អានតួអត្ថបទ
កម្ពុជា-ផ្សព្វផ្សាយ

លោក ខៀវ កញ្ញារីទ្ធ៖ អ្នក​រាយការណ៍​វិទ្យុ​អាស៊ី​សេរី​នៅ​តែ​អាច​ចុះ​យក​ព័ត៌មាន​បាន​ឲ្យ​តែ​ប័ណ្ណ​ពួក​គាត់​មាន​សុពលភាព

លោក ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា នេះ បាន​លើក​ឡើង​ថា អ្នក​រាយការណ៍​វិទ្យុ​អាស៊ី​សេរី​នៅ​តែ​អាច​បន្ដ​យក​ព័ត៌មាន​របស់​ខ្លួន​បាន​ដដែល ប្រសិន​បើ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នក​កាសែត​របស់​ពួក​គេ​នៅ​មាន​សុពលភាព​។ ការ​បញ្ជាក់​របស់​រដ្ឋមន្ដ្រី​ព័ត៌មាន​នៅ​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​អ្នក​គ្រប់​គ្រង​វិទ្យុ​អាស៊ី​សេរី​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ដើម​ខែ​នេះ ហើយ​ក្រុម​អ្នក​រាយការណ៍​របស់​វិទ្យុ​នេះ​ក៏​ត្រូវ​បាន​គម្រាម​ថា អាច​ប្រឈម​មុខ​នឹង​ច្បាប់​ប្រសិន​បើ​ពួក​គេ​បន្ដ​ចុះ​យក​ព័ត៌មាន។

លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រី​​ក្រសួង​​ព័ត៌មាន
លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ដ្រី​​ក្រសួង​​ព័ត៌មាន RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​ស្លាប់​អ្នក​កាសែត​ជាតិ​ និង​អន្តរជាតិ​ ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​ ឆ្នាំ​១៩៧០​ -​ ១៩៧៥ នៅ​ខាង​មុខ​ស្ថាន​ទូត​បារាំង លោក​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ទាំង​អស់ នៅ​តែ​អាច​បន្ដ​ចុះ​យក​ព័ត៌មាន​របស់​ខ្លួន​បាន​ដូច​ធម្មតា។ លោក​បញ្ជាក់​ថា នៅ​កម្ពុជា​សេរី​ភាព​សារព័ត៌មាន​ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដូច្នោះ​លោក​ថា​អ្នក​រាយការណ៍​វិទ្យុ​អាស៊ី​សេរី ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅ​ដែរ នៅ​តែ​អាច​ចុះ​យក​ព័ត៌មាន​បាន ដរាប​ណា​ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​សារព័ត៌មាន​របស់​ពួក​គេ​នៅ​តែ​មិន​ទាន់​ផុត​សុពលភាព។ លោក​បន្ដ​ថា ការ​ទាម​ទារ​បែប​នេះ គឺ​ដើម្បី​ចៀស​វាង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្សេងៗ​ នៅ​ពេល​ចូល​ទៅ​យក​ព័ត៌មាន​នៅ​កន្លែង​រសើប។

លោក​រដ្ឋមន្ដ្រី​នៅ​តែ​បញ្ជាក់​ជា​ថ្មី​ទៀត​ថា ក្រសួង​ព័ត៌មាន​មិន​បាន​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ។ លោក​បន្ថែម​ថា លោក​នៅ​តែ​ចង់​ឲ្យ​វិទ្យុ​ដែល​មាន​ស្ថានីយ៍​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​មួយ​នេះ ​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ងាយ​ស្រួល​កែ​តម្រូវ​នៅ​ពេល​មាន​ការ​ផ្សាយ​ព័ត៌មាន​ណា​មួយ​ខុស​ឆ្គង។​

គួរ​រម្លឹក​ថា វិទ្យុ​អាស៊ី​សេរី​ បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១២​ខែ​កញ្ញា។ អាស៊ី​សេរី បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​បង្ក្រាប​មក​លើ​សំឡេង​សារព័ត៌មាន​ឥត​ស្រាក​ស្រាន្ត​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អាស៊ី​សេរី បន្ត​បើក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​នៅ​ភ្នំពេញ​បាន។

ក្រោយ​ការ​ប្រកាស​បិទ​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​វិទ្យុ​អាស៊ី​សេរី​បាន​បញ្ចប់​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​ដល់​បុគ្គលិក​ខ្លួន​ទាំង​អស់​ ហើយ​បង្វែរ​បុគ្គលិក​ទាំង​នោះ ទៅ​ជា​អ្នក​ធ្វើ​ការ​ឯករាជ្យ​រៀង​ខ្លួន ឬ​ហៅ​ថា Freelance វិញ។ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវបាន​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ការ​បែប “ចារកម្ម” នឹង​លោក​ថា ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ច្បាប់។ លោក​បញ្ជាក់​ថា ការ​បញ្ចប់​ការិយាល័យ​របស់​អាស៊ី​សេរី​ក្នុង​ប្រទេស​កម្ពុជា វត្តមាន​របស់​បុគ្គលិក​វិទ្យុ​នេះ​ក៏​លែង​មាន​នៅ​កម្ពុជា​ទៀត​ដែរ​។

គួរ​រម្លឹក​ដែរ​ថា​កាល​ពី​ចុង​ខែ​សីហា ក្រសួង​ព័ត៌មាន​បាន​បិទ​ស្ថានីយ៍​មួយ​ចំនួន​ដែល​បាន​លក់​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ។ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន រហូត​មក​ដល់​ពេល​នេះ ក្រសួង​បាន​ទទួល​លិខិត​មួយ​ចំនួន​ពី​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ដែល​ត្រូវ​បាន​បិទ​នោះ ដើម្បី​ស្នើ​សុំ​បើក​ស្ថានីយ៍​វិទ្យុ​ឡើង​វិញ​ដែរ ប៉ុន្ដែ​លោក​ថា​ក្រសួង​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​តាម​សំណើរ​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ