អានតួអត្ថបទ
កម្ពុជា

​លោក​សម​រង្ស៊ី៖ ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ត្រឹម ​២១​ថ្ងៃ ​និង​ហែ​ក្បួន​តែ ​៤ ​ដង ​គ្រប់​គ្រាន់​ហើយ

ចំពោះ​មុខ​អ្នក​គាំ​ទ្រ​នៅ​ប្រទេស​បារាំង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី២១​មីនា​ លោក​សម​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ថា ​ការ​កំណត់​ក្នុង​ច្បាប់​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ ដែល​រដ្ឋសភា​ បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី១៩​មីនា​ថា​ យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ មាន​រយៈពេល​ត្រឹម​តែ ​២១​ ថ្ងៃ ​រីការ​ដើរ​ហែក្បួន​តាម​ផ្លូវ​ពេល​ឃោសនា​បោះ​ឆ្នោត​ ត្រឹម​តែ​​ ៤​ ដង​ គឺ​គ្រប់​គ្រាន់​ហើយ។​ ទន្ទឹ​ម​​នឹង​នោះ ​លោក​សមរង្ស៊ី ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​គោល​ដៅ​របស់​គណបក្ស​សង្គ្រោះជាតិ​ គឺ​ការ​ផ្លាស់​ប្តូរ​ តាម​រយៈ​កា​រ​បោះ​ឆ្នោត​។​

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ លោក​សម​រង្សី​​ប្រធានបក្រប្រឆាំង
លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ លោក​សម​រង្សី​​ប្រធានបក្រប្រឆាំង © RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​ប្រជុំ​ជូន​ព័ត៌មាន​ ស្តីពី​ ព្រឹត្តិ​ការណ៍​នយោបាយ​ចុង​ក្រោយ​នៅ​កម្ពុជា ​កាល​ពីថ្ងៃទី​២១មីនា​ នៅ​ប្រទេស​បារាំង​ លោក​សម​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​សម្តែង​ការ​ពេញ​ចិត្ត​​ លើ​ការ​កំណត់​ក្នុង​ច្បាប់​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ ដែល​រដ្ឋសភា​ទើបអនុម័ត​កាល​ពី​ថ្ងៃទី១៩មីនា​ ជា​មួយ​ច្បាប់​គជប។​ នោះ​គឺ​ការ​កំណត់​ពីយុទ្ធនាការ​​ឃោសនា​​បោះ​ឆ្នោត​ រយៈពេល​ ២១​ ថ្ងៃ ​ហើយ​ហែក្បួន​ ត្រឹម​តែ ​៤​ ដង​ប៉ុណ្ណោះ។

តាម​លោក​សម​រង្ស៊ី ​ឃោសនា​ ២១​ ថ្ងៃ ​រីឯការ​ហែក្បួន​ ៤​ ថ្ងៃ​ គឺ​គ្រប់​គ្រាន់​ហើយ​ ព្រោះ​នៅ​ប្រទេស​បារាំង​ ក៏​មិន​ឃោសនា​ ដល់​មួយ​ខែ​ដែរ​។  

លោក​​សម​រង្ស៊ី ​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​តាម​គណបក្ស​ប្រជាជន​កម្ពុជា​ លើ​ការ​កាត់​បន្ថយ​​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ ពី​ ៣០​ ថ្ងៃ ​ក្នុង​ច្បាប់​ចាស់​ មក​ត្រឹម​ ២១​ ថ្ងៃនោះ ដើម្បី​រក្សា​អ្វី​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ គឺ​ការ​ផ្លាស់​ប្តូរ​គជប​ ជាស្ថាប័នឯករាជ្យ ​មាន​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​។

ចំពោះ​ការ​កំណត់​ក្នុង​ច្បាប់​បោះ​ឆ្នោត​ លើ​សិទ្ធិ​សេរីភាព​ ដែល​មាន​ការ​កំណត់​ផ្តន្ទាទោស​លើ​សង្គម​ស៊ីវិល​ ដែល​បាន​ជេរ​ប្រមាថ​បេក្ខ​ជន ​ឬ​គណបក្ស​នយោបាយ​ ក្នុងពេល​ឃោសនា​បោះ​ឆ្នោត​ ត្រូវ​បាន​លោក​សម​រង្ស៊ី ​លើក​ឡើង​ថា ​អាស្រ័យ​លើ​ការបកស្រាយ​របស់​គជប​។​ ក្នុង​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​កំនត់​ថា ​ឲ្យ​រក្សានូវ​សិទ្ធសេរីភាព​នៃការ​បញ្ចេញ​មតិ​។

សរុប​មក​ តាម​លោក​សម​រង្ស៊ី ​ច្បាប់​បោះ​ឆ្នោត​ និង​ច្បាប់​គជប​ អាច​ទទួល​យក​បាន ​ទោះ​ជា​មិន​ល្អ ​១០០%​ ក៏ដោយ ​តែ​ក៏​មិន​អាក្រក់​ដែរ​។

លោក​សម​រង្ស៊ី ​ក៏​បាន​បញ្ជាក់​ជា​ថ្មីពី​គោល​ដៅ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​ការ​ផ្លាស់ប្តូរ​។ ​ជាការ​ផ្លាស់​ប្តូរ​ តាម​ការ​បោះ​ឆ្នោត​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ បដិ​សេធ​ដាច់ខាត​នូវ​ការ​ផ្លាស់​ប្តូរ​ ដោយ​ប្រើ​កម្លាំង​ មាន​អំពើ​ហិង្សា ​បង្ហូរ​ឈាម​ និង​បដិវត្ត​ខុស​ច្បាប់​​។

ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​បារាំង​ លោក​សម​រង្ស៊ី ​ក៏បាន​លើក​ឡើង​ថា ​សមាស​ភាព​គជប​ថ្មី ​មាន​តុល្យភាព​ ៤+៤+១ ​គឺ​៤​រូប​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ៤​រូប​មក​ពី​គណបក្សសង្គ្រោះ​ជាតិ​ និង​១រូប​ ជា​ឥស្សរជន​កណ្តាល​មិន​លម្អៀង​ ដែល​ទទួល​ស្គាល់​ដោយ​គណបក្ស​ទាំង​ពីរ​។ ​គជបថ្មី​ ក៏​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​​។

នៅ​ថ្ងៃ​ទី២៧​មេសា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ចាប់​ផ្តើម​ដំណើរ​ការ​​ជ្រើស​រើស​​បេក្ខជន​​​គជប​​​ មុន​នឹង​ដាក់​ជូន​​រដ្ឋស​ភា ​ប្រជុំ​អនុម័ត​ និង​ប្រកាស​សមាស​ភាព​ទាំង ​៩ ​រូបរបស់​គជប​ថ្មី ​នៅ​ថ្ងៃទី​១៣​មេសា ​គឺ​មុន​បុណ្យ​ចូល​ឆ្នាំ ​ប្រពៃណី​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ