អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ីបញ្ជាក់ថា ខ្លួន​នៅតែ​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា

លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បាន​សរសេរ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម (Twitter) បញ្ចប់​ការសង្ស័យថា លោក​នៅតែ​ជា​ប្រធាន​ក្រុម​សំឡេង​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា ចំណែក​លោក កឹម សុខា គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា។ ការ​ចេញមក​អះអាង​របស់​លោក បានធ្វើ​ឡើងបន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ថា លោក កឹម សុខា ដែល​ទើប​ទទួលបាន​ការលើក​លែង​ទោស​ពី​ព្រះមហាក្សត្របាន​ឆក់យក​តួនាទី​របស់លោក​នៅក្នុង​រដ្ឋសភា។

លោក សម រង្ស៊ី បញ្ជាក់ថា ខ្លួននៅតែជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា
លោក សម រង្ស៊ី បញ្ជាក់ថា ខ្លួននៅតែជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​មួយថ្ងៃ​ក្រោយពី​ការផ្សព្វផ្សាយ​របស់​បណ្តា​ញ​សារព័ត៌មាន​ក្នុងស្រុក និង​ការបកស្រាយ​ខុសពី​មហាជន​ទូទៅ ជុំវិញ​ការកែសម្រួល​សមាសភាព​ដឹកនាំ​របស់​គណបក្សប្រឆាំង​នៅក្នុង​យន្តការ​រដ្ឋសភា​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស បាន​ចេញមក​សរសេរ​សារ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Twitter)ថា ខ្លួន​នៅតែ​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​ដដែល ហើយ​ដៃគូ​សន្ទនា​របស់លោក គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ចេញមក​បញ្ជាក់រ​ប​ស់លោក សម រង្ស៊ី នៅពេលនេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ស្នើរ​សុំ​ឲ្យ​រដ្ឋសភាជាតិ ដាក់​បេក្ខភាព​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស ដែល​ទើប​ទទួលបាន​ការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ ធ្វើជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា ដោយមាន​លោក យឹម សុវណ្ណ ជា​អនុប្រធាន និង​លោក យ៉ែម បុញ្ញឫទ្ធិ ជា​សមាជិក។

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់ថា ការស្នើសុំ​ផ្លាស់ប្តូរ​សមាសភាព​នេះ គឺធ្វើឡើង​ដោយមាន​ការឯកភាព​ពី​លោក សម រង្ស៊ី ហើយ​ការផ្លាស់ប្តូរ​នេះ គឺ​ដោយសារ​ស្ថានភាព​នយោបាយ។ ប៉ុន្តែ​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា គឺ​នៅតែ​ជា​របស់ លោក សម រង្ស៊ី ដដែល។ ដូចគ្នា​អញ្ចឹង​ដែរ លោក សម រង្ស៊ី បានបញ្ជាក់​តាមរយៈ​បណ្តាញ​សង្គម (Twitter)ថា ខ្លួន​នៅតែមាន​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា និង​ជា​ដៃគូ​សន្ទនា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​លោក កឹម សុខា ក្នុងនាម​ជា​ប្រធានស្តីទី​គណបក្ស នឹង​ក្លាយជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​ដៃគូ​សន្ទនា។

គួរ​ជំរាបជូន​ថា តាម​ជំពូក​ទី១២ថ្មី​ប្រការ៤៨ថ្មី (៣) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​បាន​ចែងថា ប្រធាន​ក្រុម​មតិ​ភាគតិច គឺជា​គូសន្ទនា​ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ប្រទេសជាតិ ហើយ​ប្រធាន​ក្រុម​មតិ​ភាគតិច មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​បាន​លើកឡើងថា ទោះ​ក្នុង​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ឬ​ក្នុង​តំណែង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​ក្តី ក៏​លោក សម រង្ស៊ី គ្មាន​បុព្វសិទ្ធិ​ដែរ។ បើតាម​លោក សុខ ឥសាន, លោក សម រង្ស៊ី ពេលនេះ បាន​បាត់បង់​បុព្វ​សិទ្ធ​ជា​តំណាងរាស្ត្រ​ទៅហើយ។

ចំណែក​លោក អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​ដែលជា​អង្គការ​សិក្សា​គោលនយោបាយ​នៅ​កម្ពុជា​បាន​កត់សំគាល់ថា ការ​ចេញមក​ប្រកាស​របស់លោក សម រង្ស៊ី គឺ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់លោក​លើ​ឋានានុក្រម​នៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​គណបក្សប្រឆាំង។ លោក អ៊ូ វីរៈ បាន​ព្រមាន​ថា បើ​លោក សម រង្ស៊ី នៅតែ​បន្ត​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ទៀត ការដឹកនាំ​ទាំងឡាយ​នឹង​ធ្លា​ក់លើ​ដៃ​របស់លោក កឹម សុខា ទាំងអស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ