អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក រ៉ុង ឈុន ​ប្តឹង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​ទៅ​តុលាការ​ដើម្បី​សុំ​សិទ្ធិ​ស្រប​ច្បាប់​មក​វិញ​

លោក រ៉ុង ឈុន ដែល​ជា​សមាជិក​ម្នាក់ ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​១០​នាក់​ផ្សេង​ទៀត បាន​សម្រេច ដាក់​ពាក្យ​បណ្ដឹង​រួម​គ្នា​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​សំណុំ​រឿង​បញ្ឈប់​ពួក​គេ​ពី​ក្រប​ខណ្ឌ​អប់រំ​កាល​ពី​មួយ​ឆ្នាំ​មុន​។ ដោយ​ឡែក អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ​បាន​ឆ្លើយ​តប​ថា ក្រសួង​បញ្ឈប់​គ្រូៗ​ទាំង​នោះ គឺ​ស្រប​ទៅ​តាម​ច្បាប់​អប់រំ​។ 

លោក​ រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ
លោក​ រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

កម្ម​វត្ថុ​ពីរ​ចំណុច ដែល​ក្រុម​គ្រូ​បង្រៀន​ស្នើ​សុំ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ តាម​រយៈ​ការ​ដាក់​ពាក្យ​នៅ​ថ្ងៃ​ពុធ​នេះ គឺ​សុំ​ឲ្យ​ផ្ដល់​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​ឡើង​វិញ និង​បដិសេធ​ចោល​នូវ​ប្រកាស​ស្ដី​ពី​ការ​លុប​ឈ្មោះ​បុគ្គលិក​អប់រំ ចុះ​ថ្ងៃ​ទី៣០​មករា​ឆ្នាំ​២០១៨។ ប្រកាស​ពេល​នោះ ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន បាន​គូស​បញ្ជាក់​ថា ដោយសារ​សាមីជន​អវត្ត​មាន​​គ្មាន​ច្បាប់​អនុញ្ញាត។

ចំណែក លោក រ៉ុង ឈុន ​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យកម្ពុជា ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន លុប​ឈ្មោះ​ចេញ​ពី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ នៃ​ក្រសួង​អប់រំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក រ៉ុង ឈុន លើកឡើងថា មុនដាក់ពាក្យបណ្ដឹងនៅថ្ងៃនេះ លោក​បានដាក់​ពាក្យសុំ​បម្រើ​ការងារ​វិញ នៅ​ថ្ងៃទី​៣ មករា​ឆ្នាំ​២០១៨ ហើយ​សុំ​ចាប់ផ្ដើម​បំពេញ​កាតព្វកិច្ច នៅ​ដើមខែ​កុម្ភៈ​ឆ្នាំដដែលនោះ ។ ប៉ុន្តែ​ក្រសួង​បែរ​ជាស​ម្រេច​លុបឈ្មោះ​លោក រ៉ុង ឈុន ចេញពី​ក្របខណ្ឌ​ទៅវិញ​។

រូបភាព​នេះ​លោក​ចាត់​ទុក​ថា​ ជា​រឿង​អយុត្តិធម៌​តាម​រយៈ​ការ​មិន​អើពើ​ក្នុង​ការ​ដោះ​ស្រាយ និង​ការ​លុប​ឈ្មោះ​គ្រូ​បង្រៀន​ជាង​១០​នាក់​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​កាល​ពី​ដើម​ឆ្នាំ​២០១៨​ដោយ​ហេតុ​ផល​បោះ​បង់​ការងារ និង​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​។ លោក រ៉ុង ឈុន ថ្លែងថា លោក​បាន​មើល​ឃើញ​ពី​ភាព​ស៊ី​សង្វាក់​គ្នា នៃ​ការ​បញ្ឈប់​ក្រុម​គ្រូ​បង្រៀន ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​លេស​នយោបាយ ច្រើន​ប្រព្រឹត្ត​ខុស​វិន័យ​នៅ​ក្នុង​វិស័យ​អប់រំ​។

ជាមួយ​គ្នា​នេះ លោក រស់ សុវាចា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បាន​អះ​អាង​ថា រាល់​សេច​ក្ដី​សម្រេច​របស់​ក្រសួង​អប់រំ គឺ​ពុំ​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​នយោបាយ​ឡើយ តែ​ជា​ការ​អនុវត្ត​ច្បាប់​អប់រំ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ