អានតួអត្ថបទ
កម្ពុជា

​មេឃុំ​គណបក្ស​សម​ រង្ស៊ី​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ៥​ឆ្នាំ

នៅ​ព្រឹក​នេះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក​ស៊ាង ចែត ជា​មេឃុំ​ពី​គណបក្ស​សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៥ឆ្នាំ ​ពី​បទ​សូក​ប៉ាន់​សាក្សី ដែល​មាន​ចែង​ក្នុង​មាត្រា​ ៥៤៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ហៅ​ការ​កាត់​ទោស​នេះ​ថា​ជា​ការ​ពន្លឿន​នីតិ​វិធី​តុលាការ ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ។

លោក ស៊ាង ចែត មេឃុំស្រករបស់គណបក្ស សម រង្ស៊ី។
លោក ស៊ាង ចែត មេឃុំស្រករបស់គណបក្ស សម រង្ស៊ី។ @ស៊ាង ចែត
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ទៅ​លោក​ស៊ាង ចែត ជា​មេឃុំ​ស្រក ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម មក​ពី​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៥​ឆ្នាំ។ នេះ​បើ​តាម​លោក​មេធាវី​សំ សុគង់។ ការ​សម្រេច​របស់​តុលាការ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​ឆ្លើយ​ដាក់​របស់​អ្នក​នាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​ថា​លោក​មេឃុំ​រូប​នេះ បាន​យក​លុយ​ចំនួន​ ៥០០​ដុល្លារ​អាមេរិក​ឲ្យ​ម្តាយ​របស់​នាង ក្នុង​គោល​បំណង​មិន​ឲ្យ​នាង​និយាយ​ប៉ះពាល់​ដល់​លោក​កឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។​

 
លោក​ស៊ាង ចែត​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៦​នេះ យក​មក​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​រឿង​ខាង​លើ​នេះ​។

មេធាវី​របស់​លោក​ស៊ាង ចែត បាន​ថ្លែង​ថា ដោយសារ​តែ​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ថ្មីៗ​នេះ ជុំវិញ​រឿង​ខាង​លើ​នេះ​ដែរ រូប​លោក​នឹង​ពិភាក្សា​ផ្លូវ​ច្បាប់ ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ។ លោក​សំ សុគង់ បញ្ជាក់​ថា​ការ​សម្រេច​ធ្វើ​បណ្តឹង​ឧទ្ធរណ៍ ​ឬ​ក៏​អត់​គឺ​លោក​ស៊ាង ចែត ជា​អ្នក​សម្រេច។

លោក​យឹម​ សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ មាន​ជំនឿ​ថា​នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ ហើយកា​រ​ពន្លឿន​នីតិវិធី​តុលាការ​នេះ គឺ​ជា​ជំហាន​ទៅ​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័យ។​ ក្រៅ​ពី​នេះ​លោក​បញ្ជាក់​ថា​អ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត​ក្នុង​សំណុំ​រឿង​នេះ ដូច​ជា​មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក​ជា​ដើម​នឹង​មាន​ការ​ដោះស្រាយ​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ ក្រោយ​ពី​លោក​កឹម សុខា ត្រូវ​បាន​លើក​លែង​ទោស កាល​ពី​ថ្ងៃ​ទី​ ២ ខែ​ធ្នូ​កន្លង​ទៅ។

បើតាម​លោក​កឹម សុខា ការ​លើក​លែង​ទោស​ដល់​រូប​លោក​នៅ​ពេល​នេះ គឺ​ជា​ជំហាន​ទី​១​ ក្នុង​ការ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ជា​ដំណាក់​កាល​បន្ត​បន្ទាប់​ទៀត​ទៅ​លើ​អ្នក​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​អាច​មាន​សេរីភាព​ឡើង​វិញ។

អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី​នៃ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក​កឹម សុខា និង​អ្នក​នាង​ស្រី​មុំ រួម​មាន​មន្ត្រី​នៃ​សមាគម​អាដហុក​ ៤​នាក់ គឺ​លោក​ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត លោកនី សុខា ប្រធាន​ផ្នែក​អង្កេត​សិទិ្ធ​មនុស្ស លោក​យី សុខសាន្ត ជាអ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់ ​និង​អ្នក​ស្រីលឹម មុនី្ន និង​លោក​នី​ ចរិយា ជាអគ្គ​លេខាធិការ​រង​នៃគ.ជ.ប។ បើ​គិត​មក​ដល់​ពេល​នេះ ពួក​គាត់​ទាំង​ ៥​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ប្រមាណ​ ២២១​ថ្ងៃ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ