អានតួអត្ថបទ
កម្ពុជា

ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ផ្សព្វផ្សាយ​ពី​វប្បធម៌​សន្ទនា​ដល់​សកម្មជន​របស់​ខ្លួន

លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ពី​វប្បធម៌​សន្ទនា​ទៅ​កាន់សកម្មជន​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។ សារ​នយោបាយ​ដើម្បី​ផ្សព្វផ្សាយ​​ពី​វប្បធម៌​សន្ទនា​នេះ មិន​ត្រឹម​តែ​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ប្រទេស​ទេ ក៏​មាន​ផង​ដែរ​នៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​វីដេអូ​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ។

លោកសម រង្សី និង លោក កឹម សុខាថ្លែង​ទៅ​កាន់​ពលរដ្ឋ​នា​ពេល​កន្លង​មក។
លោកសម រង្សី និង លោក កឹម សុខាថ្លែង​ទៅ​កាន់​ពលរដ្ឋ​នា​ពេល​កន្លង​មក។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​១០​ខែ​ឧសភា​កន្លង​ទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លៀត​ឱកាស​ផ្សព្វផ្សាយ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន អំពី​វប្បធម៌​សន្ទនា។ នៅ​ក្នុង​ខ្សែ​វីដេអូ​ថត​នៅ​ថ្ងៃ​ទី​១០​ឧសភា ដែល​ទើប​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៧​ឧសភា​នេះ លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា វប្បធម៌​សន្ទនា​គឺ​ជា​វប្បធម៌​សន្តិភាព​ ជា​វប្បធម៌​ប្រជាធិបតេយ្យ ដែល​នឹង​ចូល​មក​ជំនួស​វប្បធម៌​សង្គ្រាម វប្បធម៌​ហិង្សា និង​វប្បធម៌​សម្លាប់​ខ្មែរ​គ្នា​ឯង​។ សម្រាប់​លោក សម រង្ស៊ី ការ​បន្ត​វប្បធម៌​សង្គ្រាម វប្បធម៌​ហិង្សា និង​វប្បធម៌​សម្លាប់​ខ្មែរ​គ្នា​ឯង នោះ​នឹង​ធ្វើ​ឲ្យ​ជាតិ​ខ្មែរ​​​រលាយ​។ ផ្ទុយ​មក​វិញ ដើម្បី​ឲ្យ​ជាតិ​ខ្មែរ​រុង​រឿង​ថ្កុំ​ថ្កើង នោះ​​ត្រូវ​ប្រកាន់​យក​វប្បធម៌​សន្ទនា​។ នេះ​បើ​តាម​លោក សម រង្ស៊ី​។

នៅ​កម្ពុជា​ឯ​ណេះ​វិញ លោក កឹម សុខា ដែល​បាន​ទៅ​ជួប​ជាមួយ​សកម្មជន​របស់​ខ្លួន នៅ​ស្រុក​ពញាឮខេត្តកណ្ដាលកាលពីថ្ងៃ​សៅរ៍​ទី​១៦​ឧសភា ក៏​បាន​អំពាវនាវ​ឲ្យ​​មេដឹកនាំ​គណបក្ស​ទាំងពីរ​​សន្ទនា​គ្នាដោយ​ផ្ដល់​អាទិភាពទៅលើការកែទម្រង់ប្រព័ន្ធតុលាការ​។ បើ​តាម​​លោក កឹម សុខា ប្រព័ន្ធ​តុលាការ​ដែល​ត្រូវគេ​រិះគន់​ជា​ទម្លាប់​ថា​មាន​អំពើ​ពុក​រលួយ​និង​អយុត្តិធម៌ ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ ​ដើម្បីយុត្ដិធម៌ទាំងអស់គ្នា។ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះបាន​បង្ហាញ​ការ​យល់​ឃើញ​​ទៀតថាបើសង្គមគ្មានយុត្ដិធម៌ទេគឺ​មិនអាច​មានសន្ដិភាពទាំងផ្លូវកាយទាំងផ្លូវចិត្ត ជូន​ប្រជា​ពលរដ្ឋ​បានឡើយ។

គួរ​ជម្រាប​ជូន​ថា ការលើកឡើងរបស់លោកសម រង្សី និង​លោក កឹម សុខ អំពី​វប្បធម៌​សន្ទនា​នេះ បានធ្វើឡើងជាបន្តបន្ទាប់ក្រោយពីគណបក្សប្រជាជនកម្ពុជា​ និងគណបក្ស​សង្រ្គោះជាតិ បាន​ចេញ​សេចក្តី​ថ្លែងការរួមដើម្បីគោរពគោលជំហរចំនួន៧ចំណុច ក្នុង​គោលដៅ​រក្សា​វប្បធម៌​​​សន្ទនា និងពង្រឹងលទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេសកម្ពុជា។

ដោយ​ឡែក ក្រៅ​ពី​រំលឹក​អំពី​វប្បធម៌​សន្ទនា លោក កឹម សុខា ក៏​បានប្រាប់​ឲ្យ​សកម្មជន​និងថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​ជាន់​ថ្នាក់ ជឿ​លើ​រូប​លោក និង​លោក សម រង្ស៊ី​។ ជឿ​ថា លោក​ទាំង​ពីរ​មិន​បែក​បាក់​គ្នា​នោះ​ឡើយ​។ បើ​តាម​លោក កឹម សុខា ជំនឿ​របស់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ ចាំ​បាច់​ណាស់​ដើម្បី ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ