អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍ

សាលា​ក្រុង​ផ្ដើម​ជួស​ជុល​ផ្លូវ​ខូច​ខាត​ដោយ​ចំណាយ​ថវិកា​១០​លាន​ដុល្លារ​ខណៈ​សង្គមស៊ីវិល​ស្នើ​ឲ្យ​គិត​គុណ​ភាព​ផ្លូវ

សាលាក្រុង​ភ្នំពេញ​នឹង​ប្រើប្រាស់​ទឹក​ប្រាក់​១០​លាន​ដុល្លារ​នៅ​ក្នុង​ការ​ជួស​ជុល​ផ្លូវ​ដែលកំពុង​រង​ការ​ខូច​ខាត​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៥៧​ខ្សែ ដែល​មាន​ប្រវែង​ជាង​៦០​គីឡូ​ម៉ែត្រ។ តែ​សម្រាប់​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ​ស្នើឲ្យ​គិត​គូរ​ពី​គុណភាព​ផ្លូវ​ជា​សំខាន់។

រូបភាព៖ ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ
រូបភាព៖ ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​ស្ដារ​និង​ជួស​ជុល​ផ្លូវ​ឡើង​វិញ​នេះ​នឹង​ប្រើ​ពេល​បី​ខែ​ដោយ​បញ្ចប់​មុន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​លើកឡើង​ថា យុទ្ធនាការ​ជួសជុល​និង​ស្ដារ​ផ្លូវ​ឡើង​វិញ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ក្រុង​ភ្នំពេញពិនិត្យ​ឃើញ​ផ្លូវ​រង​នូវ​ការ​ខូចខាត​ខ្លាំង​ដោយសារ​តែ​ផ្លូវ​មួយ​ចំនួន​មាន​អាយុ​កាល​ចាស់ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ​ដូច​ជា​ផ្លូវ​២៧១ ផ្លូវ២៧៣ ផ្លូវ៧០ ផ្លូវ៣១៥ ផ្លូវ​ម៉ៅ​សេងទុង​និង​ផ្លូវ​សំបុក​មាន់​ជា​ដើម។ 

ក្រៅ​ពី​អាយុ​កាល​នៃ​ផ្លូវ​លោក ឃួង ស្រេង បាន​ទទួល​ស្គាល់​ថា ការ​ធ្វើ​ចរាចរណ៍​របស់រថយន្ត​ដឹក​ធ្ងន់​លើស​ចំណុះ​និង​ការ​លិច​លង់​ផ្លូវ​នា​រដូវវស្សា​ក៏​ជា​មូល​សំខាន់​មួយ​នាំ​ឲ្យផ្លូវ​រង​ការ​ខូច​ខាត​ផង។ លោក ឃួង ស្រេង អះអាងថា ការ​ជួស​ជុល​និង​ស្ដារ​ផ្លូវ​ឡើងវិញ​នៅ​ក្នុង​ខណ្ឌ​ទាំង​៩​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាពលរ​ដ្ឋនោះ​ទេ។

ដើម្បី​ឱ្យ​ការងារ​ស្ថាបនា ផ្លូវ​ទាំង​៥៧ខ្សែ ធានា​បាន​ទាំង​គុណ​ភាព និង​សម្រេច​បាន តាម​ផែន​ការ​លោក ឃួង ស្រេង ចង់ឲ្យមាន​ការ​ចូល​រួមនិង​តាម​ដាន​ត្រួត​ពិនិត្យពីប្រជាពលរដ្ឋ​ក្រុម​មន្ត្រី​ជំនាញបច្ចេកទេស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​កុំ​ឱ្យ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​អនុវត្តន៍​ខុស​ពី​បទ​ដ្ឋាន​បច្ចេកទេស​​។

លោក សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិ​ទ្ធិ​លំនៅ​ដ្ឋានស្វាគមន៍​យុទ្ធនាការ​នៃ​ការ​ជួស​ជុល​ផ្លូវ​របស់​សាលារាជធានី​ភ្នំពេញ ប៉ុន្តែ​លោក​បាន​ស្នើឲ្យ​ការ​ជួស​ជុល​នោះ​ត្រូវ​គិត​គូរ​ពី​គុណភាព​ផ្លូវ​ជា​សំខាន់។ លោក​ក៏​បាន​រិះ​គន់​ការ​ធ្វើ​ផ្លូវនៅ​ភ្នំពេញ​នា​ពេល​កន្លង​មក​ថា ផ្លូវ​ជួស​ជុល​ស្អាត​ហើយ​ទើប​ជីក​លូ​ដាក់​តាម​ក្រោយដែល​ជា​ផ្នែក​មួយ​លោក​យល់​ឃើញ​ថា នាំ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ។

សម្រាប់​លោក​សៀ ភារម្យ ការ​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ផ្លូវ​ចរាចរណ៍​នៅ​ភ្នំពេញ​ក្រៅ​ពី​ស្ទះ​ចរាចរណ៍ហើយ​ក៏​ជា​ផ្នែក​មួយ​បណ្ដាល​ឲ្យ​ផ្លូវ​រង​ការ​ខូច​ខាត​ផង។ ជា​យោបល់​លោក​ថា សាលាក្រុង​គួរ​តែ​សាង​សង់​ផ្លូវ​មួយ​ផ្សេង​សម្រាប់​រថយន្ត​ធុនធ្ងន់​ធ្វើ​ចរាចរណ៍​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ផ្លូវ​នៅ​ទី​ប្រជុំ​ជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ