អានតួអត្ថបទ
កម្ពុជា

លោក​ សម រង្ស៊ី ចេញ​គោល​ដៅ​៥ យក​អ្វី​គ្រប់​យ៉ាង​ឲ្យ​រាស្រ្ត​ខ្មែរ​វិញ ក្រោយ​ចោទ​ប្រកាន់​រដ្ឋ​អំណាច​លួច​ប្លន់​

នៅ​យប់​មិញ​នេះ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ពី​ក្រៅ​ប្រទេស បាន​បង្ហាញ​នូវ​គោល​ដៅ​ចំនួន​៥​ ចំណុច​របស់​គណបក្ស​ក្នុង​ការ​ប្រគល់​សង​អ្វី​គ្រប់​យ៉ាង​មក​ឲ្យ​ប្រជារាស្រ្ត​ខ្មែរ​វិញ។ ការ​ចេញ​គោល​ដៅ​ទាំង​៥​ចំណុច​នេះ គឺ​ដោយសារ​លោក​សម រង្ស៊ី ចោទ​ប្រកាន់​រដ្ឋ​អំណាច​ខ្មែរ​សព្វ​ថ្ងៃ ថា​មាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង​ហើយ​បាន​លួច​ប្លន់​អ្វីៗ​ទាំង​អស់​ពី​ប្រជារាស្ត្រ​ខ្មែរ។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គោលដៅ​ទាំង​៥​ចំណុច​របស់​លោក​សម រង្ស៊ី​ នេះ រួម​មាន​ដូចជា​ការ​ប្រគល់​សង​ប្រទេស​កម្ពុជា ជូន​មក​ប្រជារាស្ត្រ​ខ្មែរ​វិញ ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី តែ​មួយ​គត់។ ប្រគល់​សង​ទ្រព្យ​សម្បត្តិ​ជាតិ ជូន​មក​ប្រទេស​ជាតិ​វិញ​ ដូចជា​ព្រៃ​ឈើ រ៉ែ ភ្នំ បឹងបួរ ស្ទឹង ទន្លេ រហូត​ដល់​ឆ្នេរ​សមុទ្រ និង​កោះ​កណ្តាល​សមុទ្រ ដើម្បី​ទុក​គ្រប់​គ្រង​ឲ្យ​បម្រើ​ផល​ប្រយោជន៍​ជា​សាធារណៈ និង​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ។ ប្រគល់​សង​ទ្រព្យ​សម្បត្តិ​របស់​ប្រជារាស្ត្រ ជូន​មក​ប្រជារាស្ត្រ​វិញ ដែល​ជា​ម្ចាស់​ដើម និង​ម្ចាស់​ពិត លើ​ផ្ទះ​សម្បែង ដីធ្លី ស្រែ ចំការ​។ មួយ​ទៀត គឺ​ប្រគល់​សង​វាសនា​ប្រទេស​កម្ពុជា ជូន​មក​ប្រជារាស្ត្រ​ខ្មែរ​វិញ ដែល​ជា​អ្នក​សម្រេច​ក្នុង​ឯក​រាជ្យ​ភាព​ដ៏​ពេញ​លេញ និង​គោល​ដៅ​ចុង​ក្រោយ គឺ​បញ្ឈប់​ការ​អភិវឌ្ឍន៍​ក្លែង​ក្លាយ​ដូច​សព្វ​ថ្ងៃ ដែល​បម្រើ​តែ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​មេដឹកនាំ​ពុក​រលួយ​ និង​បក្ស​ពួក​មួយ​ក្តាប់​តូច ហើយ​រៀបចំ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ ដែល​បម្រើ​ផល​ប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល។

គោលដៅ​ទាំង​៥​ចំណុច​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ដាក់​ចេញ​ដោយលោក​សម រង្ស៊ី នៅ​ពេល​នេះ គឺ​ដោយសារ​លោក​ប្រមុខ​គណបក្ស​ប្រឆាំង​ ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​រូប​នេះ បាន​លើក​ឡើង​ថា រដ្ឋ​អំណាច​ខ្មែរ​សព្វ​ថ្ងៃ​មាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង ហើយ​បាន​លួច​ប្លន់​អ្វី​ៗ​ ទាំងអស់​ពី​ប្រជារាស្ត្រ​ខ្មែរ។ លោក សម រង្ស៊ី ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ស្រលាញ់​ជាតិ និង​ស្រលាញ់​យុត្តិធម៌​គ្រប់​រូប គាំទ្រ និង​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​បាន​សម្រេច​គោលដៅ​ទាំង ៥ ចំណុច​នេះ​ផង​ដែរ។

លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​កម្ពុជា បាន​ប្រតិកម្ម​ថា គោល​ដៅ​ទាំង​៥​ចំណុច​របស់​លោក​ សម រង្ស៊ី នេះ គឺ​គ្រាន់​តែ​ចង់​ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សាធារណ​ជន​តែ​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី ថា​ជា​ភាសា​បោក​ប្រាស់​ចិត្ត​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ បើ​ទោះបី​ប្រធាន​បក្ស​ប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា​មាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង​ក៏​ដោយ ក៏​លោក​ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​មិន​មាន​វិធាន​ការ​ណាមួយ​ចំពោះ​លោក​សម រង្ស៊ី នោះ​ទេ។

សូម​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​សម រង្ស៊ី កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង បន្ទាប់​ពី​តុលាការ​ខ្មែរ​បាន​ចេញ​ដីកោះ​ហៅ​លោក​ជា​ច្រើន​ដង​លើ​សំណុំ​រឿង​ផ្សេង​ៗ​គ្នា​ស្ទើរ​រាប់​មិន​អស់។ ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត លោក​សម ​រង្ស៊ី ​ក៏​កំពុង​ប្រឈម​មុខ​នឹង​តុលាការ​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ផង​ដែរ ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដែល​បាន​ចោទ​រដ្ឋ​អំណាច​របស់​លោក​ហ៊ុន ​សែន ​ថា​ជា​អ្នក​រៀប​ចំ​អំពើ​ភេរវកម្ម​បាញ់​សម្លាប់​លោក​ បណ្ឌិត ​កែម ​ឡី។ ចំពោះ​សំណុំ​រឿង​នេះ លោក​សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ១៩ ​សីហា ក្នុង​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ