អានតួអត្ថបទ
កម្ពុជា

ACU ហៅ​លោក​រៀល ខេមរិន្រ្ទ មក​បំភ្លឺ​ជា​ថ្មី​ពាក់ព័ន្ធ​រឿង​កិបកេង​លុយ​ចុះ​ទៅ​ព្រំដែន

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU) បាន​ទាម​ទារ​ឲ្យ​លោក រៀល ខេមរិន្ទ្រ ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ទាក់ទង​នឹង​របាយការណ៍​ចាយវាយ​ថវិកា​ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន។ តាម​លិខិត​ចុះ​ថ្ងៃ​ទី​០៨ កញ្ញា លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​ការ​បំភ្លឺ​របស់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ ថា ជាការ​បំភ្លឺ​ដោយ​លំ​ៗ​ មិន​មាន​ឯកសារ​បញ្ជាក់​ឲ្យ​បាន​ច្បាស់។ ប៉ុន្តែ​លោក​រៀល ខេមរិន្រ្ទ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​សហរដ្ឋអាមេរិកថា លោក​នឹង​មិន​បំភ្លឺ​ជា​ថ្មី​តាម​ការ​ចង់​បាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ។

លោក​រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ
លោក​រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី​ ៨ កញ្ញា បាន​ដក​ស្រង់​សម្តី​របស់​ លោក​ ឱម យ៉ិនទៀង ថា​ការ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​អំពើ​ពុក​រលួយ​ក្នុង​ការ​ចុះ​មើល​ព្រំដែន​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយ​រៀង «ជា​ការ​បំភ្លឺ​ដោយ​លំៗ​​ មិន​មាន​ឯកសារ​បញ្ជាក់​ឲ្យ​បាន​ច្បាស់»។ «ការ​បំភ្លឺ​ដោយ​លំ​ៗ​ និង​មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​បញ្ជាក់​មក​ជាមួយ​ទេ នេះ​គឺ​ជា​ការ​លំបាក​ធ្វើ​ឲ្យ​ជឿជាក់​លើ​ភាព​ស្មោះត្រង់​របស់​លោក រៀល ខេមរិន្រ្ទ។

ជាមួយ​គ្នា​នេះ​ដែរ លោក ឱម យ៉ិនទៀង បាន​ស្នើ​ឲ្យ​លោក រៀល ខេមរិន្ទ្រ ​បំភ្លឺ​ជា​ថ្មី​ដោយ​ភ្ជាប់​មក​ជាមួយ​បញ្ជី​ឈ្មោះ​ និង​ទឹក​ប្រាក់​ដែល​ម្នាក់​ៗ​បាន​ចូល​វិភាគទាន ​​បញ្ជី​ចំណាយ​ទាំងអស់​និង ​​ឯកសារ​ទទួល ការ​គ្រប់គ្រង​ និង​ការ​ចាត់ចែង​ថវិកា​ផងដែរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​លោក រៀល ខេមរិន្ទ្រ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ​ លោក​នឹង​មិន​ធ្វើ​លិខិត​បំភ្លឺ​អ្វី​ទៀត​ទេ ឆ្លើយ​តប​នឹង​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ។

បើ​តាម លោក រៀល ខេមរិន្ទ្រ ការ​លើក​ឡើង​ដូច្នេះ វា​ជា​អំពើ​អយុត្តធម៌ និង​បង្ខូច​កិត្តិយស​របស់​លោក ក្នុង​នាម​ជា​អ្នក​តំណាង​រាស្រ្ត​មួយ​រូប។

លោក​ថា លោក មិន​យល់ ហេតុ​អ្វី​បាន​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ពី​បញ្ហា​នេះ​ទេ ​ព្រោះ​អ្នក​ដែល​ប្តឹង​លោក មិន​មាន​ឯកសារ​ជា​មូលដ្ឋាន​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​មិន​មាន​ភស្តុតាង​ផង​នោះ។ ជាង​នេះ​ទៅ​ទៀត បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពិត​ជា​ចង់​ស្វែង​រក​យុត្តិធម៌​មែន​នោះ អង្គភាព​មិន​គួរ​ឲ្យ​លោក​បំភ្លឺ​តែ​មួយ​ចំហៀង​ដូច្នេះ​ទេ​ គួរតែ​ហៅ​ភាគី​ម្ខាង​ទៀត​ឲ្យ​ចូល​បំភ្លឺ​ផង​ដែរ។ លោក បន្ថែមថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​តែ​ទៅ​ធ្វើ​ការងារ​ទាក់ទង​នឹង​បញ្ហា​អំពើ​ពុក​រលួយ ជា​ពិសេស មន្រ្តី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន វា​ជា​ការ​ប្រសើរ​ជាង។

ជា​ថ្មី​ទៀត លោក រៀល ខេមរិន្ទ បាន​បញ្ជាក់​ថា លោក​នឹង​ពិចារណា និង​ពិភាក្សា​ជាមួយ​មេធាវី​របស់​លោក បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ព្រម​បញ្ចេញ​អត្តសញ្ញាណ​នៃ​អ្នក​ដែល​ប្តឹង​លោក​នោះ​ទេ លោក​នឹង​ប្តឹង​តប​វិញ ចំពោះ​អ្នក​ដែល​បង្កាច់​បង្ខូច​កិត្តយស​របស់​លោក។

សូម​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​កក្កដា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជាក់​ថា​ខ្លួន​បាន​ទទួល​ប្តឹង​ចំនួន​៣ ដែល​ចោទ​ប្រកាន់​ថា លោក រៀល ខេមរិន្ទ្រ កេង​ប្រវ័ញ្ច​ថវិកា ​៥៥០០០ដុល្លារ​សម្រាប់​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​នៅ​ខេត្ត​ស្វាយ​រៀង៕
 
 
អត្តបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ