អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី បង្ហាញ​នយោបាយ​បង្កើត​ការងារ​តាម​បណ្ដាញ​សង្គម

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តែ​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស បាន​បង្ហាញ​នយោបាយ​បង្កើត​ការងារ​តាម​បណ្ដាញ​សង្គម​។ បើ​តាម​លោក សម រង្ស៊ី ដើម្បី​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ មាន​កត្តា​២​ជា​គន្លឹះ​។ ទី​១ គឺ​ផលិតភាព និង​ទី​២ គឺតម្លៃ​បន្ថែម​។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ លោក សម រង្ស៊ី សរសេរ​ភាគ​​អំពី​ការ​បង្កើន​ផលិតភាព​។ តើ​នយោបាយ​​របស់​ប្រមុខ​បក្ស​ប្រឆាំង​មាន​អ្វី​ខ្លះ​ ដើម្បី​បង្កើន​ផលិតភាព​នៃ​ពលកម្ម​នៅ​កម្ពុជា?

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ខែ​កញ្ញា​មក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អំពី​នយោបាយ​បង្កើត​ការងារ​។ ដោយ​សរសេរ​ម្ដង​មួយ​ភាគ​ៗ ប្រមុខ​បក្ស​ជំទាស់ បាន​ពន្យល់​លម្អិត​អំពី​ស្ថានភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា ក៏​ដូច​ជា​គន្លឹះ​សំខាន់​ៗ​ចំនួន​ពីរ ដើម្បី​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​។ បើ​តាម​លោក សម រង្ស៊ី គន្លឹះ​សំខាន់​ទាំង​ពីរ​នោះ គឺ ផលិតភាព និង​តម្លៃ​បន្ថែម​។

ដំបូង​និយាយ​ពី​ផលិតភាព​។ ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ លើក​ឡើង​ថា ផលិតភាព ជា​កត្តា​កំណត់​ជោគជ័យ​សេដ្ឋកិច្ច​សម្រាប់​សហគ្រាស​នីមួយ​ៗ ក៏​ដូច​ជា​សម្រាប់​ប្រទេស​នីមួយ​ៗ​ដែរ​។ ការ​កើន​ឡើង​នៃ​ផលិតភាព នាំ​មក​នូវ​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​និង​ប្រាក់​ចំណេញ ក៏​ដូច​ជា​ការ​កើន​ឡើង​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​លោក សម រង្ស៊ី​។

ចុង​ក្រោយ​នេះ គឺ​នៅ​ថ្ងៃ​អង្គារ​ទី​២៩​ធ្នូ លោក សម រង្ស៊ី បាន​សរសេរ​​ពន្យល់​បន្ត​អំពី​ផលិតភាពនៃ​ពលកម្ម​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​​ការ​បង្កើន​ផលិតភាព​។ ប្រមុខ​ដឹកនាំ​បក្ស​ជំទាស់​អះអាង​ថា ដើម្បី​បង្កើន​ផលិតភាព​នៃ​ពលកម្ម​នៅ​ប្រទេស​កម្ពុជា គេ​ត្រូវ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ឲ្យ​មាន​ជំនាញ​បច្ចេកទេស ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​ទីផ្សារ​អន្ដរជាតិ, រៀបចំ​ប្រព័ន្ធ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី​មក​ប្រើ​ប្រាស់ និង​ជំរុញ​ឲ្យ​បង្កើន​ទុន​វិនិយោគ​លើ​ឧបករណ៍ សម្ភារៈ និង​បច្ចេកទេស​ទំនើប​បំផុត​ក្នុង​ផលិតកម្ម​កែ​ច្នៃ​ជា​ដើម​។

ក្នុង​វិស័យ​ដែល​បាន​លើក​ឡើង​នេះ លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាលកម្ពុជា​មិន​អាច​ធ្វើ​បាន​ត្រឹម​ត្រូវ​ទេ ដោយ​សារ​ខ្វះ​ចក្ខុ​វិស័យ ខ្វះ​ឆន្ទៈ​នយោបាយ ខ្វះ​​សមត្ថភាព និង​ខ្វះ​​ភាព​សុចរិត​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី មិន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់ប្រមុខ​បក្ស​ប្រឆាំងទេ ដោយ​អះអាង​ថា ​ដូច្នេះ​ថាវា​មិន​មាន​សារៈ​ប្រយោជន៍​។ សម្រាប់​អ្នក​នាំ​ពាក្យ​រូប​នេះ​ អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង គឺ​ជា​ការងារ​ដែល​​​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​រួច​ជា​ស្រេច​ទៅ​ហើយ​។ កម្ពុជា ផលិត​កម្មករ​ដែល​មាន​វិជ្ជាជីវៈ ដើម្បី​ពួក​គេ​អាចដើរ​ចេញ​ទៅ​ប្រកប​ការងារ​នៅ​បរទេស ឬបើ​ពុំ​ដូច្នោះ ពួក​គេ​អាច​​ចាំ​ទទួល​ការ​​វិនិយោគ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​ប្រទេសតែ​ម្ដង​ក៏​បាន​។ នេះ​បើ​តាម​លោក ផៃ ស៊ីផាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ