ច​ រក​ឃើញ​ថា​ ជា​អ្នក​រៀបចំ​គម្រោង​យ៉ាង​លម្អិត​ តាំង​ពី​ដើម​រហូត​ដល់​ចប់​ ដើម្បី​សម្លាប់​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ ថៅកែ​ស៊ីម៉ងតិ៍​ពេជ្រ​ និង​ហាង​ពេជ្រ​ ហុងកុង​ ប៉ុន្តែ​លោក ​ណារិន​ មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៅ​ឡើយ​ទេ​ ល្គឹក​ណា​ចាប់ខ្លួន​មេខ្លោង​មិន​ទាន់​បាន។

សូមបញ្ជាក់​ថា​ ក្រោយ​ពី​ប្រតិបត្តិការ​ពេញ​មួយ​យប់​ ថ្ងៃ​ពុធ​ទី៣ធ្នូ ​ឈានដល់​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ​សមត្ថកិច្ច​កម្ពុជា​ បាន​សម្រេច​ឃាត់​ខ្លួន​មនុស្ស​សរុប​ ១៤នាក់​ ក្នុង​នោះ ​រួមមាន​ឱពុក​ម្តាយ​ អង្គរក្ស​ រួមទាំង​ប្រពន្ធ​ និង​អ្នក​បំរើ​របស់​លោក​ឧកញ៉ា​ ថោង​ សារ៉ាត់​។ ​  ដោយ​ឡែក​ មេខ្លោង​ក្នុង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា ​អ៊ឹង ម៉េងជឺ ​គឺ​លោក​ឧកញ៉ា​ ថោង សារ៉ាត់​ កំពុង​រត់គេចខ្លួន។

យោង​តាម​គេហទំព័រ​សាលា​រាជធានី​វិញ ​ក្នុងចំនោម​អាវុធ​ទាំង​ ៨​ ដើម​ ដែល​រកឃើញ​ដោយ​សមត្ថកិច្ច​នោះ ​៣ដើម​ បាន​រកឃើញ​នៅផ្ទះ​ឧកញ៉ា ​ថោង សារ៉ាត់​ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​ ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​ម៉ោង​២២​ និង​៤០នាទី​យប់​ ចំណែក​អាវុធ​ ៣ ​ដើម​ផ្សេងទៀត​ បាន​រក​ឃើញ​នៅ​គេហដ្ឋាន​ទីពីរ​របស់​គ្រួសារ​នេះ​ ហើយ​ ២ដើម​ចុងក្រោយ​ រកឃើញ​ ក្នុង​រថយន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ