អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ«​វប្បធម៌​សន្ទនា»អាច​​នឹង​រស់​ឡើង​វិញ​ ដោយ​គ្មាន​ស្ថាបនិក សម រង្ស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​បង្ហើប​ព្រមគ្នា​ពី​លទ្ធភាព​ជួប​ជជែក​គ្នា នៅ​មុន​ដាច់​ខែ​ធ្នូ​នេះ ដើម្បី​បន្ត​ជីវិតឲ្យ​«វប្បធម៌សន្ទនា»​រស់​ឡើង​វិញ។ ប្រសិន​បើ «វប្បធម៌​សន្ទនា» នឹង​រស់​ឡើង​វិញ នៅ​ដំណាច់​ឆ្នាំ​២០១៦​នេះ ពិត​មែន​នោះ គឺ​ប្រាកដ​ជា​គ្មាន​វត្តមាន​របស់​លោក សម រង្ស៊ី​ នោះ​ទេ​។ ដូច្នេះ​ តើ«​វប្បធម៌​សន្ទនា»អាច​នឹង​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី ដោយ​គ្មាន​ស្ថាបនិក សម រង្ស៊ី បាន​ដែរ​ឬទេ​?

តើ«​វប្បធម៌​សន្ទនា»អាច​នឹង​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី ដោយ​គ្មាន​ស្ថាបនិក សម រង្ស៊ី បាន​ដែរ​ឬទេ​?
តើ«​វប្បធម៌​សន្ទនា»អាច​នឹង​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី ដោយ​គ្មាន​ស្ថាបនិក សម រង្ស៊ី បាន​ដែរ​ឬទេ​? @HRW
ផ្សាយពាណិជ្ជកម្ម

វប្បធម៌​សន្ទនា បាន​ចាប់​កំណើត​ឡើង​ដោយ​មេបក្ស​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី​ តាមរយៈ​ស្មារតី​កិច្ច​ព្រម​ព្រៀង ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ​២០១៤។ វប្បធម៌​សន្ទនា  ជា​ការ​សម្រុះ​សម្រួល​នយោបាយ បន្ទាប់​ពី​ស្ថានការ​តឹងតែង នៅ​ក្រោយ​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។ កាលណោះ រដ្ឋសភា គឺ​មិន​ទាន់​គ្រប់​ទឹក (នេះ​បើ​តាម​បក្ស​ប្រឆាំង) ហើយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​សភា និង​ធ្វើ​មហាបាតុកម្ម​ទាមទារ​ឲ្យរាប់​សន្លឹក​ឆ្នោត​ជាថ្មី ព្រម​ទាំង​ស្រែក​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង​។ សភាពការ​​ស្រុក​ទេស​ តាន​តឹង​ បន្ត​អូស​បន្លាយ​ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់ បាត់​ខ្លួន និង​របួស ជា​ច្រើន​នាក់​​។

​ទីបំផុត វប្បធម៌​សន្ទនា តម្រូវ​ឲ្យបក្ស​ជាប់​ឆ្នោត​ទាំងពីរ​​ប្រកាន់​​គោល​ការណ៍ ស្មោះ​ត្រង់​ជាមួយ​គ្នា, គោរពនិង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក,​ លុប​បំបាត់​​គំនិត​គុំកួន សង​សឹក​គ្នា ព្រមទាំង​ការ​ធ្វើ​នយោ​បាយ​​​ប្រកាន់​ពូជ​សាសន៍ និង​ជ្រុល​និយម។ ផ្ទុយទៅវិញ គឺ​ចៀស​​វាង​ឲ្យ​ខាង​តែ​បាន​ ចំពោះ​​ការ​ញុះញង់ ការ​លាប​ពណ៌​គ្នា ការ​ប្រើ​ពាក្យ​អសុរោះ និង​កា​រ​ជេរ​ប្រមាថ​គ្នា។ ​ដោយ​សារ​តែ​ស្មារតី​នៃ​វប្បធម៌​សន្ទនា តំណាង​រាស្ត្រ​បក្សប្រឆាំងបាន​ចូល​ទៅ​បង្គ្រប់​ទឹក​ឲ្យ​សភា​ ហើយ​​មេបក្ស​ទាំង​ពីរ ក៏​បាន​ពីសា​អាហារ​គ្រួសារ​ជុំគ្នា និង​ដឹក​ដៃគ្នា​ទៅ​ចូលរួមពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​នៅអង្គរវត្ត​ ថែមទៀត​ផង​។

ក៏ប៉ុន្តែ រាត្រី​ទឹក​ឃ្មុំនៃវប្បធម៌​សន្ទនា  មិន​បាន​យូរ​លង់ប៉ុន្មាន​​នោះទេ។ ទីបំផុត បក្ស​ទាំងពីរ ក៏​បាន​​ផ្តើម​វាយ​ប្រហារ​គ្នា​ជាថ្មី ជុំវិញ​សំណុំ​រឿង​ព្រំដែន, រឿង​ជាតិ​សាសន៍​, ក៏មាន​ដែរ ​សង្គ្រាម​ប៉ាកកាជុំវិញ​ការ​ឈ្នះ​ឆ្នោត​របស់​អ្នកស្រី អ៊ុង សានស៊ូជី នៅភូមា ព្រមទាំង​ការម៉ាក់​ងាយ ប្រពន្ធនិង​កូនប្រុស​ របស់​នាយក​រដ្ឋមន្ត្រី ថា​ជាប់​សែស្រឡាយ​វៀតណាមជា​ដើម​។​

លទ្ធផល​ដែល​ដរចេញ​ពី​​រឿងរ៉ាវ​ទាំង​នេះ ធ្វើ​ឲ្យ ​វប្បធម៌​សន្ទនា  ដាំក្បាលចុះ ​​ស្តារ​លែង​បាន​។ ពោល​គឺ​ មន្ត្រី​បក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ចាប់​ខ្លួន​ និងកាត់​ទោស​ជាបន្តបន្ទាប់​។ ចំណែក​សំណុំ​រឿង​ក្តីក្តាំ​ចាស់ៗផ្សេងទៀត ពាក់ព័ន្ធនឹង​មន្ត្រី​បក្ស​ប្រឆាំង ក៏ត្រូវ​តុលាការ​គាស់​កកាយ​សើរើ​មកចាត់​ការ​ជាថ្មីដែរ។

​សភាព​ការកាន់តែ​​ទុំ​ជោរ រហូត​ដល់​មានការ​ទម្លាក់​លោក កឹម សុខា ពីអនុប្រធាន​ទី១ រដ្ឋ​សភា ការ​វាយ​ដំ​​លើអ្នក​តំណាង​រាស្ត្រ ហើយ​មាន​សាលក្រមនិងសាលដីកា ជាបន្ទាប់កោះហៅនិង​តាម​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​។ ​រឹង​រឹត​តែធ្ងន់ធ្ងរ គឺ​ការ​​ចាប់​ខ្លួន​មន្ត្រី​សង្គមស៊ីវិល​និងអ្នក​ផ្សេង ទៀត​ ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវភេទរបស់​ប្រធាន​ស្តីទីបក្សសង្គ្រោះជាតិ​ ហើយ​លោក កឹម សុខា បាន​សម្រេច​ចិត្ត​ឃុំ​​ខ្លួន​ឯងអស់​ជាង​កន្លះ​ឆ្នាំ នៅទីស្នាក់ការ​បក្ស។​

ក្នុង​ដំណាក់​កាល​នោះ វប្បធម៌​សន្ទនា មិនត្រឹមតែ​ដួល​សន្លប់ តែវា​បាន​ដាច់​ខ្យល់បាត់​​ទៅ ហើយ​។ ដ្បិត​ថា បើ​ទោះបី​បក្ស​ប្រឆាំង​ ​បាន​ព្យាយាម​បក់ដៃ ឬ​ដង្ហើយ​ហៅ​យ៉ាងណាក្តី ក៏​សំឡេង​នោះ វា​មិន​ធ្ងន់​ដូច​កាល​មុន​ចូល​បង្គ្រប់​ទឹក​សភា​នោះដែរ។

ត្រឡប់​មកដល់​ពេល​នេះ ក្រោយ​មាន​ការ​លើកលែងទោសលោក កឹម សុខា និង​មេឃុំ ស៊ាង​ ចែង ព្រមទាំង​មានការ​បង្ហាញ​សញ្ញា​ណ​បន្ត​ជីវិត​ឲ្យ​«វប្បធម៌សន្ទនា» ថែមទៀត។ ​ ក៏ប៉ុន្តែ ​«វប្បធម៌សន្ទនា» នៅ​លើក​នេះ គឺទំនង​ជា​នឹង​បន្ត​ដង្ហើម​ដោយ​គ្មានស្ថាបនិក​​លោក សម រង្ស៊ី នោះឡើយ​។

ដូច្នេះ បើ​គណបក្ស​ទាំងពីរ​ សម្រេច​ចាប់​ដៃ​គ្នា​បន្ត​ជីវិត​ឲ្យ​វប្បធម៌​សន្ទនាដោយ​គ្មាន​លោក សម រង្ស៊ី នោះ ក៏​គ្មាន​អ្វី​ដែល​ថា​ទៅមិន​រួច​នោះដែរ។​ ព្រោះថា​វប្បធម៌​សន្ទនាពីដើម​ឡើ​យ​ គឺមាន​គោលដៅតែមួយ​គត់ គឺ​​សម្រុះ​សម្រួល​នយោបាយ​ ហើយ​បើ​ទោះបី​ជានៅពេលនេះ វា​​ប្តូរ​​ស្ថានិកក្តី ក៏​តម្លៃ​​របស់​វា​ គឺនឹង​នាំឲ្យ​​អ្នក​នយោបាយអង្គុយ​ទល់​មុខ​គ្នា ជជែកគ្នា ​ ដែល​អាច​ឈានទៅដល់​ការ​រួបរួម​​​ផ្សះផ្សា​ជាតិ​ និងដោះ​ស្រាយ​​បញ្ហា​ជាតិ​  បើមិនបាន​ច្រើនក៏តិច​ដែរ​​​។ ហើយ​​វប្បធម៌​សន្ទនាថ្មីនោះ គឺទំនង​ជា​អាច​នឹង​ឈានទៅដល់​ការជូន​កាដូ​ពិសេសផ្សេង​​ៗ​​បន្ថែមទៀត នៅ​ដំណាច់​ឆ្នាំ​ចាស់ ផ្លាស់ចូល​ឆ្នាំ​សកលថ្មី​ខាង​មុន​នេះ​។ ដូច​ជា​ការ​ដោះលែង​មន្ត្រីអង្គការ​​សង្គម​ស៊ីវិល​ជាដើម​ ហើយ​និង​លើកលែង​ទោស​សកម្មជន​ ឬអ្នកទោស​នយោបាយ​ផ្សេងទៀត ព្រម​ទាំង​អាច​នឹង​ឈាន​ទៅដល់​ការ​អនុញ្ញាតឲ្យ​កម្មករ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ក៏អាច​ថា​បាន​។​

តែ​យ៉ាងណា​ក្តី ចំពោះ​​​អ្នក​សង្កេត​ការ​ខ្លះវាយ​តម្លៃថា​ វប្បធម៌​សន្ទនាក្នុង​ស្ថានភាព​​កន្លងទៅ​ គឺ​​គ្រាន់តែ​ជា​ពាក្យដែលបង្កើត​ឡើង​ដាក់ឲ្យដើម្បីពី​រោះស្តាប់ប៉ុណ្ណោះ ព្រោះថា​បក្សទាំងពីរ​បាន​លាក់​កំបិត​ស្នៀត​តែរៀងៗខ្លួន។ តាម​គំនិត​របស់​អ្នក​វិភាគមួយ​​ចំនួន បើ​ទម្លាប់​នេះ នៅតែ​បន្ត​មាន, វប្បធម៌​សន្ទនា​ថ្មី​នោះ ក៏​នឹង​មាន​វាសនា​ មិន​ខុស​ពី​វប្បធម៌​សន្ទនា​លើកមុនដែរ​។ ពោល​គឺវាអាច​នឹង​ស្លាប់​ ឬ​ត្រដរ​ខ្យល់​ជាថ្មី​ទៀត​ ក៏អាច​ថា​បាន​។ ផ្ទុយ​ទៅវិញ វប្បធម៌​សន្ទនា​ អាច​នឹង​បន្ត​មាន​ជីវិត​និង​រស់​រាន​​ទៅបាន ដរាបណាអ្នកនយោបាយលែងលាក់កំបិតស្នៀតពី​ក្រោយខ្នង ដូ​ច​កា​លពីមុន។​

ទោះ​បី​យ៉ាងណាក្តី​ ​មាន​សំណួរ១លើកឡើង​ថា​ បើ​ការ​ផ្តើម​បន្ត​ជីវិត​ឲ្យ​ វប្បធម៌​សន្ទនា ដោយ​គ្មាន​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ គឺ​វា​អាច​នឹង​ជំរុញ​​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំងបែកបាក់​គ្នា​​ឬក៏យ៉ាងណា​? ចូរ​កុំភ្លេច​ថា ​ក្រោម​ការ​​កាន់​កាប់​អំណាច​ជាង​៣០ឆ្នាំមកនេះ និង​ក្រៅតែពី​ជាប់​ឈ្មោះ​ជាបុរស​ខ្លាំងកម្ពុជា​ ក៏​គេត្រូវទទួល​ស្គាល់​ដែរថា លោក​នាយក​រដ្ឋមន្រ្តីហ៊ុនសែន គឺជា​​អ្នក​បំបែក​បំបាក់​គូប្រជែង​ដ៏ខ្លាំង​ក្លា​ម្នាក់​។​ ក៏ប៉ុន្តែ ការ​កំណត់​ជោគវាសនារបស់​បក្សប្រឆាំង គឺមាន​តែបក្សសង្គ្រោះជាតិ​​ខ្លួន​ឯង​ប៉ុណ្ណោះ ​ជាអ្នក​សម្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ