អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​ន​យោ​បាយ​ និង​សកម្ម​ជន​សង្គម​នាំ​គ្នា​កាន់​ទុក្ខ​ ខណៈ​ច្បាប់​ព្រំ​ដែន​ត្រូវ​បាន​ឡាយ​ព្រះ​ហត្ដ​លេ​ខា​

អ្នក​នយោបាយ​នៃ​គណ​បក្ស​ប្រឆាំង​និង​ក្រុម​សកម្មជន​សង្គម​បាន​នាំ​គ្នា​ប្តូរ​Profile ​ហ្វេស​ប៊ុក​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​កាលពី​ម្សិល​មិញ​ដោយ​ដាក់​តាំង​រូប​កាន់​មរណៈ​ទុក្ខ​។ ​រូបភាព​ទាំង​នេះ​ បាន​កើត​ឡើង​បន្ទាប់​ពី​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំ​ដែន​ឆ្នាំ​១៩៨៥ ​និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ​រវាង​កម្ពុជា និង​វៀតណាម ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​​ប្រកាស​ជាការ​ប្រញាប់​កាល​ពី​ថ្ងៃទី​៥ខែ​ធ្នូ​ឆ្នាំ២០១៩​នេះ​។

ផែនទីប្រទេសកម្ពុជា
ផែនទីប្រទេសកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

ការ​ចូល​រួមកាន់ទុក្ខទុក្ខ​របស់​អ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល ​និង​សកម្មជន​សង្គម​ទាំង​នេះ​គឺ​ខ្លះ​បាន​និយាយ​ចំៗ​ថា​ចូលរួម​សោកស្តាយ​ចំពោះ​​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាតិ​ចាត់​ទុក​ថា​ខុស​ច្បាប់​នោះ​ ​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​។​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ គ្រាន់​តែ​ប្តូរ​Profile​ និងសរសេរ​សារ​ចូលរួម​កាន់ទុក្ខ​យ៉ាងខ្លី​ប៉ុណ្ណោះ។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​បញ្ហា​សង្គម​បាន​សរសេរ​ថា« សូម​ចូល​រួម​កាន់​ទុក្ខ​និង​សោក​ស្តាយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​សម្រាប់​ការបាត់​បង់​ដ៏​ធំធេង​នៅថ្ងៃ​នេះ​»។ នៅ​គ្រា​ដែល លោក ព្រាប កុល បាន​សរសេរ​យ៉ាង​ខ្លី​ដែរ​ថា «ថ្ងៃ​កាន់​ទុក្ខ ជា​ប្រវត្តិ​សាស្ត្រ...។ សូម​កុំ​សួរ​ខ្ញុំ​ថា​នរណា​ស្លាប់​»។

រីឯ លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រៅពី​តែ​ពាក្យ​ចូល​រួម​កាន់​ទុក្ខ លោក​បង្ហាញការ«ឈឺ​ចាប់​ឥត​ឧប្បាមា! ឈឺ​ស្ទើ​រ់មរណា​សឹង​តែ​ក្អួត​ឈាម ​ចំពោះ​រឿង​នេះ​» ខណៈ​????ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ចក្រី​ លើក​ឡើង​ថា«ទុក្ខ​ខ្ញុំ​ជា​ប្រវត្តិ​សាស្ត្រ ប្រវត្តិ​សាស្ត្រ​ជា​ទុក្ខ​ខ្ញុំ​»។

សម្រាប់​លោក ហូ វ៉ាន់ និង លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​នៅក្រៅ​ប្រទេស បាន​ហៅ«ច្បាប់​បំពេញ​បន្ថែម​២០០៥ និង​២០១៩ គឺ​ជា​ច្បាប់ ខុស​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ​និង​ផ្ទុយ​ពី​ឆន្ទៈ​រាស្រ្ត​ខ្មែរ តែ​បំពេញ​ឆន្ទៈយួន បំពេញ​មហិច្ឆិតា​យួន​»។

ដោយ​ឡែក ព្រះតេជ​គុណ ប៊ុត ប៊ុនតេញ បាន​អះអាងថា «​អ្វី​គ្រប់​យ៉ាង​នឹង​ហួស​ពេល បើ​ជន​រួម​ជាតិ​យើង​នៅ​តែ​បណ្ដោយ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​តាម​អំពើ​ចិត្ត​»​ ខណៈ​ព្រះតេជ​គុណ ចាន់ លី អះអាងថា ព្រះអង្គ​សឹង​មិន​លក់ ព្រោះនឹក​ឃើញ​មាតុ​ប្រទេស​កម្ពុជា ទទួល​រង​មនោគវិជ្ជា​របស់​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់​ទៅ​យូរ​ហើយ​នោះ​។

បើ​ទោះ​ជា​យ៉ាង​ណា លោក គឹម សុខ ដែល​កំពុង​រស់​នៅ​ប្រទេស ​Norway « បើ​យើង​ជា​ខ្មែរ​ចេះ​ត្រឹម​តែ​នាំ​គ្នា​កាន់​ទុក្ខ ហើយ​មិន​ព្រម​រួប​រួម​កម្លាំង​គ្នា ទាំង​នៅ​តែ​ប្រកាន់​អស្មិ​មានះ​បុគ្គល​/​ពួក​ក្រុម ​និង​ចូល​ចិត្ត​ប្រឌិត​រឿង​លាបពណ៌​វាយ​ប្រហារ​កម្ចាត់​គ្នា​ឯង​នោះ សូម​ខ្មែរ​គ្រប់​គ្នា​ទប់​អារម្មណ៍ ត្រៀម​ចិត្ត ដើម្បី​កាន់​ទុក្ខ​នៃ​ការ​បាត់​បង់​កម្ពុជា​កណ្ដាល​នៅ​អនាគត​ផង​ពុំមែន​ត្រឹម​តែ​បាត់​កោះត្រល់​និង​ទឺក​ដី​ខ្មែរ​តាម​បណ្តោ​យ​ព្រំដែន ទៅ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បរទេស​ជិត​ខាង ដូច​យើង​ឃើញ​បច្ចុប្បន្ន​នេះ​ប៉ុន​ហ្នឹង​ទេ​»។

សម្រាប់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ខុមហ្វ្រែល ការ​អនុម័ត​​របស់​សភាជាន់ទាប​និង​សភា​ជាន់​ខ្ពស់​ទៅលើ​ច្បាប់​ស្តីពី សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ​ ធ្វើ​ឡើង​ដោយ«មិន​តម្លាភាព​និង គ្មាន​ការ​ពិភាក្សា​បែប​ពហុបក្ស» តែ​លោក ហ៊ុន សែន តែង​តែ​អះអាង​ថា​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​មិន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី«​សូម្បី​មួយ​មីលី​ម៉ែត្រ»​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ