អានតួអត្ថបទ
កម្ពុជា

សម រង្ស៊ី​ ៖ រដ្ឋាភិបាល​នាំ​តែ​អ្នក​វិនិយោគ​​មិន​ល្អ​ មក​កេញ​ចំណេញ​និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ

ថ្ងៃ​ម្សិលមិញនេះ​ លោក សម រង្ស៊ី​ បាន​ចោទប្រកាន់​ថា ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​​នាំ​តែ​អ្នក​វិនិយោគទុន​មិន​ល្អ​ មក​កេញ​ចំណេញ​លើ​ទឹក​ដីខ្មែរ​ និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ។ នៅ​ចំពោះ​មុខ​យុវជន​រាប់រយនាក់​ នៅ​ខេត្តព្រៃវែង​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក៏​បាន​លើក​ពី​បញ្ហា​យុវជន​អត់​ការងារ​នាពេលបច្ចុប្បន្ន​ ហើយ​លោក​បាន​ពន្យល់​ពី​វិធី​បង្កើត​ការងារ​ផងដែរ​។​ ប៉ុន្តែ​លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​តប​វិញ​ថា ​លោក​ សម រង្ស៊ី​ យល់​ឃើញ​តែមួយ​ជ្រុង​ និងថា ​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​ឃោសនា​រក​ការ​គាំទ្រ​តែ​ប៉ុណ្ណោះ។

លោកសម រង្ស៊ី ​ប្រធាន​គណបក្សសង្រ្គោះជាតិ។
លោកសម រង្ស៊ី ​ប្រធាន​គណបក្សសង្រ្គោះជាតិ។ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​នេះ​ លោក សម រង្ស៊ី ​បាន​សន្យា​ថា​ បើ​គណបក្សសង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​នៅ​ពេល​អនាគត​ គឺ​លោក​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​យុវជន​មាន​ការងារ​ធ្វើ​គ្រប់​ៗគ្នា​ ប៉ុន្តែ​មិន​មែន​បាន​ភ្លាម​ៗ​ទាំង​អស់​គ្នា​នោះ​ទេ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ គឺ​បាន​ផ្សាយ​តាម​វីដេអូខ្លី​​ រយៈជាង​៧នាទី​នៅ​ក្នុង​ហ្វេសបុក​ផ្លូវ​ការ​របស់​លោក​ នៅ​ថ្ងៃ​ទី​៤មេសា​នេះ​។ បើ​តាម​លោក ​សម រង្ស៊ី ​អ្នក​វិនិយោគទុន​មិន​ល្អ​ រួម​ទាំង​ការ​មិន​ខ្នះខ្នែង​របស់​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​ជន​មិន​ស្អាត​ស្អំ​ គឺ​ជា​ប្រភព​នៃ​ការ​អត់​ការងារ​ធ្វើ​របស់​យុវជន​។​

បញ្ហា​អត់​ការ​ងារ​ធ្វើ​ល្អ​និង​សមរម្យ​នៅ​ក្នុង​ស្រុក ​បាន​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ជា​ច្រើន​រត់​ទៅ​រក​ការ​ងារ​នៅ​ប្រទេស​ជិត​ខាង​និង​នៅ​បរទេស​ជា​ដើម​ ដែល​មួយ​ចំនួន​បាន​បណ្តាល​ឲ្យ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ រាប់​ទាំង​ផ្នែក​សិទ្ធិ​មនុស្ស​និង​សុវត្ថិភាព។ ​ថ្មី​ៗ​នេះ ​ក្រសួងការ​បរទេស​កម្ពុជា ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ​បាន​សហការ​​ជួយ​ពលករ​ខ្មែរ​ដែល​រងគ្រោះ​នៅ​បរទេស​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​ជាច្រើន​នាក់ផង​ដែរ។ ​

អ្នកស្រី ជា វណ្ណាត ​អ្នកវិភាគ​សង្គម​ ក៏​បាន​មើល​ឃើញ​ដែរ​ថា ​អ្នក​វិនិយោគ​ក្រុមហ៊ុន​បរទេស​​ធំៗ​ និង​ប្រកប​ដោយ​សីលធម៌ខ្ពស់​ មិន​ទាន់​បាន​មក​បណ្តាក់​ទុក​វិនិយោគ​ច្រើន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

ទោះ​យ៉ាងណា ​លោក​ ផៃ ស៊ីផាន​ បាន​អះអាង​ថា​ កំណើន​​នៃ​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង ហើយ​ត្រូវ​បាន​វាយ​តម្លៃ​យ៉ាង​វិជ្ជមាន​​ពី​ស្ថាប័ន​អន្តរជាតិ​សំខាន់​ៗ​ដូចជា​ ស្ថាប័នរូបិយវត្ថុអន្តរជាតិ ​(FMI) ​ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជា​ដើម។ ​អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រីរូប​នេះ ​ក៏​ថ្លែង​ដែរ​ថា​ អង្គការ​អន្តរជាតិ​ផ្នែក​ការងារ​ (ILO)​ ក៏​បាន​វាយ​តម្លៃ​ថា ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅកម្ពុជា​មាន​តិច​ជាង​ប្រទេស​នៅ​ជិត​ខាង​។

ឆ្លើយ​តប​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ លោក ផៃ ស៊ីផាន ​បាន​បំភ្លឺ​ថា​ គម្រប់​ព្រៃឈើ​ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ដំណាំ​និង​ដើម​កៅស៊ូ​ ដែល​ជា​កត្តា​​ជំរុញយ៉ាង​​សំខាន់​ដល់​វិស័យ​កសិឧស្សាហកម្ម​របស់​កម្ពុជា និង​ដែល​ប្រទេស​នេះ​​អាច​នឹង​ចំណេញ​បាន​ច្រើន​នាពេល​ខាង​មុខ​ តាមរយៈ​ការ​យក​​ពន្ធដារ​ជាដើម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ