អានតួអត្ថបទ
កម្ពុជា

​សង្គ្រោះជាតិ កំពុង​ព្យាយាម​គាល់​ព្រះ​មហាក្សត្រ ​ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍

ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ស្នាក់​ការ​កណ្តាល​បក្ស​ នាព្រឹក​ថ្ងៃ​ទី ១៥​មិថុនា​នេះ លោក​យ៉ែម បុញ្ញរិទ្ធិ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា គណបក្ស​បាន​ធ្វើ​លិខិត​មួយ​ថ្វាយ​ព្រះ​មហាក្សត្រ​ កាល​ពី​ម្សិលមិញ ដើម្បី​សុំ​ចូល​គាល់ ក្នុង​បំណង​ពិភាក្សា និង​ទូល​ថ្វាយ​ពី​បច្ចុប្បន្នភាព​នៃ​កម្តៅ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​ស្វែង​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះអង្គ។ ក្រៅ​ពី​នោះ គណបក្ស​ប្រឆាំង ក៏​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ១០​ថ្ងៃ​នេះ គេ​ទទួល​បាន​ស្នាម​មេដៃ​ប្រមាណ​ជាង ២៦​ម៉ឺន​ទៀត ពី​ពលរដ្ឋ ដើម្បី​រៀបចំ​ធ្វើ​ញ្ញត្តិ​ទី​២ ហែ​ថ្វាយ​ព្រះមហាក្សត្រ នា​ពេល​ខាង​មុខ។

ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី
ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មិន​ទាន់​ទទួល​បាន​ព្រះរាជ​អន្តរាគមន៍​ណាមួយ​នៅ​ឡើយ​ ពី​ព្រះមហាក្សត្រ ក្រោយ​ពី​បាន​ថ្វាយ​ញ្ញត្តិ​លើក​ទី​១ មាន​ស្នាម​មេដៃ​ពលរដ្ឋ​ប្រមាណ ១៧​ម៉ឺន​ស្នាម​មេដៃ​ - គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ១៤​មិថុនា បក្ស​ បាន​ធ្វើ​លិខិត​មួយ ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ស្នើ​សុំ​ចូល​គាល់​ព្រះអង្គ ក្នុង​គោល​ដៅ​ពិភាក្សា ពិគ្រោះ និង​រាយការណ៍​ពី​ស្ថានភាព​នយោបាយ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន។

លើស​ពី​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ព្យាយាម​សង្គ្រោះ​មេដឹកនាំ​ខ្លួន​ជា​មុន​នោះ បាន​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១៥ មិថុនា​នេះ គេ​ប្រមូល​បាន​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ប្រមាណ ២៦​ម៉ឺន​ស្នាម​មេដៃ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ញ្ញត្តិ​លើក​ទី​២ ថ្វាយ​ព្រះមហាក្សត្រ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​របស់​បក្ស​ប្រឆាំង បន្ថែម​ថា គេ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​ហែ​ញ្ញត្តិ​នោះ​នៅ​ឡើយ​ទេ។

ជុំវិញ​សំណួរ​របស់​អ្នក​សារព័ត៌មាន ពី​ភាព​មិន​ប្រក្រតី​ នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​ស្នាម​មេដៃ​របស់​ក្រសួង​មហាផ្ទៃ លោក​យ៉ែម បុញ្ញរិទ្ធ បាន​ឆ្លើយ​ថា គណបក្ស​មិន​បាន​ដឹង​ទេ ព្រោះ​ថា ការ​ធ្វើ​កោសល្យ​វិច្ច័យ​នេះ មិន​មាន​ការ​ចូលរួម​ពិនិត្យ​ជា​មួយ​គ្នា​នោះ​ឡើយ។

ក្រៅ​ពី​ស្វែង​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ គណបក្ស​សង្គ្រោះជាតិ បាន​អះអាង​ថា គេ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ពី​មិត្ត​បរទេស។ ហើយ​ចាប់​ពី​ម៉ោង ១១​ថ្ងៃ​ត្រង់ ថ្ងៃ​ទី ១៥​មិថុនា លោក​យ៉ែម បុញ្ញារិទ្ធិ បញ្ជាក់​ថា​មាន​ស្ថាប័ន​បរទេស​មួយ​ចំនួន បាន​មក​ជួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​លោក​កឹម សុខា នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​ ក្នុង​រាជធានី​ភ្នំពេញ។

ជា​ការ​កត់​សម្គាល់ តាំង​ពី​ថ្ងៃ​ទី ២៦​ឧសភា​មក គណបក្ស​សង្គ្រោះ​ជាតិ តែង​មាន​សកម្មភាព​ជួបជុំ​ជាមួយ​សកម្មជន​របស់​ខ្លួន និង​ក៏​មាន​ផងដែរ នូវ​ការ​រៀបចំ​ពិធី​សាសនា​ផ្សេងៗ។ ហើយ​នៅ​ថ្ងៃ​ទី ១៩​មិថុនា​ខាង​មុខ បក្ស​ប្រឆាំង ប្រកាស​ថា​នឹង​មាន​ការ​រៀបចំ​ពិធី​សាសនា​ដ៏​ធំ ក្នុង​ខេត្ត​សៀមរាប ជា​បន្ត​ទៀត។ ប៉ុន្តែ​ពិធី​នោះ ប្រហែល​ជា​មិន​មាន​វត្ត​មាន​របស់​ប្រធាន​ស្តីទី​គណបក្ស​លោក​កឹម សុខា​នោះ​ទេ។ លោក​យ៉ែម បុញ្ញរិទ្ធិ​ អះអាង​ថា ប្រសិន​បើ​គ្រាន់​តែ​អភ័យ​ឯកសិទ្ធិ​សភា ក៏​គ្មាន​អ្នក​គោរព ដូច្នេះ​តើ​ឲ្យ​លោក​កឹម សុខា នឹង​អាច​ដើរ​ហើរ​យ៉ាង​ម៉េច​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ