អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ផ្នត់​គំនិត​ពលរដ្ឋ និង​ទម្លាប់​ការងារ​របស់​អ្នក​រាជការ ជា​ឧបសគ្គ​ចំពោះ​កំណែ​ទម្រង់​ថ្នាក់​ក្រោម​ជាតិ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ រាល់​ការ​ធ្វើ​លិខិត​អត្រានុកូល​ដ្ឋាន ​និង​សៀវភៅ​ស្នាក់​នៅ រួម​ទាំង​ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ គឺ​មិន​យក​ប្រាក់​កម្រៃ​ទៀត​ទេ។ ពលរដ្ឋ​នឹង​មិន​តម្រូវ​ឲ្យ​បង់​លុយ​ទៀត​ឡើយ​ ដើម្បី​ទទួល​បាន​លិខិត​ស្នាម​ទាំង​នេះ ព្រោះ​វា​ជា​គឺ​បន្ទុក​របស់​រដ្ឋ។ មានន័យថា រដ្ឋ​ជា​អ្នក​ចេញ​ថ្លៃ​ឲ្យ​។ ក៏​ប៉ុន្តែ​ ​គោលការណ៍​នេះ អាច​នឹង​គ្មាន​ប្រសិទ្ធិ​ភាព ប្រសិន​បើ​គ្មាន​ការ​កែប្រែ​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ និង​បើ​គ្មាន​កែប្រែ​ទម្លាប់​ធ្វើ​ការងារ​មិន​ល្អ​ខ្លះ របស់​អ្នក​រាជការ​។

រូបភាព​តំណាង៖ ​មន្រ្តី​រាជការ​ចូលរួម​ប្រជុំ​ទ្រង់​ទ្រាយ​ធំ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។​
រូបភាព​តំណាង៖ ​មន្រ្តី​រាជការ​ចូលរួម​ប្រជុំ​ទ្រង់​ទ្រាយ​ធំ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។​
ផ្សាយពាណិជ្ជកម្ម

តាំង​តែពី​ធ្លាក់​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៣ និង​តាំង​ពី​បាត់​បង់​កៅអី​សភា​ចំនួន​២២អាសនៈមក រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​បក្ស​កាន់​អំណាច​ចាស់ បាន​ខំប្រឹង​ប្រែង​កែ​ទម្រង់ រិះរក​ចំណុច​អសកម្ម​នានា​ហើយ​កែ​សម្រួល​ ពិសេស​គឺ​រក​កន្លែង​ណា​ដែល​ទាក់ទង​ជិត​ស្និត​បំផុត​ទៅ​នឹង​តម្រូវ​ការ​ក្នុង​ជីវភាព​រាល់ថ្ងៃ​របស់​ពលរដ្ឋ​។ ​

ជាក់​ស្តែង​ ភ្លាមៗ​ក្រោយ​ការ​រៀបចំ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ រួច​ហើយ រដ្ឋាភិបាល​បាន​ប្រកាស​មិន​យក​លុយ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​លើ​ផ្លូវ​មួយ​ចំនួន ដែល​ជា​ផ្លូវ​កសាង​ដោយ​ឯកជន ហើយ​រដ្ឋសុខ​ចិត្ត​ចេញ​ថ្លៃ​ខាត​ឲ្យ​ឯកជន។ រដ្ឋ​ក៏​ជួយ​សម្រួល​ករណី​ម៉ូតូ​ឡាន​ រាប់​តាំង​ពី​ប័ណ្ណ​បើកបរ​ គ្មាន​ប័ណ្ណ​បើក​បរ​ក៏អាច​បើក​ម៉ូតូ​បាន ឲ្យតែ​មាន​អត្តសញ្ញាប័ណ្ណ, យានយន្ត​ចង្កូត​ស្តាំ​ក៏​នៅ​តែ​អាច​បន្ត​បើក​បាន ហើយ​ថ្លៃ​ប្រេង​សាំង ក៏​បាន​ធ្លាក់​ចុះ​ និង​នៅតែ​បន្ត ​មិន​ឡើង​ថ្លៃ​ខ្លស់​ពេក​។

ការ​ដោះស្រាយ​ជួយ​សម្រួល​ករណី​ទាំង​នេះ គឺ​ត្រូវ​ចំ​នឹង​រឿង​ឆ្នាំ​ង​បាយ​ និង​រឿង​ជីវភាព​របស់​ពលរដ្ឋ​បាន​ច្រើន។ ហើយ​ថែម​ទាំង​ការ​សម្រេច​មិន​យក​កម្រៃ​លុយ​ចំពោះ​ការ​ធ្វើ​លិខិត​អត្រានុកូលដ្ឋាន សំបុត្រ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ នៅពេល​នេះទៀត គឺកាន់តែ​ត្រូវ​ចំ​ចំណុច​ចាំបាច់ ដែល​ជា​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ថែមទៀត។ ដ្បិត​ថា ការ​ធ្វើ​លិខិត​អត្រា​នុកូលដ្ឋាន គឺ​នៅ​ជាប់​នឹង​ពលរដ្ឋ​រាល់ថ្ងៃ តាំងពី​ការកើត រៀបការមាន​គ្រួសារ​ និង​មរណភាព។ ការ​មិន​យក​លុយ​សម្រាប់​ការ​បញ្ជាក់​លិខិត​ទាំងនេះ និង​មិន​យក​កម្រៃ​សម្រាប់​ធ្វើ​លិខិត​ស្នាក់​នៅ រួម​ទាំង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ គឺសុទ្ធ​តែជា​​ចំណុច​ដែល​ពលរដ្ឋ​ក្រី​ក្រភាព​ច្រើន​សាទរ។​

ក៏ប៉ុន្តែ​ បើ​គេ​សង្កេត​ឲ្យ​ស៊ី​ជម្រៅ​មែនទែន ការ​អនុវត្ត​​គោល​ការណ៍​នេះ​ គឺ​អាច​នឹងប្រឈម​​ចំពោះ​ឧបសគ្គ​ ចំនួន​២ទៅ​៣ចម្បងៗ​។​ ទី១ គឺរបៀប​ បែបបទ​ធ្វើការ​ងា​រ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ដែល​អសកម្ម និង​ទម្លាប់​ស៊ីលុយ​​ ទី២ ផ្នត់​គំនិត​និង​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង ដែល​ទម្លាប់​ជូន​សាគុណ​ ឬថ្លៃទឹក​ប៊ិច​ ហើយ​ទី៣ គឺ​ចំណូល​ពន្ធ​អាករ​សម្រាប់​រដ្ឋ។

ចំណុច​ទាំង​បីនេះ គឺ​អាច​ជា​បញ្ហា​ចំពោះកំណែ​ទម្រង់ថ្នាក់​ក្រោម​ជាតិដែល​បាន​ដាក់​ចេញ និងទើបតែ​ប្រុង​ដាក់​ចេញ​ថែម​ទៀត​នេះ​!​​​ ព្រោះថា ទី​១​ បើ​ទោះ​បី​ជា​មាន​ការ​ណែនាំ និង​ប្រកាស​ថា​ មិន​ឲ្យ​យក​ប្រាក់​កម្រៃក៏ដោយ​ ក៏ប៉ុន្តែ​​មន្ត្រី​ថ្នាក់​ក្រោម​ គឺ​មាន​ទម្លាប់ចាស់​​ ស្រេច​មកហើយ រឿង​យកថ្លៃទឹក​តែ ឬ​ថ្លៃ​ទឹក​ប៊ិច​នោះ​។

ជាក់ស្តែង​ ពលរដ្ឋ​ខ្មែរ​តែងតែ​កត់​សម្គាល់​ជារៀង​រាល់​ថ្ងៃ​ពី​ភាព​ស្ពឹក​​ស្រពន់​របស់​មន្ត្រី​រាជការមួយ​ចំនួន​ និង​ភាព​យឹតយ៉ាវ​ក្នុង​ការ​ធ្វើ​ ឬ​បញ្ជាក់​សំណុំ​ឯកសារ​ណា​មួយ​សម្រាប់​ពលរដ្ឋ​។ ប៉ុន្តែ​បើ​មានលុយ​​ថ្លៃ​ទឹក​តែ​ ឬ​ថ្លៃ​ទឹក​ប៊ិច​ខ្លះ ទើប​កិច្ច​ការ​នោះ​វា​អាច​ដើរ​លឿន ឬ​រលូត​ទៅបាន​ឆាប់។​ គឺ​ដូច​​ពាក្យ​ដែល​គេ​តែង​តែ​និយាយ​ ហើយ​សឹងតែ​មន្ត្រី​ខ្លះ​ពោលសឹក​​​មាត់ខ្លួន​ឯង​ទៅហើយផង​ថា គេ​មិន​អាច​ប្រើគោ ដោយ​មិន​ឲ្យ​ស៊ី​ស្មៅ​បាន​ឡើយ។  នេះ​គឺជា​ទម្លាប់​អាក្រក់​ អសកម្ម​មួយ ដែល​ជាប់​ដុះ​ស្លែ​រ​យូរ​ណាស់​មក​ហើយ​ចំពោះ​រដ្ឋាបាល​ថ្នាក់​ក្រោម។

ទី​​២ ពលរដ្ឋខ្មែរ​​ខ្លួន​ឯង តែង​ប្រកាន់​ផ្នត់​គំនិត​ជូន​សា​គុណ បើ​ទោះ​បី​ជា អ្នក​ខ្លះ​​ដឹង​ហើយថា មន្ត្រី​រាជការ​សាធារណៈ ជាអ្នកធ្វើ​កិច្ចការ​​បម្រើ​ប្រយោជន៍​មហាជន​ក៏ដោយ។ ទន្ទឹម​នេះ ពួក​គេ​នៅតែ​ជឿជាក់​ថា ទាល់តែ​មាន​លុយ ដែល​វា​ជា​ប្រេង​រំអិល​សក្តិសិទ្ធ​ ទើប​ម៉ាស៊ីន​ការងារ​រដ្ឋ អាច​​ដំណើរ​ការ​ទៅបាន​ល្អ និង​លឿន​រហ័ស​។​ ដូច្នេះ បើ​ពលរដ្ឋ​ចង់​បាន​ឯកសារ​ បញ្ជី​លិខិត​ស្នាម​របស់​ខ្លួន​ ឆាប់ធ្វើ​រួច​ និង​ឆាប់​បាន​ប្រើ​ គឺ​ទាល់តែ​ជូន​សាគុណ​ខ្លះ​តាម​ទម្លាប់​ទៅ។ នេះ​ជា​ទម្លាប់​ការមិនល្អ​មួយ​របស់​ពលរដ្ឋ​ដែល​ត្រូវ​ជីក​គាស់​រម្លើង​ តែ​បើ​ចង់​លុប​បំ​បាត់​ គឺទាល់​តែ​លុប​បំបាត់​ទម្លាប់​របៀប​ធ្វើការ​ងារ​ចាស់​របស់​មន្ត្រី​ខ្លះផង​​ដែរ។​

ចំណុច​ទី៣ ការ​មិន​យក​កម្រៃ​ចំពោះ​ការ​ធ្វើ​លិខិត​អត្រាអនុកូល​ដ្ឋាន គឺវា​អាច​បាត់​បង់​ប្រាក់​ចំណូល​ បើ​​មិន​តិចក៏​ច្រើន​ណាស់​ដែរ ដែល​នេះ គឺ​នឹងកាន់តែ​ធ្លាក់​បន្ទុក​សម្រាប់​រដ្ឋ​ថែមទៀត ខណៈ​ដែល​រដ្ឋ​ខ្មែរ​កំពុង​តែ​ក្រ​ស្រាប់​ផង។​

ទោះបី​ជា​យ៉ាង​ណាក្តី ការ​ប្រកាស​មិន​យក​កម្រៃ​សម្រាប់កា​រ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​ចំពោះ​ពលរដ្ឋ​នៅពេល​នេះ គឺ​ជា​រឿងល្អ​សម្រាប់​ជួយ​សម្រាល​បន្ទុកភាព​លំបាក​​របស់​ពលរដ្ឋ​ក្រីក្រ​ជាទូទៅ​។ តែ​វា​អាច​ទទួលជោគជ័យទៅ​បាន​ គឺទាល់តែ​ផ្នត់គំនិត​ និងទម្លាប់​ការងារ​ របស់​ពលរដ្ឋ​និង​របស់​មន្ត្រី​ មាន​ការ​ផ្លាស់ប្តូរ​ជាមុន​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ