អានតួអត្ថបទ
ចរាចរណ៍

គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្តាច់​ជីវិត​មនុស្ស​អស់ ៤៩​នាក់​នៅ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ

គ្រោះថ្នាក់​ចរាចរណ៍​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​៤៩​នាក់ និង​របួស​ជាង​៥០០ នៅ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​មក​នេះ។ ខេត្ត​បាត់ដំបង គឺ​ជា​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ នៅ​ឆ្នាំ​នេះ។

គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ
គ្រោះថ្នាក់ចរាចរណ៍​តែងតែ​កើតមាន​ពេល​បុណ្យ​ចូលឆ្នាំ​ម្តងៗ ©Reuters
ផ្សាយពាណិជ្ជកម្ម

គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​៤៩​នាក់ និង​បង្ក​អោយ​របួស ៥៣០​នាក់ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ពេល​កន្លងមក​នេះ។ នេះ​បើ​យោងតាម​របាយការណ៍​ដំបូង​របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ ដែល​ចេញ​ផ្សាយ នៅ​ថ្ងៃ​អាទិត្យ ទី​១៨​ខែ​មេសា​នេះ។

លោក​អ៊ឹង ជុនហួរ អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​បាន​ថ្លែង​ប្រាប់ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់ជាតិ​ ត្រូវ​បាន​គេ​គិតគូរ​សម្រាប់​រយៈពេល​៥ថ្ងៃ ពោល​គឺ គេ​រាប់​បូក​បញ្ចូល​១​ថ្ងៃ​មុន​បុណ្យ​ចូល​ឆ្នាំ និង​១​ថ្ងៃ​ក្រោយ​បុណ្យ​ចូលឆ្នាំ​បន្ថែម​ទៀត។ ក្នុង​អំឡុង​រយៈពេល​៥ថ្ងៃ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​៤៩​នាក់ និង​បង្ក​អោយ​របួស​ចំនួន ៥៣០​នាក់ ក្នុង​នោះ​មាន​អ្នករបួស​ធ្ងន់​ចំនួន​ជិត​៣០០​នាក់។ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​មុន ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ចំនួន​បីនាក់ ប៉ុន្តែ​ចំនួន​អ្នករងរបួស​មាន​ការកើនឡើង​ច្រើន​ជាង​ឆ្នាំមុន​ប្រមាណ​ជា​៥០​ នាក់។

បើផ្អែក​លើ​តួលេខ​ខាងលើ​នេះ គេ​សង្កេត​ឃើញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​មិនទាន់​មាន​ការថយចុះ​ច្រើន​នៅ​ឡើយ​ទេ បើទោះបី​ជាមាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​យ៉ាងណា​ក៏​ដោយ។

លោក ​អ៊ឹង ជុនហួរ អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​បាន​បន្ត​បញ្ជាក់​ទៀត ​ថា នៅ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​នេះ ខេត្ត​បាត់ដំបង គឺ​ជា​ខេត្ត​ដែលមាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ បើប្រៀបធៀប​ទៅនឹង​ខេត្ត​ក្រុង​ដទៃៗ​ទៀត។ លទ្ធផល​ដំបូង​របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​បាន​អោយ​ដឹង​ថា ខេត្ត​បាត់ដំបង​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​៣០​ករណី​ដែល​បណ្តាល​អោយ​ មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ក្នុង​ចំណោម​មនុស្ស​ស្លាប់​៤៩​នាក់​ក្នុង​ ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។ រហូត​មក​ដល់​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ទេ​ថា តើ​ខេត្ត​ណា​ឬ​ក្រុងណា​មាន​មនុស្ស​ស្លាប់ និង​រង​របួស​តិច​ជាង​គេនោះ។

លោក ​អ៊ឹង ជុនហួរ អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​បាន​បញ្ជាក់​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​ដែល​កើត​ឡើង នៅរដូវ​ចូលឆ្នាំ​កន្លងមក​នេះ គឺបណ្តាល​មក​ពី​មូលហេតុ​បី​យ៉ាង​ធំៗ។ ទី១​៖ គឺ​ការបើកបរ​ហួសល្បឿន​កំណត់។ ទី​២៖ គឺ​ការមិន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​ទី៣​៖ គឺ​ការប្រើប្រាស់​គ្រឿង​ស្រវឹង។

គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ កម្ពុជា​បាន និង​កំពុង​ផ្តាច់​ជីវិត​មនុស្ស និង​ធ្វើ​អោយ​សង្គមជាតិ​ខាតបង់​ប្រាក់កាស​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​មួយ​ ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

កាល​ពី​ឆ្នាំ​២០០៩​កន្លងមក ប្រទេស​កម្ពុជា​បាន​បាត់បង់​ថវិកា​ប្រមាណ​ជា​២៥០​លាន​ដុល្លារ​ដោយសារ​ គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​មនុស្ស​ស្លាប់​១៧០០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ