អានតួអត្ថបទ
កម្ពុជា

លោក រៀល ខេមរិន្ទ្រ បដិសេធ​ថា​មិន​បាន​កេង​ប្រវ័ញ្ច​ប្រាក់ និង​ស្នើ​ ACU ចាត់​វិធានការ​លើ​អ្នក​ប្ដឹង

លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​បាន​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ ពី​ការ​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន កម្ពុជា​វៀតណាម​។ នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក រៀល ខេមរិន្ទ្រ បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា គឺ​ជា​ការ​ប្រឌិត ក្នុង​ចេតនា​ទុច្ចរិត​បង្ខូច​កេរ្តិ៍​ឈ្មោះ​និង​កិត្តិយស​របស់​លោក​។ តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង​របស់​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្វែង​រក​អ្នក​ប្ដឹង ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធីច្បាប់​ផង​ដែរ​​។  

លោករៀល ខេមរិន្ទ្រ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
លោករៀល ខេមរិន្ទ្រ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ @Real Camerin
ផ្សាយពាណិជ្ជកម្ម

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ បាន​គូស​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​ប្រាក់ ឬ​កេង​ប្រវ័ញ្ច​ប្រាក់​ក្នុង​ចំនួន​រាប់​ម៉ឺន​ដុល្លារ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​។ ការ​អះអាង​របស់​លោក រៀល ខេមរិន្ទ្រ ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ការ​ចោទ​ប្រកាន់​​ថា លោក​បាន​​កេង​ប្រវ័ញ្ច​ប្រាក់​​ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ ដើម្បី​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​។ នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក រៀល ខេមរិន្ទ្រ បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា គឺ​ជា​ការ​ប្រឌិត ក្នុង​ចេតនា​ទុច្ចរិត​បង្ខូច​កេរ្តិ៍​ឈ្មោះ​និង​កិត្តិយស​របស់​លោក​។

 
ទាក់ទង​​នឹង​ការ​រៀបចំ​ដំណើរ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ពន្យល់​ថា លោក​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក សរុប​ចំនួន​២​ម៉ឺន​៧៥០​ដុល្លារ​។ បើ​តាម​លោក រៀល ខេមរិន្ទ្រ ថវិកា​ទាំង​អស់​នេះ ត្រូវ​បាន​ចំណាយ​លើ​ការ​ជួល​រថយន្ត ការ​ទិញ​ទង់​ជាតិ ទង់​សាសនា សម្ភារៈ​ផ្សេង​ៗ ម្ហូប​អាហារ និង​ទឹក​សុទ្ធ​។ ហើយ​រាល់​ការ​ទទួល ការ​គ្រប់​គ្រង និង​ការ​ចាត់ចែង​ថវិកា​ទាំង​អស់ គឺ​សុទ្ធ​តែ​មាន​ក្រុម​ការងារ​តាម​ផែន​នីមួយ​ៗ ជា​អ្នក​ទទួល​បន្ទុក និង​ទទួល​ខុស​ត្រូវ​ប្រកប​ដោយ​តម្លា​ភាព​។ នេះ​បើ​តាម​លោក រៀល ខេមរិន្ទ្រ​។

ក្រៅ​ពី​បដិសេធ​ការ​ចោទ​ប្រកាន់ និង​បំភ្លឺ​ពី​ការ​ប្រើ​ប្រាស់​ប្រាក់ តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង​របស់​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្វែង​រក​អ្នក​ប្ដឹង ដែល​មាន​ចេតនា​មួល​បង្កាច់​បង្ខូច​កិត្តិយស​របស់​លោក ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធីច្បាប់​ផង​ដែរ​​។

សូម​រំលឹក​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ជូន​លោក រៀល ខេមរិន្ទ្រ កាល​ពី​ចុង​ខែ​កក្កដា​។ លិខិត​ចំហ​នេះ មាន​គោលដៅ​សុំ​ការ​បំភ្លឺ​ពី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ចំពោះ​ការ​ចោទ​ប្រកាន់​ថា​បាន​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ ពី​ការ​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំ​ដែន​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្នើ​ឲ្យ​លោក រៀល ខេមរិន្ទ្រ ធ្វើ​ការ​បំភ្លឺ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​នានា​សម្រាប់​បញ្ជាក់ ដើម្បី​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វាយ​តម្លៃមុន​នឹង​សម្រេច​បន្ត​នីតិវិធី​របស់​ខ្លួន​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ