គណបក្សកាន់អំណាចកាត់ផ្ដាច់មនោសញ្ចេតនា ដើម្បីរក្សាប្រជាប្រិយភាព?
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសំណុំរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ជនពាក់ព័ន្ធជាច្រើននាក់ ក្នុងនោះមានទាំងឧកញ៉ាគ្រាក់ដែលជាអ្នកគាំទ្រគណបក្សប្រជាជនផង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ។ កាលពីសប្ដាហ៍មុនទៀតសោត លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យប៉ូលីសម្នាក់ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរ ចូលខ្លួនទៅសារភាពឲ្យបានឆាប់។ ចំណាត់ការទាំងនេះ បង្ហាញថា គណបក្សកាន់អំណាចហាក់ដូចជាមិនញញើតនឹងដាក់ទោសទណ្ឌមន្ដ្រីរបស់ខ្លួន ដែលប្រព្រឹត្តខុសឡើយ។ តើនេះគឺជាការកាត់ផ្ដាច់មនោសញ្ចេតនា ដើម្បីរក្សាប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចឬ?
ជាង១ខែមកហើយដែលមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ត្រូវបានបិទលែងឲ្យដំណើរការ ក្រោយសមត្ថកិច្ចរកឃើញថាមានការប្រើប្រាស់និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅទីនោះ។ ចំណែកម្ចាស់មណ្ឌលកម្សាន្តនេះ គឺលោកឧកញ៉ា គិត ធាង ក៏កំពុងត្រូវបានឃុំខ្លួននៅឯពន្ធនាគារព្រៃស ដើម្បីរង់ចាំដំណើរការនីតិវិធីបន្តផងដែរ។ ចំណាត់ការនានាលើសំណុំរឿងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ នៅមិនទាន់ចប់ត្រឹមប៉ុណ្ណឹងទេ។ រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងតែតាមវែកមុខអ្នកពាក់ព័ន្ធដទៃទៀត យកមកផ្ដន្ទាទោសតាមច្បាប់ ដោយចំពោះមន្ដ្រីប៉ូលីសម្នាក់ដែលលោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអះអាងដោយផ្ទាល់ថា មានពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀននេះដែរ។ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យមន្ដ្រីប៉ូលីសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ឲ្យចូលខ្លួនទៅសារភាពឲ្យបានឆាប់។ បើតាមលោក ស ខេង គេបានស្គាល់ហើយ អត្តសញ្ញាណរបស់មន្ដ្រីប៉ូលីសរូបនោះ។ នៅក្នុងករណីគ្រឿងញៀននេះ លោក ស ខេង សង្កត់ធ្ងន់ទៀតថា ជនល្មើសមិនអាចគេចទៅណារួចទេ ព្រោះដីកាចាប់ខ្លួនត្រូវបានចេញរួចរាល់ហើយ។
មែនទែនទៅ នេះមិនមែនរឿងថ្មីទេ ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច គម្រាមដាក់ទោសទណ្ឌចំពោះមន្ដ្រី ឬអ្នកគាំទ្ររបស់ខ្លួនដែលប្រព្រឹត្តខុស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បានចេញមុខទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន និងថែមទាំងបានជំរុញឲ្យមន្ដ្រីរបស់ខ្លួនឆ្លុះកញ្ចក់ដុះក្អែលសម្អាតខ្លួនថែមទៀតផង។ កំណែទម្រង់ការងារនិងស្ថាប័នរដ្ឋមួយចំនួនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ មន្ដ្រីមួយចំនួនដែលប្រើប្រាស់អំណាច ប្រព្រឹត្តតាមអំពើចិត្តខុសនឹងច្បាប់ ក៏ត្រូវបានចាប់ខ្លួនយកទៅផ្ដន្ទាទោសផងដែរ។ ដើម្បីការពារប្រជាប្រិយភាពរបស់ខ្លួន គណបក្សកាន់អំណាចហាក់ដូចជាមិនញញើតនឹងដាក់ទោសទណ្ឌមន្ដ្រីរបស់ខ្លួន ដែលប្រព្រឹត្តខុសឡើយ។
ចំណាត់ការរបស់គណបក្សកាន់អំណាចលើមន្ដ្រីប្រព្រឹត្តខុសនេះ ត្រូវអ្នកវិភាគនយោបាយផ្ដល់តម្លៃថា អាចរួមចំណែកស្ដារប្រជាប្រិយភាពរបស់គណបក្សនេះបានខ្លះនៅលើឆាកនយោបាយ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំរបស់គណបក្សនេះ ត្រូវរក្សាភាពរ៉ឹងប៉ឹងបំផុត នៅក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅដូចដែលបានសន្យា។ គោលការណ៍ច្បាប់ ដាច់ខាតត្រូវតែគ្របដណ្ដប់លើមនោសញ្ចេតនា។ មន្ដ្រីប្រព្រឹត្តខុសច្បាប់ត្រូវតែដកគ្រវាត់ចោល ហើយផ្ដល់ឱកាសឲ្យមន្ដ្រីដែលមានសមត្ថភាព។
ជាការពិត ការកាត់ផ្ដាច់មនោសញ្ចេតនា ដើម្បីដាក់ទោសទណ្ឌលើមន្ដ្រីខ្លួនឯងនេះមានសារៈសំខាន់ណាស់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយ។ បើតាមអ្នកវិភាគ មានការងារច្រើនណាស់ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវធ្វើឲ្យបាន បើចង់ទាញយកការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត។
ការងារនោះត្រូវចាប់ផ្ដើមពីមន្ដ្រីថ្នាក់លើ ដែលត្រូវតែធ្វើជាគំរូល្អដល់មន្ដ្រីថ្នាក់ក្រោម ដើម្បីឲ្យមានការកែប្រែឥរិយាបថក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ មានភាពស្អាតស្អំ និងតម្កល់ផលប្រយោជន៍ជាតិ ធំជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍បក្ស។ ទន្ទឹមគ្នានេះ ការលុបបំបាត់អំពើពុករលួយត្រូវធ្វើគ្រប់កម្រិត ពីថ្នាក់លើដល់ថ្នាក់ក្រោម ក៏ត្រូវតែអនុវត្តឲ្យបានផងដែរ។ ការងារដាក់ទណ្ឌកម្មចំពោះការប្រព្រឹត្តពុករលួយនេះ ទាមទារឲ្យដើរស្របគ្នានឹងការផ្ដល់រង្វាន់ដល់មន្ដ្រីរាជការ។ មន្ដ្រីរាជការដែលល្អ ត្រូវតែទទួលបានការលើកទឹកចិត្ត និងការបង្កើនប្រាក់ខែ។ ជាមួយគ្នានោះ គណបក្សប្រជាជន ចាំបាច់ត្រូវតែអប់រំមន្ដ្រីថ្នាក់ក្រោមរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណាឲ្យពួកគេបម្រើប្រជាជនបានត្រឹមត្រូវ ចៀសវាងការមិនអើពើ មិនខ្វាយខ្វល់ចំពោះប្រជាជនមូលដ្ឋានក្រោមការគ្រប់គ្រងរបស់ខ្លួន។ ជាថ្នូរមកវិញ មន្ដ្រីថ្នាក់ក្រោមគ្រប់រូប ត្រូវតែទទួលបាននូវប្រាក់ខែច្រើនជាងមុន ដើម្បីជីវភាពល្អប្រសើរជាងមុន។
ទាំងនេះគឺជាវិញ្ញាសារសាកល្បងសម្រាប់គណបក្សប្រជាជន ដើម្បីជួយស្ដារមុខមាត់ និងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ។ ភាពស្ទាក់ស្ទើរណាមួយដែលបង្អាក់កំណែទម្រង់ទាំងនេះ នឹងប៉ះពាល់ដល់ប្រសិទ្ធិភាពដឹកនាំ ក៏ដូចជាប្រជាប្រិយភាពរបស់គណបក្សទាំងមូល។ យ៉ាងណាក៏ដោយ ការអនុវត្តតែងតែពិបាកជាងទ្រឹស្តី។ មានតែឆន្ទៈពិតប្រាកដទេ ទើបជួយឲ្យគណបក្សកាន់អំណាច សម្រេចការងារទាំងនេះបា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ