អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឆាក​នយោបាយ​ខ្មែរ​ឡើង​កម្ដៅ​ជា​ថ្មី​នៅ​ពេល​ការ​បោះ​ឆ្នោត​​ខិត​​ជិត​​មក​​ដល់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ទើប​តែ​បោះ​​ឆ្នោត​​ធ្វើ​​វិសោធន​កម្ម​បទ​​បញ្ជា​ផ្ទៃ​ក្នុងរ​ដ្ឋសភា​ ប្រការ៤៨ថ្មី៣ ដែល​​ស្មើ​​នឹង​​ការ​​លុប​​ចោល​​តំណែង​​ប្រធាន​​ក្រុម​​មតិ​​ភាគ​​តិច​​នៃ​​រដ្ឋសភា​​ របស់​​លោក​​ កឹម​ សុខា​។ មិន​​​ត្រឹម​​តែ​​ប៉ុណ្ណោះ​​ លោក​​នាយក​​រដ្ឋ​មន្ដ្រី​​ ហ៊ុន សែន ក៏​​បាន​​ស្នើ​​ទៅ​​កាន់​​តំណាង​​រាស្ត្រ​​បក្ស​​កាន់​​អំណាច​​ ឲ្យ​​រៀប​​ចំ​​ធ្វើ​​វិសោធន​កម្ម​​ច្បាប់​​ស្ដី​​ពី​​គណបក្ស​​នយោបាយ​​ផង​​ដែរ​​។ ជា​​ការ​​ធ្វើ​​វិសោធនកម្ម​​ ដើម្បី​​រារាំង​មិន​​​ឲ្យ​​​អ្នក​​ដែល​​ជា​​ទណ្ឌិត​ ធ្វើ​ជា​ប្រធាន​ឬ​អនុប្រធាន​គណបក្ស​។ ទាំង​នេះ​គឺ​ជា​ការ​ឡើង​កម្ដៅ​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ​ ដែល​គួរ​ជះ​ទឹក​ពន្លត់​ឲ្យ​បាន​ឆាប់​ មុន​ការ​បោះ​ឆ្នោត​ខែ​មិថុនា​ចូល​មក​ដល់។

លោក កឹម សុខា និង លោក ហ៊ុន សែន ចាប់ដៃស្វាគមន៍​គ្នា​នៅមុន​កិច្ច​ប្រជុំ​ពេញអង្គ​រដ្ឋសភា
លោក កឹម សុខា និង លោក ហ៊ុន សែន ចាប់ដៃស្វាគមន៍​គ្នា​នៅមុន​កិច្ច​ប្រជុំ​ពេញអង្គ​រដ្ឋសភា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

កាល​​ពី​​ចុង​​ឆ្នាំ​ ២០១៦ ឆាក​នយោបាយ​ខ្មែរ​មាន​សភាព​ត្រជាក់​ល្ហឹម​ នៅ​ពេល​ប្រធាន​ស្ដី​ទី​បក្ស​​ប្រឆាំង​​ គឺ​លោក​ កឹម សុខា ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ ហើយ​លោក​បាន​ជួប​សន្ទនា​យ៉ាង​រាក់​ទាក់​ជាមួយ​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន នៅ​ឯ​វិមាន​រដ្ឋសភា​។ ប៉ុន្តែ​ជាង​១​ខែ​ក្រោយ​មក ពោល​គឺ​នៅ​ចុង​ខែ​មករា​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​យក​វេទិកា​សភា​ជិត​១ម៉ោង​ វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​។

មិន​ត្រឹម​តែ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដីប៉ុណ្ណោះ​ទេ លោក​នាយក​រដ្ឋមន្ដ្រី​និង​ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បោះ​ឆ្នោត​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ ប្រការ​៤៨ថ្មី៣ ដែល​ស្មើ​នឹង​ការ​លុប​ចោល​តំណែង​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា​ របស់​លោក​ កឹម សុខា។ លោក​ក៏​បាន​ស្នើ​ទៅ​កាន់​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ ឲ្យ​រៀប​ចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ផង​ដែរ។ ជា​ការ​ធ្វើ​វិសោធនកម្ម ដើម្បី​រារាំង​មិន​ឲ្យ​អ្នក​ដែល​ជា​ទណ្ឌិត​ ធ្វើ​ជា​ប្រធាន​ឬ​អនុ​ប្រធាន​គណបក្ស​។

មែន​ទែន​ទៅ​ នេះ​មិន​មែន​ជា​រឿង​ប្លែក​ទេ​សម្រាប់​ឆាក​នយោបាយ​កម្ពុជា​។ កន្លង​មក​ គេ​សង្កេត​ឃើញ​ថា​ ទំនាក់​ទំនង​ល្អ​រវាង​អ្នក​នយោបាយ​នៅ​កម្ពុជា​ ជា​ពិសេស​អ្នក​នយោបាយ​គូ​បដិបក្ខ​មិន​ដែល​ស្ថិត​ស្ថេរ​គង់​វង្ស​បាន​យូរ​អង្វែង​ឡើយ​។ គឺ​តែង​តែ​បែក​បាក់​គ្នា​ទៅ​វិញ​ បន្ទាប់​ពី​យល់​ចិត្ត​គ្នា​មិន​បាន​រយៈ​ពេល​ប៉ុន្មាន​ផង​នោះ​។ ការ​បែក​បាក់​នេះ​ ច្បាស់​ណាស់​ គឺ​បណ្ដាល​មក​ពី​ភាព​មិន​ទុក​ចិត្ត​គ្នា​ ឬ​អាក្រក់​ជាង​នេះ​ គឺ​បណ្ដាល​មក​ពី​ភាព​មិន​ស្មោះ​ត្រង់​នឹង​គ្នា​តែ​ម្ដង​។

ការ​បែក​បាក់​របស់​អ្នក​នយោបាយ​គូបដិបក្ខ​ ពេល​ខ្លះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ពាក្យ​សម្ដី​ឌឺ​ដង​ ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​។ ប៉ុន្តែ​ពេល​ខ្លះ​ទៀត​ ការ​ទាស់​ទែង​គ្នា​ឈាន​ដល់​ការ​ប្ដឹ​ង​ផ្ដល់​តាម​ផ្លូវ​តុលាការ​ ឬ​ការ​បង្កើត​វិធាន​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​នយោបាយ​ផង​ក៏​មាន។

បើ​ទោះ​បី​ជា​ទំនាក់​ទំនង​ល្អ​រវាង​អ្នក​នយោបាយ​ខ្មែរ​មិន​សូវ​កើត​មាន​ញឹក​ញាប់​ដូច​ទំនាស់​ក៏​ដោយ​ ក៏​អ្នក​វិភាគ​នយោបាយ​ និង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​តែ​ទទូច​ចង់​ឃើញ​អ្នក​នយោបាយ​បង្រួប​បង្រួម​គ្នា​ ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​របស់​ជាតិ​។ ប៉ុន្តែ ដើម្បី​ឲ្យ​ទំនាក់​ទំនង​ល្អ​កើត​ឡើង​បាន​ វា​ទាល់​តែ​អ្នក​នយោបាយ​ខ្លួន​ឯង​មាន​ឆន្ទៈ​ខ្ពស់​ ស្មោះ​ត្រង់​នឹង​គ្នា​ ហើយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ ធំ​ជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ គ្រួសារ​ និង​បក្ស​ពួក​។ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ​ ទំនាក់​ទំនង​នោះ​ បើ​ទោះ​បី​ជា​បង្កើត​ឡើង​ហើយ​ក៏​ដោយ​ ក៏​វា​គង់​រលត់​ទៅ​វិញ​ជាក់​ជា​ពុំ​ខាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជាតិ​ទៀត​ផង​។

ជាក់​ស្ដែង​ដូច​ជា​ករណី​កម្ដៅ​នយោបាយ​ចុង​ក្រោយ​នេះ​អ៊ីចឹង​។ លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ប្រើ​យុទ្ធសាស្ត្រ​ចាប់​ដៃ​ជាន់​ជើង​។ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រឆាំង​ រឿង​រ៉ាវ​ដែល​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ គឺ​ជា​ការ​បង្ក​រឿង​របស់​បក្ស​កាន់​អំណាច​។ សង្គ្រាម​ពាក្យ​សម្ដី​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នេះ​ ជះ​ឥទ្ធិពល​អាក្រក់​៣។ ទី​១៖ វា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​គណបក្ស​នយោបាយ​បាត់​បង់​ទំនុក​ចិត្ត​។ ទី២៖ វា​បង្កើត​ឲ្យ​មាន​ភាព​មិន​ទុក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ​ ក្នុង​ចំណោម​អ្នក​នយោបាយ​។ ទី៣៖ វា​ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​ និង​បែក​បាក់​នៅ​ក្នុង​សង្គម​ជាតិ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​មិន​អាច​អភិវឌ្ឍ​ច្បាស់​លាស់​ ពិត​ប្រាកដ​។ នៅ​ទី​បំផុត​ តើ​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​ផល​វិបាក​ទាំង​នេះ​ មិន​មែន​ជា​ប្រជាពលរដ្​ឋ និង​ប្រជាជាតិ​ខ្មែរ​ខ្លួន​ឯង​ឬ​យ៉ាង​ណា​?

សរុប​មក​វិញ​ ទំនាស់​រវាង​អ្នក​នយោបាយ​ជះ​ឥទ្ធិពល​អាក្រក់​ណាស់​ ទាំង​សម្រាប់​គណបក្ស​នយោបាយ​ខ្លួន​ឯង​ និង​សម្រាប់​សង្គម​ជាតិ​។ អ្នក​នយោបាយ​ បើ​ទោះ​បី​ជា​គូ​បដិបក្ខ​គ្នា​ ក៏​មិន​មែន​មាន​ន័យ​ថា​ មិន​អាច​អង្គុយ​ជជែក​គ្នា​បាន​ដែរ​។ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ កម្ដៅ​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ​ដែល​កំពុង​តែ​ឆេះ​រោល​រាល​នេះ​ គួរ​តែ​ត្រូវ​បាន​ជះ​ទឹក​ពន្លត់​ឲ្យ​បាន​ឆាប់​។ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ​ កម្ដៅ​នេះ​នឹង​ជះ​ចំហាយ​អាក្រក់​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ហើយ​អាច​ក្លាយ​ទៅ​ជា​កម្មវត្ថុ​នៃ​ការ​រិះ​គន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​អន្ដរជាតិ​ផង​ក៏​ថា​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ